ភ្នំពេញ ៖ រថយន្តកាមរីបាឡែនមួយគ្រឿង បាននបើកបរ ជ្រុលទៅបុកទម្លុះទ្វារផ្ទះលក់កាហ្វេមួយកន្លែង បណ្ដាលឲ្យរងការខូចខាត បាក់អស់ទ្វារ២ផ្ទាំង ខណៈដែលម្ចាស់របស់វាសង្ស័យស្រវឹងធ្លាក់ភ្នែកមើលផ្លូវលែងឃើញនោះ។ ប៉ុន្តែហេតុការណ៍នេះ មិនមានអ្នករបួសនោះទេ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ នៅហាងកាហ្វេយីហោ ធីវ៉ាយ "TY Cafe" ផ្ទះលេខ១៦៧ ស្ថិតតាមបណ្ដោយផ្លូវ១៣៨ ស្ថិតក្នុងសង្កាត់ទឹកល្អទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ទំនងជាស្រវឹងស្រា បើករថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2Z-១៣៧៦ ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុកទម្លុះទ្វារផ្ទះហាងកាហ្វេខាងលើ បណ្ដាលឲ្យបាក់២ផ្ទាំង ចំណែកម្ចាស់រថយន្ត មិនព្រមនៅដោះស្រាយជាមួយម្ចាស់ផ្ទះទេ បានបើកទ្វាររថយន្តចេញមក រត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចចុះមកកន្លែងកើតហេតុផងដែរ ក្រោយមកក៏មានតំណាងចេញមុខមកដោះស្រាយជាមួយម្ចាស់ផ្ទះ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ ដោយឲ្យភាគីខាងម្ចាស់ផ្ទះ ធ្វើការដោះស្រាយជាមួយតំណាងខាងរថយន្តបង្កមួយជំហានសិន ដោយរង់ចាំប្រហែលកន្លះម៉ោង ភាគីខាងតំណាងរថយន្តបង្កព្រមសងសំណងចំនួន៥០០ដុល្លារ ដើម្បីបញ្ចប់រឿង និងហៅរថយន្តមកស្ទូចយករថយន្តខាងលើចេញពីកន្លែងកើតហេតុផងដែរ៕
Source: Kampuchea Thmey Daily
0 Comments