ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ និងជនរងគ្រោះ ឡោមព័ទ្ធចាប់ខណៈឃើញបើករថយន្តព្រូសមួយគ្រឿង ដែលស្លាកលេខខ្លួនបាត់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០១និង០០នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចហ្គារាសសាំង PTT ផ្លូវ៥៩៨កែង និងផ្លូវ១៨០០ ក្រុមទី៥ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើតាមសម្ដី ជនរងគ្រោះ ឈ្មោះ ជា ម៉ារ៉ាឌី ភេទស្រី អាយុ២៤ឆ្នាំ ដែលជាម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថា កាលពីអំឡុង ពាក់កណ្ដាលឆ្នាំ២០១៨ រូបគាត់ បានទិញរថយន្ត មួយគ្រឿង ម៉ាកព្រួស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-3800 ពីបុរសម្នាក់ តែមិនបានកាត់ឈ្មោះនោះទេ លុះដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០នាទីព្រឹក បានបាត់ស្លាកលេខរថយន្តរបស់ខ្លួន ខណៈដែលចតទុកនៅមុខផ្ទះ ម្ដុំទួលស្វាយព្រៃ២ ខណ្ឌចំការមន ពេលនោះខ្លួនបានទូរស័ព្ទម្ចាស់ដើមថា រថយន្តដែលគាត់ទិញមកនោះបានបាត់ស្លាកលេខហើយ។
លុះដល់ វេលាម៉ោង០១និង០០នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈដែលម្ចាស់ដើមកំពុងតែអង្គុយហូបបាយ នៅក្នុងហាងមួយកន្លែង ក៏បានប្រទះឃើញ រថយន្តToYoTa ព្រូសស៊េរី២០១០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AI-3800 ដូចស្លាកលេខរថយន្តដែលខ្លួនបានលក់ឲ្យគេ បើកបរតាមបណ្ដោយផ្លូវ២៧៣ ទិសដៅពីជើងទៅត្បូង ខ្លួនក៏បានជិះម៉ូតូដេញតាម និងបានទាក់ទងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ លុះដេញមកដល់ចំណុចហ្គារាសសាំងPTT ផ្លូវ៥៩៨កែង និងផ្លូវ១៨០០ ក្រុមទី៥ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌនិងប៉ុស្តិ៍ទួលសង្កែ២ ព័ទ្ធចាប់បានជនសង្ស័យម្នាក់ ឈ្មោះ រ៉ន វាសនា ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិកែវឡាប ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង មានស្រុកកំណើត ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង មុខរបរ កម្មកររោងចក្រ ដែលជាម្ចាស់រថយន្តToYoTa ព្រូស ស៊េរី២០១០ យកទៅធ្វើការសាកសួរ នៅអធិការនគរបាលខណ្ឌឫស្សីកែវ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments