ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានហាមមិនឲ្យប្រជាពលរដ្ឋប្រើថ្នាំផ្សះ ឬថ្នាំអង់ទីប៊ីយ៉ូទីក ក្នុងការព្យាបាលជំងឺស្រាលៗ ធម្មតា ដែលអាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។
ថ្លែងនៅក្នុងទិវាសប្ដាហ៍ប្រឆាំងនឹងភាពស៊ាំរបស់ឱសថទៅនឹងមេរោគ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល និងជាប្រធានក្រុមការងា របច្ចេកទេសប្រយុទ្ធប្រឆាំងនឹងភាពស៊ាំនឹងថ្នាំ បានណែនាំដល់ប្រជាពលរដ្ឋមិនត្រូវប្រើឱសថសម្លាប់មេរោគ ឬថ្នាំផ្សះក្នុងករណីអ្នកជំងឺមានអាការៈក្តៅខ្លួន ផ្ដាសាយ ឈឺក្បាល រាក របួសតិចតួច និងលេបបង្ការចំលងរោគឡើយ ព្រោះអាចបណ្ដាលឲ្យប៉ះពាល់ដល់មុខងារថ្លើម និងតម្រងនោមរបស់អ្នកជំងឺជាដើម។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានមានប្រសាសន៍ថា ការប្រើប្រាស់ថ្នាំផ្សះមិនបានត្រឹមត្រូវ ធ្វើឲ្យអ្នកជំងឺមានភាពស៊ាំ ថ្នាំ ដែលបណ្ដាលឲ្យព្យាបាលមិនងាយជា និងអស់ថវិកាច្រើន ព្រមទាំងបង្កឲ្យអ្នកជំងឺបាត់បង់ជីវិតផងដែរ ដោយសារមិនអាចសម្លាប់មេរោគបាន ព្រោះថាបាក់តេរីដែលធ្លាប់ប៉ះជាមួយនឹងថ្នាំផ្សះនៅក្នុងបរិមាណតិចតួច ឬកម្រិតទាប តែងតែវិវត្តន៍ទៅជាបាក់តេរីដែលស៊ាំនឹងថ្នាំហើយភាពស៊ាំបន្តិចម្តងៗ ធ្វើឲ្យបាក់តេរីទាំងនោះខ្លាំងឡើងៗ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានពន្យល់បានឲ្យដឹងថា ភាពស៊ាំថ្នាំនេះ គឺបណ្តាលមកពីអ្នកជំងឺមិនបានប្រើប្រាស់ឱសថសមស្របតាមក្បួនខ្នាតត្រឹមត្រូវ ប្រើមិនគ្រប់ចំនួន និងប្រើមិនគ្រប់ថ្ងៃជាដើមដែលអាចធ្វើឲ្យអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិតបាន។
លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ បានណែនាំដល់អ្នកជំងឺមិនត្រូវប្រើថ្នាំសម្លាប់មេរោគដោយគ្មានវេជ្ជបញ្ជា និងមិនត្រូវផ្សំថ្នាំនៅតាមឱសថស្ថាន ឬកន្លែងលក់ថ្នាំ ដើម្បីព្យាបាលខ្លួនឯងឡើយ។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋគួរជ្រើសយកវិធីព្យាបាលតាមរយៈការហាត់ប្រាណ ការបរិភោគអាហារឲ្យត្រឹមត្រូវ ប្រើថ្នាំបញ្ចុះកម្ដៅ ឬញ៉ាំទឹកឲ្យបានច្រើននិងហូបអាហារបំប៉នក្នុងការព្យាបាលជំងឺស្រាលៗធម្មតា ហើយក្នុងករណីចាំបាច់ ត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីពិនិត្យ និងព្យាបាលជំងឺឲ្យបានទាន់ពេលវេលា។
យោងតាមតួលេខរបស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា មានមនុស្សប្រមាណ៧០ម៉ឺននាក់នៅទូទាំងពិភពលោកបានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែការឆ្លងជំងឺដែលមានមេរោគស៊ាំទៅនឹងថ្នាំផ្សះ។
អង្គការដដែលនេះបានព្យាករណ៍ថា នៅឆ្នាំ២០៥០ខាងមុខនេះ ចំនួនអ្នកស្លាប់ដោយសារបញ្ហានេះនឹងកើនឡើងដល់១០លាននាក់ ក្នុងមួយឆ្នាំ។ ក្នុងនោះការប្រើប្រាស់ថ្នាំផ្សះដោយមិនមានការត្រួតពិនិត្យត្រឹមត្រូវ នឹងរួមចំណែកបង្កឲ្យភាពស៊ាំថ្នាំផ្សះ ហើយនឹងក្លាយទៅជាវិបត្តិសុខភាពសាកល។
គួរបញ្ជាក់ថា សម្រាប់ឆ្នាំនេះ ក្រសួងសុខាភិបាល សហការជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ចាមដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោកបានប្រារព្ធសប្ដាហ៍ប្រឆាំងនឹងភាពស៊ាំរបស់ឱសថទៅនឹងមេរោគ ក្នុងរយៈពេលមួយសប្ដាហ៍នៅខេត្តកំពង់ចាម ដើម្បីផ្សព្វផ្សាយដល់សាធារណជនបានយល់ដឹងពីគ្រោះថ្នាក់ដោយសារការប្រើប្រាស់ថ្នាំផ្សះដោយមិនត្រឹមត្រូវ៕
Source: Kampuchea Thmey Daily
0 Comments