តាកែវ ៖ ជនរងគ្រោះម្នាក់ បានស្លាប់បាត់ជីវិតភ្លាមមួយរំពេច ខណៈបើកបរម៉ូតូវ៉ាជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងមកពីទិសផ្ទុយគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៨និង៣០ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៣-៣៤ ស្ថិតនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
តាមការឲ្យដឹងពីប៉ូលិសស្រុកបាទីប្រាប់ថា ជនរងគ្រោះមានឈ្មោះ អន ផែន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងឬស្សី ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ ប៉ូលិសបន្តថា ជនរងគ្រោះបើកបរម៉ូតូម៉ាកស៊ុយស៊ូគីនិក ពណ៌ខ្មៅ គ្មានស្លាក់លេខ បើកមកពីទិសខាងជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តហ្វតមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2.AT 5521 បើកបរមកពីត្បូងទៅជើងដោយឈ្មោះ សួន ទន់ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បានរត់គេចខ្លួនបាត់ក្រោយកើតហេតុ។
បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះវាស់វែងធ្វើកំណត់ហេតុ និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងទាំង២គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទីដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments