Ad Code

ឃាត់​ខ្លួន​ជន​សង្ស័យ​០១​នាក់​ និង​ម្នាក់ទៀត ​ឃាត់​តាម​ចម្លើយ​សារភាព​ជាមួយ​ថ្នាំញៀន​សរុប​១៥​កូន​ថង់



បាត់ដំបង​ ៖​ ជនសង្ស័យ​ចំនួន​០២​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ ​នៃ​ស្នងការ​ខេត្ត​បាត់ដំបង​​​រៀបចំ​សំណុំរឿង​ និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ​ កាលពី​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា​ម្សិលមិញ​នេះ​។

តាម​របាយការណ៍​ពី​ សមត្ថកិច្ច នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៨ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​នៅ​វេលា​ម៉ោង​២២​និង​០០​នាទី​ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ បាន​ធ្វើការ​សហការ​ជាមួយ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ នៃ​អធិការ​នគរបាល​ស្រុក​ឯក​ភ្នំ​ ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សាទុក ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ​​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​រួម​នឹង​វត្ថុតាង​មួយ​ចំនួន​ក្នុង​បទល្មើស​ជាក់ស្ដែង​។

​របាយការណ៍​ដដែល​បន្ត​ថា ​ជនសង្ស័យ​មានឈ្មោះ​ ចាន់​ ប៊ុនធឿន​ ហៅ​លីន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក​១ ​សង្កាត់​រតនៈ ក្រុង​/​ខេត្ត​បាត់ដំបង​ ​​ឃាត់ខ្លួន​នៅ​ថ្ងៃខែ ​និង​ពេលវេលា​ខាងលើ ​ស្ថិត​ត្រង់​ចំណុច​ភូមិ​ព្រែក​ក្រូច​ ឃុំ​ព្រែក​នរិន្ទ​ ស្រុក​ឯក​ភ្នំ​ ខេត្ត​បាត់ដំបង​។​

ក្រោយ​ឃាត់ខ្លួន ​សមត្ថកិច្ច​ បាន​ដកហូត​វត្ថុតាង​ដូចជា​ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​០៦​កូន​ថង់​ទម្ងន់​០,៩៨​ក្រាម ​ទាំង​សំបក​ថង់​,​ទូរស័ព្ទ​ដៃ​ចាស់​០១​គ្រឿង រួម​នឹង​សំបក​កូន​ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត។

របាយការណ៍​បាន​បញ្ជាក់​ថា ​ឆ្លងតាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ខាងលើ​ ដោយ​មាន​ការ​សម្របសម្រួល​ផ្នែក​នីតិវិធី​ពី​មន្ត្រី​តុលាការ​ផង ទើប​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ទៀត​ ដែល​ជា​ក្រុម​បក្ខពួក​ កាលពី​ថ្ងៃ​ទី​២៩​វិច្ឆិកា​ នៅ​វេលា​ម៉ោង​១៤​និង​០០​នាទី​ ឃាត់ខ្លួន​បាន​ត្រង់​ចំណុច​ភូមិ​តា​ព្រូ​ច​ សង្កាត់​ក្តុល​ដូនទាវ​ ស្រុក​ឯក​ភ្នំ​។​

ជនសង្ស័យ​មានឈ្មោះ​ លឿម​ សុ​ណា​រិ​ទ្ធ ​ហៅ​បឹម ​ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ត្រង់​ចំណុច​ឃាត់ខ្លួន​ខាងលើ ​និង​ជា​អ្នកលក់​ថ្នាំញៀន​ ឲ្យ​ទៅ​ជនសង្ស័យ​ឈ្មោះ ​ចាន់​ ប៊ុនធឿន​ ហៅ​ លីន​។​

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ សមត្ថកិច្ច​ បាន​ឆែកឆេរ​រក​ឃើញ​ និង​ធ្វើ​ការ​ដកហូត​ជា​វត្ថុតាង​រួមមាន​​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​០៩​កូន​ ថង់​ទម្ងន់​៣,៨៥​ក្រាម​ ទាំង​សំបក​ថង់​ រួម​នឹង​ទូរស័ព្ទ​ដៃ​ចាស់​០១​គ្រឿង​ផង​។

​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​សរុប​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ដូចគ្នា​មាន​ចំនួន​១៥​កូន​ថង់ ​មាន​ទម្ងន់​៤,៨៣​ក្រាម​ទាំង​សំបក​។​ បច្ចុប្បន្ន​ ជនសង្ស័យ​ទាំងពីរ​នាក់ ​រួម​នឹង​វត្ថុតាង​កំពុង​ស្ថិត​ក្នុងការ​សាកសួរ​របស់​តុលាការ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu