បាត់ដំបង ៖ ស្ត្រីម្នាក់ បានរងគ្រោះរហូតបែកក្បាល បន្ទាប់ពីត្រូវប្តីកំណាច វាយធ្វើបាបទាំងកណ្តាលយប់ បញ្ហានេះត្រូវបានគេអះអាងថា បានកើតឡើងពីការប្រចណ្ឌរបស់ស្វាមី ទើបប្រែក្លាយទៅជាអំពើហិង្សាបែបនេះ ប៉ុន្តែពាក់ព័ន្ធនឹងបញ្ហាអ្វីផ្សេងទៀត គេមិនបានបង្ហើបអោយដឹងនោះទេ។
អំពើហិង្សានេះ បានកើតឡើង នៅវេលាម៉ោង ៩ និង ៣០ នាទីយប់ ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០១៨ ស្ថិត នៅភូមិព្រៃត្រឡាច ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលជនល្មើសជាប្តីមានឈ្មោះ លី អាយុ៥២ឆ្នាំ រីឯ ប្រពន្ធ ឈ្មោះ ភួង ធី អាយុ៤៨ឆ្នាំ។
បើតាមការរៀបរាប់ពីកូនៗ ដែលបានដឹកបញ្ជូនម្តាយទៅកាន់មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី បានបញ្ជាក់ថា អំពើហិង្សានេះ គឺផ្តើមចេញពីការប្រចណ្ឌ ដែលបានប្រែក្លាយជាទំនាស់ទាំងកណ្តាលយប់ និងឈានដល់ការវាយតប់តែម្តង ដែលបណ្តាលឲ្យម្តាយបែកក្បាលយ៉ាងដំណំ។
ភ្លាមៗនោះដែរ មុនពេលសមត្ថកិច្ចចុះទៅដល់ ជនបង្កបានរត់គេចខ្លួនបាត់ស្រមោលទៅហើយ ដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងតាមស្រាវជ្រាវរកមុខសញ្ញាដើម្បីបញ្ជូនខ្លួនទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments