បាត់ដំបង ៖ ចោរថ្លើមធំ ហ៊ានធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិពីនារីវ័យក្មេងម្នាក់ នៅក្បែរមាត់ទ្វាររបងផ្ទះរបស់លោកអភិបាលខេត្តតែម្ដង ដោយគ្មានខ្លាចរអាអ្វីបន្តិចទាល់តែសោះ ខណៈដែលនារីរូបនោះធ្វើដំណើរមករកភរិយាលោកអភិបាលខេត្ត ដើម្បីរួមដំណើរទៅលេងប្រទេសថៃ។
ការធ្វើសកម្មភាពរបស់លោកចោរដ៏ថ្លើមពាសមេឃនេះ បានកើតឡើងនៅវេលាម៉ោង៥និង១០នាទី ទៀបភ្លឺ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចមុខទ្វាររបងផ្ទះចៅហ្វាយខេត្ត ដែលមានទីតាំងស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នារីរងគ្រោះ ឈ្មោះ អ៊ុករះ សុភានាថ អាយុ២៤ឆ្នាំ មានមុខងារជាមន្ត្រីសាលាក្រុង រស់នៅភូមិកាប់គោថ្មី សង្កាត់អូរចារ។
តាមប្រភពមួយបានបញ្ជាក់ថា នៅពេលទៀបភ្លឺ គឺនារីរងគ្រោះបានធ្វើដំណើរមករកភរិយារបស់លោកអភិបាលខេត្ត ងួន រតនៈ ក្នុងគោលបំណងរួមដំណើរជាមួយទៅលេងឯប្រទេសថៃ។
ប្រភពដដែលបានបន្តថា លុះពេលចុះពីម៉ូតូ ហើយដើរតម្រង់ទៅរកទ្វាររបង ដើម្បីហៅអ្នកយាមទ្វារឲ្យបើកទ្វារ ក៏ស្រាប់តែមានជនមិនស្គាល់មុខម្នាក់ បានជិះម៉ូតូមកឈប់ក្បែរ ហើយបានយកកណ្ដៀវទៅភ្ជង់លើបំពង់ ក ដើម្បីទាមទាយកកាបូបស្ពាយដែលនារីវ័យក្មេងស្ពាយនៅលើស្មា រួចក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ក្នុងនោះដែរ សម្ភារៈដែលបាត់បង់រួមមាន ទូរស័ព្ទដៃ១គ្រឿង កាបូបស្បែក១ អត្តសញ្ញាណប័ណ្ណ១ សន្លឹក លិខិតឆ្លងដែន១ក្បាល ប្រាក់ដុល្លារ ៥០ដុល្លារ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះសិក្សាទៅលើកាមេរ៉ាសុវត្ថិភាព ព្រមទាំងបាន ស្រាវជ្រាវ និងកំណត់មុខសញ្ញាបាន។
លុះដល់ម៉ោង២រសៀលថ្ងៃដដែល កម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ុំ រតនៈ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង រួមនឹងវត្ថុតាងមួយចំនួនផងដែរ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងហើយ៕
Source: Kampuchea Thmey Daily
0 Comments