បាត់ដំបង ៖ គ្រោងឆ្អឹងមនុស្សម្នាក់ ត្រូវបានគេប្រទះឃើញនៅរាយប៉ាយក្នុងវាលស្បូវ ដែលគេសង្ស័យថាជាឆ្អឹងរបស់បុរសទុរគតជនម្នាក់ ដោយប្រជាពលរដ្ឋ បានជួបកាលពីប្រមាណ ៣ ខែ កន្លងទៅ បន្ទាប់ពីនោះក៏បានបាត់ខ្លួនរហូតតែម្តង។
ការភ្ញាក់ផ្អើលនេះ គឺ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៥ និង ៣០ នាទីល្ងាច នៅចំណុចជើងភ្នំដានខ្ទីង ស្ថិតនៅក្នុងភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយសារតែមានពលរដ្ឋម្នាក់ ឈ្មោះ គី គា ភេទប្រុសអាយុ៣៣ឆ្នាំ ដើររកឃ្មុំក៏បានប្រទះឃើញគ្រោងនេះតែម្តង។
យោងតាមការបំភ្លឺរបស់ប្រជាពលរដ្ឋឈ្មោះ គង់ គាម ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិទួលខ្ពស់ បាន បញ្ជាក់ថា កាលពីរយៈពេលប្រហែល ៣ ខែកន្លងទៅ ខ្លួនបានមករោងចាំចំការ នៅចំណុចខាងលើ ពីរនាក់ប្រពន្ធ ស្រាប់តែឃើញមនុស្សប្រុសម្នាក់មិនស្គាល់អត្តសញ្ញាណ អាយុប្រហែល៥០ឆ្នាំ កម្ពស់ប្រហែល ១,៦០ ម៉ែត្រ សក់ ស្លូត សម្បុរស្រអែម គ្មានអាវមានតែខោខ្លី ស្ថិតក្នុង សភាពស្គមស្គាំងឃើញតែឆ្អឹងមកអង្គុយក្រោមដើមអំពិលក្រោយរោងចំការខ្លួន។
បុរសរូបនេះបានបន្តថា នៅពេលនោះខ្លួន និងប្រពន្ធបានហៅគាត់ហូបបាយតែគាត់មិនមាត់ ដាក់បាយអោយហូបក៏គាត់មិនហូបឡើយ ពេលនោះខ្លួននិងប្រពន្ធក៏បានចេញទៅចំការបាត់ទៅ លុះម៉ោងប្រហែល៣ រសៀល ខ្លួនក៏បានមកពីចំការវិញស្រាប់តែបាត់គាត់មិនដឹងជទៅទីណានោះទេ តែបាយនិងទឹកដែលខ្លួនបានដាក់អោយហូប គឺនៅដដែលមិនឃើញគាត់ហូបឡើយ។ ពេលនោះខ្លួននិងប្រពន្ធក៏ជិះម៉ូតូចេញពីចំការទៅផ្ទះវិញ ជាធម្មតា។ លុះពេលឮ ដំណឹងថាមានគេឃើញគ្រោងឆ្អឹងសពនៅខាងលិចរោងចំការខ្លួនប្រហែល២៥០ម៉ែត្រ ទើបចេញមកមើល ឃើញខោខ្លីសព ទើបខ្លួនបានស្គាល់ថាពិតជាជនអនាថាម្នាក់នោះមែន។
ក្រោយពីសមត្ថកិច្ចបានពិនិត្យរួច ទើប បានសន្និដ្ឋាន ថាជនរងគ្រោះអាចដាច់បាយច្រើនថ្ងៃ ក៏កើតជាខ្យល់ គរ ស្លាប់តែម្តង បច្ចុប្បន្នសពត្រូវបានប្រគល់សពទៅអោយ អាចារ្យនៅវត្តគិរីរម្យសន្តិភាពយកទៅបូជា តាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments