Ad Code

អាជ្ញាធរ​ខេត្ត​សៀមរាប​​​​ ​ចូលរួម​ពិធី​ទូង​ស្គរ​អបអរសាទរ​ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត



សៀមរាប ​៖​ អាជ្ញាធរ​ខេត្ត​សៀមរាប ​បាន​អញ្ជើញ​ចូលរួម​ពិធី​ទូងស្គរ​នៅ​ម៉ោង​១០​យប់ ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​​ ដើម្បី​អបអរសាទរ​ដល់​ល្ខោនខោល ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ កាលពីពេល​ថ្មី​នេះ។

លោក​បណ្ឌិត ឃឹម ប៊ុន សុង អភិបាលខេត្ត​សៀមរាប​បាន​មានប្រសាសន៍ថា យើង​មាន​មោទនភាព​សប្បាយរីករាយ និង​អបអរសាទរ​ចំពោះ ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត (Lkhon Khol Wat Svay Andet) របស់​កម្ពុជា ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​របស់​អង្គការ​យូណេស្កូ​ផ្លូវការ នា​អំឡុង​នៃ​សម័យប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការ​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​នៅ​មជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេស​ម៉ូ​រី​ស នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​



លោក​ចាត់ទុកថា ការដាក់បញ្ចូល «​ល្ខោនខោល​» ទៅក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​យ​នៃ​មនុស្សជាតិ​នាពេលនេះ នឹងធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​កម្ពុជា កាន់តែ​ល្បី​សុះសាយ​ទូទាំង​ពិភពលោក ហើយក៏​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​តួអង្គ​កាន់តែ​លេចធ្លោ​​ថែមទៀត នៅលើ​វេទិកា​បេតិកភណ្ឌ​ពិភពលោក​ផង​ដែរ។ នេះ​ ជា​មោទនភាព​ថ្មី​មួយទៀត សម្រាប់​ប្រជាពលរដ្ឋ និង​ប្រទេស​កម្ពុជា ដែល​ល្ខោនខោល​ត្រូវបាន​ទទួលស្គាល់​ជា​ស្នាដៃ​សិល្បៈ​បុរាណ​ដ៏​វិសេសវិសាល​អស្ចារ្យ និង​មានតម្លៃ​ជា​សកល​ផងដែរ​។

មកដល់ពេលនេះ បេតិកភណ្ឌ​ខ្មែរ​សរុប​ចំនួន​៩ ដែល​បានដាក់​បញ្ចូល​ទៅក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​នៃ​មនុស្សជាតិ។ សម្បត្តិ​បេតិកភណ្ឌ​ទាំង​៩​រួមមាន​៖
១/ ប្រាសាទអង្គរវត្ត ចុះបញ្ជី​កាលពី​ថ្ងៃទី​១៤​ធ្នូ​ឆ្នាំ​១៩៩២
២/​របាំ​ព្រះរាជ​ទ្រព្យ ចុះបញ្ជី​ថ្ងៃ​ទី​០៧​វិច្ឆិកា​ឆ្នាំ​២០០៣
៣/​ល្ខោន​ស្បែក​ធំ ២៥ វិច្ឆិកា ២០០៥
៤/​ប្រាសាទ​ព្រះវិហារ ០៧ កក្កដា ២០០៨
៥/​គុក​ទួល​ស្លែង ថ្ងៃទី​៣១ កក្កដា ២០០៩
៦/​ល្បែង​ទាញព្រ័ត្រ ០២​ធ្នូ​២០១៥
៧/​ចាប៉ីដងវែង ៣០​វិច្ឆិកា ២០១៦
៨/​ប្រាសាទសំបូរព្រៃគុក ០៨ កក្កដា ២០១៧ និង​ទី​៩ គឺ​ល្ខោនខោល ដែល​ទើប​ទទួលបាន​នេះ​៕​





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu