ព្រះសីហនុ ៖ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមក្នុងសិក្ខាសាលាស្តីពី"អាជីវកម្មឧបករណ៍និស្សន្ទនៅកម្ពុជា" ដែលបានធ្វើឡើងនៅតាមបណ្ដាខេត្តចំនួន ៥ ប្រចាំឆ្នាំ២០១៨ របស់គណៈកម្មការមូលបត្រកម្ពុជា នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ដែលខេត្តនេះ គឺជាគោលដៅទីមួយក្នុងចំណោមខេត្តទាំងប្រាំ ដោយខេត្តបួនផ្សេងទៀត រួមមានខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
សិក្ខាសាលាតាមបណ្ដាខេត្តនេះ ផ្តោតសំខាន់លើការផ្សព្វផ្សាយនិងពង្រីកការយល់ដឹងអំពីការវិនិយោគលើឧបករណ៍និស្សន្ទនៅទូទាំងប្រទេសកម្ពុជា ការកសាងទំនុកចិត្តរបស់វិនិយោគិន និងការរៀបចំឲ្យវិនិយោគិនមានភាពរួចរាល់សម្រាប់ការវិនិយោគនេះ។
លោក សៀង ធីរិទ្ធ អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានប្រកាសបើកកម្មវិធីសិក្ខាសាលាតាមបណ្ដាខេត្តជាផ្លូវការជាមួយគ្នានោះលោក ក៏បានលើកឡើងពីបេសកកម្មរបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការលើកកម្ពស់ការជួញដូរឧបករណ៍និស្សន្ទ និងលើកទឹកចិត្តដល់សិក្ខាកាមឲ្យស្វែងរកចំណេះដឹងអំពីទីផ្សារឧបករណ៍និស្សន្ទ ក៏ដូចជាពិចារណាធ្វើការជួញដូរលើឧបករណ៍និស្សន្ទនេះ។
លោក យន់ សុវណ្ណារ៉ា អនុប្រធានការិយាល័យគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទ បានបង្ហាញពីទិដ្ឋភាពទូទៅនៃទីផ្សារឧបករណ៍និស្សន្ទ ការរីកចម្រើននៃការជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជា និងក្របខ័ណ្ឌបទប្បញ្ញាតិ ដែលត្រូវបានប្រើប្រាស់ ដើម្បីធានាយន្តការនៃការជួញដូរ និងការការពារវិនិយោគិនតម្លាភាពឲ្យប្រកបដោយតម្លាភាព។
ក្នុងនាមជាវាគ្មិនកិត្តិយស លោក ចេង តារាវុធ ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានសម្តែងភាពសប្បាយរីករាយក្នុងការចូលរួមក្នុងសិក្ខាតាមបណ្ដាខេត្ត ប្រចាំឆ្នាំ២០១៨ ជាមួយគណៈកម្មការមូលបត្រកម្ពុជា ហើយបានលើកឡើងថា ការលើកកម្ពស់ការយល់ដឹង និងការចែករំលែកចំណេះដឹងនៃការជួញដូរឧបករណ៍ហិរញ្ញវត្ថុឲ្យទូលំទូលាយ គឺជាកាតព្វកិច្ចមួយរបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល លោក បានបន្តលើកឡើងពីសារៈសំខាន់នៃការវាយតម្លៃខ្លួនឯង និងការអនុវត្តយុទ្ធសាស្ត្រសមស្របសម្រាប់វិនិយោគិននីមួយៗ ក៏ដូចជារបៀបទាញយកផលវិជ្ជមានពីការវិនិយោគផងដែរ៕
Source: Kampuchea Thmey Daily
0 Comments