ការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ នឹងចាប់ផ្តើមពីថ្ងៃទី១៤ដល់១៦ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ នៅខេត្តកោះកុង។ នេះបើតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុង។
សហព័ន្ធកីឡាទ្រីយ៉ាត្លុង បានជូនដំណឹងដល់ ក្លឹប សមាគម និងសាធារណជន ដែលស្នេហាវិស័យកីឡានេះថា ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពន្លឿនអភិវឌ្ឍន៍កីឡាជាតិ ការប្រកួតកីឡាទ្រីយ៉ាត្លុងជើងថ្នាក់ជាតិឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ដែលមានទីតាំងនៅខេត្តកោះកុង។
សហព័ន្ធនឹងចាប់ទទួលពាក្យចូលរួមប្រកួត ចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្នាក់ការសហព័ន្ធ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រាប់ក្លឹប និងសមាគមត្រូវភ្ជាប់មកជាពាក្យស្នើសុំចូលរួមប្រកួត និងកិច្ចសន្យា ចំនួន ១ច្បាប់, បញ្ជីរាយមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ចំនួន ២ច្បាប់, ប្រវត្តិរូបបិទរូបថតថ្មី ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ចំនួន ២ច្បាប់ ។
សូមបញ្ជាក់ថា វិញ្ញាសាដែលដាក់ឲ្យប្រកួតរួមមាន៖
១៖ វិញ្ញាសា (Spring Triathlon) ហែលទឹក ៧៥០ម៉ែត្រ + ជិះកង់គូក ២០គ.ម + រត់ប្រណាំង ៥ គ.មសម្រាប់បុរស មិនកំណត់អាយុ ។ ២៖ វិញ្ញាសា (Spring Triathlon) ហែលទឹក ៧៥០ម៉ែត្រ + ជិះកង់គូក ២០គ.ម + រត់ប្រណាំង ៥ គ.ម សម្រាប់បុរស-នារី អាយុក្រោម ១៨ឆ្នាំ (U18) ។៣៖ វិញ្ញាសា (Duathlon) រត់ប្រណាំង ៥ គ.ម + ជិះកង់ដសត្រង់ ១០គ.ម + រត់ប្រណាំង ២.៥ គ.ម សម្រាប់បុរស-នារី មិនកំណត់អាយុ និង៤៖ វិញ្ញាសា (Aquathlon) ហែលទឹក ៣៥០ ម៉ែត្រ + រត់ប្រណាំង ២.៥ គ.ម សម្រាប់បុរស-នារី អាយុក្រោម១៥ឆ្នាំ ៕
Source: Kampuchea Thmey Daily
0 Comments