សៀមរាប ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប បានចុះត្រួតពិនិត្យគុណភាពម្ហូបចំណីអាហារចំនួន១៤មុខ នៅផ្សារសម្ដេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ក្នុងក្រុងសៀមរាប ដើម្បីធានានូវសុវត្ថិភាព និងគុណភាពចំណីអាហារសម្រាប់អ្នកទទួលទាន នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
លោក ព្រៅ ខេមរិន្ទ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាបបានឲ្យដឹងថា ដើម្បីធានាបាននូវសុវត្ថិភាព និងគុណភាពចំណីអាហារសម្រាប់ជូនប្រជាពលរដ្ឋជាអ្នកបរិភោគ កន្លងមកមន្ត្រីជំនាញរបស់លោកតែងតែបានចុះទៅត្រួតពិនិត្យរកសារធាតុគីមី ដែលត្រូវហាមឃាត់ដាក់នៅក្នុងបន្លែសាច់ និងចំណីអាហារផ្សេងៗ និងគ្រឿងកំប៉ុង ឬក៏ដបគ្រប់ប្រភេទនៅតាមបណ្ដាផ្សារនានា នៅទូទាំងខេត្តជាច្រើនលើកច្រើនសារួចមកហើយ។
ជាក់ស្ដែងនៅព្រឹកនេះ មន្ត្រីជំនាញបានចុះត្រួតពិនិត្យគុណភាពម្ហូបចំណីអាហារចំនួន១៤មុខ គឺមាន៖ សណ្ដែកបណ្ដុះ គុយទាវ មីលឿង ស្ពៃជ្រក់ ខ្ញីហាន់ និងគ្រឿងសមុទ្រមួយចំនួនផងដែរ នៅផ្សារសម្ដេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ក្នុងក្រុងសៀមរាប ក្នុងចំណោមម្ហូបចំណីទាំង១៤មុខនោះ គឺមាន០១មុខ បានដាក់សារធាតុគីមីនៅក្នុងមឹកដែលជាប្រភេទអាហារសមុទ្រនាំចូលមកពីប្រទេសថៃ ហើយបន្ទាប់មកមន្ត្រីកាំកុងត្រូលជំនាញបានធ្វើកំណត់ហេតុដកហូតមឹកចំនួន៣.៥០គីឡូក្រាម ដើម្បីយកទៅកំទេចចោល ម្ចាស់អ្នកលក់បានធ្វើកិច្ចសន្យាថា មិនឲ្យមានជាលើកទី០២ទៀតឡើយ។
លោក ព្រៅ ខេមរិន្ទ បានណែនាំឲ្យអាជីវកទាំងអស់ពេលដាក់លក់ផលិតផលផ្សេងៗ ត្រូវពិនិត្យមើលកាលបរិច្ឆេទកំណត់ប្រើប្រាស់ឲ្យបានត្រឹមត្រូវ ជៀសវាងការដាក់លក់ផលិតផលខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។
លោកបានបញ្ជក់ថា ការចុះត្រួតពិនិត្យគុណភាពចំណីអាហារពេលនេះ ក្រុមអាជីវកបានសហការ និងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីជំនាញក្នុងការចុះត្រួតពិនិត្យគុណភាពចំណីអាហារនេះ ដោយពួកគាត់បានស្នើមន្ត្រីជំនាញចុះត្រួតពិនិត្យឲ្យញឹកញាប់ ដើម្បីឲ្យប្រជាពលរដ្ឋដែលទិញចំណីអាហារ ជាពិសេសគ្រឿងកំប៉ុងទាំងអស់ទៅបរិភោគមានសុវត្ថិភាពដល់សុខភាពទូទៅរបស់បងប្អូនប្រជាពលរដ្ឋយើងឲ្យកាន់តែល្អប្រសើរថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments