Ad Code

ព្រះចៅ​អធិការ​វត្ត​ទេព​ឧណ្ណា​រាម​ បំប៉ោង​ករណី​ថា​ មាន​ចោរ​គាស់​ទ្វារ​កុដិ​លួច​យក​លុយ​អស់​បច្ច័យ​​ប្រមាណ​២០​លាន​រៀន



កំពង់ស្ពឺ ៖ សំណុំរឿង​ដ៏​ក្ដៅ​គគុក​ថា ​មាន​ករណី​ក្រុម​ចោរ​គាស់​ទ្វារ​កុដិ​ព្រះសង្ឃ ​ក្នុង​វត្ត​ទេព​ឧណ្ណា​រាម លួច​យកលុយ​អស់​រាប់សិប​លាន​រៀល​នោះ កម្លាំង​នគរបាល​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​កំពង់ស្ពឺ បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ ឈានដល់​បំបែកសំណុំរឿង​រក​ឃើញ​ការពិតហើយ គឺ​ព្រះគ្រូ​ចៅអធិការ​វត្ត​ ប្រើល្បិច​ដើម្បី​ក្លែង​ព័ត៌មាន​ថា​ មាន​ចោរ​ចូល​លួច​លុយ និង​យក​វត្ថុ​មានតម្លៃ​តែប៉ុណ្ណោះ។​

មន្ត្រី​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​ថា កាលពី​ថ្ងៃទី​២៩ ​វិច្ឆិកា កន្លងទៅ វេលា​ម៉ោង​ប្រមាណ​ជា​១៤​រសៀល មាន​ព្រះសង្ឃ​មួយ​អង្គ​ ព្រះនាម ម៉ន អឿន ជា​ព្រះចៅ​អធិការ​វត្ត​ទេព​ឧណ្ណា​រាម ស្ថិត​ក្នុង​ភូមិ​សំពៅ​ង ឃុំ​ព្នាយ ស្រុក​សំរោង​ទង បាន​មក​ប្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ថា ​មាន​ចោរ​ចូល​គាស់​ទ្វារ​កុដិ​លួច​យក​សម្ភារៈ​មាន​តម្លៃ និង​ប្រាក់​រាប់​សិប​លាន​រៀល​(​ប្រាក់​កឋិនទាន)។

ប្រភព​បន្តទៀតថា ក្រោយពី​ទទួល​ពាក្យបណ្ដឹង​ មន្ត្រី​បាន​ជំនាញ​ធ្វើការ​ស្រាវជ្រាវ ​រហូត​បំបែក​សំណុំរឿង​នេះ​ បាន​ ដោយ​កំណត់​បាន​មុខសញ្ញា​ប្រព្រឹត្ត​បទ​ល្មើស​ តាម​លក្ខណៈ​បច្ចេកទេស​វិទ្យា​សាស្ត្រ និង​មាន​តម្រុយ​ភិនភាគ​ស្លាកស្នាម​មួយ​ចំនួន​ ដែល​អាច​ធ្វើ​ការ​កត់​សំគាល់​អំពី​អត្តសញ្ញាណ​ជនសង្ស័យ​។

បន្ទាប់ពី​ស៊ើបអង្កេត​យ៉ាង​យក​ចិត្ត​ទុក​ដាក់ គឺ​ជំនាញ​កំណត់​បាន​មុខសញ្ញា​ក្នុង​ករណីនេះ គឺជា​ដើម​បណ្ដឹង​ ឈ្មោះ ម៉ន អឿន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ព្រះចៅ​អធិការ​វត្ត​ទេព​ឧណ្ណា​រាម​តែម្ដង​។​

នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា តាមពិត​ករណី​នេះ ព្រះចៅ​អធិការ​វត្ត​ព្រះនាម ម៉ន អឿន បាន​ប្រឌិត​ព័ត៌មាន​បំប៉ោង​សភាពការណ៍ ​ដោយ​រៀបចំ​ភស្តុតាង​ស្លាកស្នាម ​ក្លែងបន្លំ​សមត្ថកិច្ច ដើម្បី​យក​ប្រាក់​ជាង​១៦​លាន​រៀល និង​ប្រាក់​ដុល្លារ​៩០០​ដុល្លារ។

នគរបាល​បាន​បញ្ជាក់​ថា ចៅអធិការ​វត្ត​ បាន​ប្រើ​ល្បិច​គប់​បំបែក​កញ្ចក់​ទ្វារ​ឲ្យ​បែក និង​គាស់​ទ្វារ​ដែក​ធ្វើ​ដូច​ចោរ​គាស់​មែនទែន​អញ្ចឹង​ ការពិត​ប្រព្រឹត្ត​ខ្លួនឯង​ ដើម្បី​យក​បច្ច័យ​កឋិន​សោះ​។​

នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ក្រោម​បញ្ជា​របស់​ លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ ​រហូត​ធ្វើ​ឲ្យ​ជនសង្ស័យ​ខាងលើ​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត ​និង​បាន​រៀបចំ​ផែនការ​នេះ​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​(​ផ្ទាល់​ព្រះអង្គ​)​។

លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​ស្រុក​សំរោង​ទង បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​អតីត​សង្ឃ​អង្គ​នេះ ​រៀបចំ​ផែនការ​លួច​យក​ប្រាក់​របស់​វត្ត គឺ​ដោយសារតែ​មាន​បញ្ហា​ផ្ទាល់ខ្លួន​ ជំពាក់​លុយ​គេ ​ដោះស្រាយ​មិន​ចេញ​ បែកគំនិត​រៀបចំ​ផែនការ​ថា​ចោរលួច​បែបនេះ​។

បច្ចុប្បន្ន​ មុខសញ្ញា​ខាងលើ​ ជំនាញ​បាន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ចាត់ការ​តាម​នីតិវិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu