ប្រភពតុលាការនៅទីក្រុងប៉ារីសបាននិយាយថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់បានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់បារាំងម្នាក់ពីបទធ្វើចារកម្មឲ្យប្រទេសកូរ៉េខាងជើង។
លោក Benoit Quennedey ប្រធានសមាគមមិត្តភាពបារាំង-កូរ៉េដែលសរសេរសៀវភៅអំពីប្រទេសឯកោមួយនេះត្រូវបានឃុំឃាំងកាលពីថ្ងៃអាទិត្យ។
ប្រភពតុលាការបាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋអាជ្ញាទីក្រុងប៉ារីសកំពុងស៊ើបអង្កេតគាត់អំពីការប្រមូលនិងការផ្តល់ព័ត៌មានដល់មហាអំណាចបរទេសដែលទំនងជាធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាមូលដ្ឋានរបស់ជាតិ។
ប្រភពដដែលនិយាយថា ក្រុមអ្នកស៊ើបអង្កេតមកពីទីភ្នាក់ងារចារកម្មក្នុងស្រុក DGSI របស់ប្រទេសបារាំងកំពុងពិនិត្យមើលថាតើលោក Quennedey បានផ្តល់ព័ត៌មានទៅកាន់ទីក្រុងព្យុងយ៉ាងដែរឬក៏អត់។
កម្មវិធីទូរទស្សន៍ប្រចាំថ្ងៃ Quotidien បានរាយការណ៍ថា ការិយាល័យព្រឹទ្ធសភារបស់គាត់ត្រូវបានគេវាយឆ្មក់។ ការស៊ើបអង្កេតនេះបានចាប់ផ្តើមនៅក្នុងខែមីនា។
យោងតាមវេបសាយព្រឹទ្ធសភាបានបង្ហាញថា លោក Quennedey គឺជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅក្នុងសភាជាន់ខ្ពស់របស់បារាំងនៃនាយកដ្ឋានស្ថាបត្យកម្ម បេតិកភ័ណ្ឌនិងសួនច្បារ។
ជាញឹកញាប់ គាត់បានសរសេរអត្ថបទអំពីប្រទេសកូរ៉េខាងជើងនិងបានធ្វើដំណើរយ៉ាងទូលំទូលាយនៅទូទាំងឧបទ្វីប។ នេះបើយោងតាមវេបសាយ Delga របស់គាត់។
សមាគមមិត្តភាពបារាំង - កូរ៉េបានជំរុញឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយកូរ៉េខាងជើងនិងគាំទ្រការបង្រួបបង្រួមកូរ៉េទាំងពីរដែលបែកបាក់គ្នា។
នៅក្នុងបទសម្ភាសន៍មួយដែលបានបង្ហោះនៅលើគេហទំព័រ YouTube កាលពីខែសីហា លោក Quennedey បានស្វាគមន៍ចំពោះការបន្ធូរបន្ថយភាពតានតឹងរវាងកូរ៉េទាំងពីរ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានព្រឹទ្ធសភាបានបដិសេធធ្វើអត្ថាធិប្បាយ៕ AFP
Source: Kampuchea Thmey Daily
0 Comments