Ad Code

បាត់​សិលាចារឹក​ដ៏​មានតម្លៃ​របស់​ខ្មែរ​មួយ​ផ្ទាំង ដែល​ចារឹក​ថា «​សុវណ្ណ​ភូមិ​» មុន​សម័យអង្គរ រកឃើញ​ក្នុងស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​



កំពង់ស្ពឺ ៖ សិលាចារឹក​ដ៏​មានតម្លៃ​របស់​ខ្មែរ​មួយ​ផ្ទាំង ក្នុងចំណោម​៣៦​ផ្ទាំង ដែល​សរសេរ​ចារឹក​ថា «​សុវណ្ណ​ភូមិ​» មុន​សម័យ​អង្គរ (​សតវត្ស​ទី​៧) ដែល​រក​ឃើញ​ក្នុងស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ រួច​ទុក​នៅ​វត្ត​គិរី​ស្តេច​គង់ បាន​បាត់​ខណៈដែល​សមត្ថកិច្ច ព្យាយាម​យក​សិលាចារឹក​នោះ ទៅ​រក្សាទុក​នៅ​សារមន្ទីរ​ជា​លើក​ទី​៣ តែ​ព្រះចៅអធិការ​វត្ត​គិរី​ស្តេច​គង់ មិន​ព្រម​តាម​។

លោក ហម គឹម​សុន អគ្គនាយករង​បេតិកភណ្ឌ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ បាន​ឲ្យ​ដឹងថា សិលាចារឹក​មួយ​ផ្ទាំង ដែល​រក​ឃើញ​ក្នុង​វត្ត​គិរី​ស្តេច​គង់ ដោយ​ចារឹក​អក្សរ​មួយ​ឃ្លា​ថា «​សុវណ្ណ​ភូមិ​» ដែល​មាន​តម្លៃ​ដ៏​មហាសាល និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ដ៏​មានតម្លៃ សម្រាប់​ការស្រាវជ្រាវ​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ជាតិ​ទាំងមូល បាន​បាត់​ដោយ​មិនដឹង​មូលហេតុ​។

លោក​អគ្គនាយករង​បាន​បន្ត​ថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​ក្រុមការងារ​បាន​ចុះមក​ដកហូត យក​ផ្ទាំងសិលា​ដ៏​កម្រ​នេះ ប៉ុន្តែ​ព្រះ​ចៅ​អធិការ​វត្ត​គិរី​ស្តេច​គង់ បាន​កែន​បងប្អូន​ប្រជាពលរដ្ឋ មករា​រាំង​មិន​ឲ្យ​ក្រុមការងារ នាំ​យក​វត្ថុ​មានតម្លៃ​នេះ ទៅ​រក្សាទុក​ក្នុង​សារមន្ទីរ​ជាតិ​បានឡើយ តែ​នៅ​ថ្ងៃ​នេះ កម្លាំង​ចម្រុះ​បាន​ឆែកឆេរ​រក​វត្ថុ​មានតម្លៃ​របស់​ជាតិខ្មែរ​នេះ​មិនឃើញ ដោយ​ត្រូវ​ព្រះចៅអធិការ​រំដោះ​ចេញ ពី​កន្លែង​រក្សាទុក​ទៅ​បាត់ ហើយ​ព្រះចៅអធិការ​អង្គ​នោះ បាន​រត់គេច​ព្រះកាយ ដោយ​មិន​ព្រម​ប្រគល់​ផ្ទាំងសិលា​នោះ មក​សមត្ថកិច្ច​ដាច់ខាត​។

​បើ​គេ​សម្លឹង​ទៅ​មើល​លោកយាយ លោកតា ដែល​រស់នៅ​ក្បែរៗ​វត្ត បាន​មក​តវ៉ា​ជាមួយ​សមត្ថកិច្ច ហាក់បីដូចជា​មានការ​ចាត់តាំង ច្បាស់លាស់ ពី​ព្រះចៅអធិការ​វត្ត ដោយ​បាន​ទូងស្គរ ប្រកូក​ប្រកាស​ដើម្បី​តវ៉ា មិន​ព្រម​ប្រគល់​វត្ថុ​មានតម្លៃ ដាក់​ក្នុង​សារមន្ទីរ​ជាតិ​។



លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្តកំពង់ស្ពឺ បាន​មាន​ពន្យល់​ដល់​ប្រជាពលរដ្ឋ ដែល​មក​តវ៉ា​នោះ​ថា សិលាចារឹក​ដ៏​មានតម្លៃ សម្រាប់​ជាតិ​មួយ​ផ្ទាំង​នេះ ចាំបាច់​ត្រូវការ​ថែរក្សា​ពី​មន្ត្រី​ជំនាញ​បេតិកភណ្ឌ និង​មាន​កន្លែង​ទុកដាក់​ថែទាំ​ត្រឹមត្រូវ ពី​សារមន្ទីរ​ជាតិ មិនអាច​អាច​ធ្វេសប្រហែស​បាន​នោះ​។ លោក​ថា នេះ​ជា​សម្បត្តិ​វប្ប​ធ​ម៌​ជាតិ​ដ៏​កម្រ និង​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បានឡើយ​។

លោក​អភិបាលរង​បន្ត​ដោយ​សង្កត់​ធ្ងន់​ថា បើ​ផ្ទាំងសិលា​ដ៏​មានតម្លៃ​នេះ ពិតជា​បាន​បាត់ អ្នកទទួលខុសត្រូវ​នឹង​ទទួលទោស តាមច្បាប់​កំណត់ ពីព្រោះ​វត្ថុ​ដ៏​មាន​សម្រាប់​មនុស្សជាតិ ត្រូវការ​ចាំបាច់​ថែរក្សា​កូន​ខ្មែរ ជំនាន់​ក្រោយ​បាន​ស្វែងយល់។

ចេតនា​ទាំងមូល​របស់​ក្រុមការងារ ការពារ​បេតិកភណ្ឌ គឺ​ត្រូវតែ​យក​មក​ថែរក្សា និង​សិក្សា​ពី​សិលាចារឹក​ដ៏​មានតម្លៃ​នេះ មក​តាំង​ក្នុង​សារមន្ទីរ​ជាតិ ឲ្យ​បាន​គង់វង្ស មិន​ប្រកាន់​ថា ជា​របស់​នរណា​ម្នាក់​ឡើយ គឺជា​សម្បត្តិ​វប្បធម៌​តែមួយ​របស់​ខ្មែរ តែ​ត្រូវ​បរាជ័យ​ជា​លើក​ទី​៣ ដោយ​ទង្វើ និង​ចេតនា​រំដោះ ពី​សំណាក់​ព្រះចៅអធិការ​វត្ត​ខាងលើ ហើយ​ចុងក្រោយ​បាន​បាត់​ចេញ ពី​កន្លែង​ថែរក្សា​ទុក​ថែមទៀត​។

​សូម​ជំរាប​ថា ការចុះ​យក​សិលាចារឹក​ទៅ​រក្សាទុក​ក្នុង​សារមន្ទីរ​នេះ បានធ្វើ​ឡើង​ដោយ​មានការ​សម្អាង​ត្រឹមត្រូវ រួមមាន​ ១៖ យោង​តាម​លិខិត ប្រគេន​ជូន​របស់​សម្តេចព្រះ​សង្ឃ​នាយក ន​ន់ ង៉ែត បាន​ចម្រើនពរ​ជូន​ចំពោះ ព្រះ​ចៅអធិការ​វត្ត​គិរី​ស្តេច​គង់ ក្នុង​ឃុំ​ស្វាយចចឹប ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បី​ស្នើសុំ​យក​សិលាចារឹក​ចំនួន​០១​ផ្ទាំង មក​ថែ​ក្សា​ទុក​ក្នុង​សារមន្ទីរ​ជាតិ​ភ្នំពេញ ទុកជា​បេតិកភណ្ឌ​ជាតិ​។

២៖ យោង​លើ​សង្ឃ​ដីកា​លេខ​២២៥ ស​.​ន​.​ក​.​ជ ចុះ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៨ ទើប​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​លោក ហម គឹម​សុន​, លោក សរ សុ​ពុ​ត្រា និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លី ឡាយ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ រួម​ទាំង​កម្លាំង​ចម្រុះ​ទាំង​៣​ប្រភេទ ជាច្រើន​នាក់​ចុះ​ប្រតិបត្តិការ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu