រតនគិរី ៖ លោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរីមានប្រតិកម្មខ្លាំងៗទៅនឹងអតីតក្រុមហ៊ុនប្រមូលសំរាមគឹមជ្រា របស់លោកជា គួងដែលបានយកសំរាមទៅចាក់ចោលពាសវាលពាសកាលនិងកន្លែងសត្តឃាតគ្មានអនាម័យ បង្កផលប៉ះពាល់ដល់សុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ។
ការប្រតិកម្មនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ខណៈលោកនិងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន បានអញ្ជើញទៅពិនិត្យជាក់ស្ដែងកន្លែង ដែលលោកជាគួងបំពុលបរិស្ថាន (កន្លែងគំនរសំរាម) ស្ថិតនៅភូមិ៣(តាផ្លើន) សង្កាត់កាចាញ និងសត្តឃាតដ្ឋាន នៅភូមិជ្រី សង្កាត់យក្ខឡោមក្រុងបានលុង។
លោកបានសង្កត់ធ្ងន់ថា ខ្ញុំមិនបណ្ដែតបណ្ដោយឲ្យប្រជាពលរដ្ឋខ្ញុំរងទុក្ខលំបាកវេទនាទ្រាំរស់ក្នុងបរិយាកាសក្លិនស្អុយអសោចពីគំនរសំរាម និងក្លិនស្អុយអសោចពីកន្លែងសត្តឃាតគ្មានអនាម័យបែបនេះនោះឡើយ ប្រាក់ខែតំណាងរាស្ត្របានមកពីរាស្ត្រដូចនេះខ្ញុំនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្ញុំ។
ក្នុងនាមខ្ញុំតំណាងរាស្ត្រមណ្ឌលរតនគិរីជាពិសេសតំណាងឲ្យប្រជាពលរដ្ឋទាំងបីភូមិខាងលើបានសំណូមពរដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាត់វិធានការចំពោះបុគ្គលជា គួងឲ្យប្រមូលសំរាមចេញឲ្យអស់ពីមូលដ្ឋានរបស់ប្រជាពលរដ្ឋខាងលើបើទោះបីជា បុគ្គលជាគួងអស់សិទ្ធិក្នុងការប្រមូលសំរាមក៏ដោយក៏មិនឲ្យបុគ្គលរូបនេះរួចខ្លួនពីការទទួលខុសត្រូវការបំពុលបរិស្ថាននេះដែរ និងសូមឲ្យបុគ្គលជាគង់អនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន។
ពីព្រោះគ្មាននរណាហ៊ានប៉ះពាល់បុគ្គលជាគួងនោះទេ ដោយបុគ្គលរូបនេះអាងខ្នងអ្នកធំម្នាក់នៅឯភ្នំពេញសូមមិនបញ្ចេញចាំការពារជារៀងរហូតមក។ ដូច្នេះមានតែសម្ដេចតេជោទេដែលមានវិធានការចំពោះលោកជា គួង នេះបាន។
សូមបញ្ជាក់ថា អតីតក្រុមហ៊ុនប្រមូលសំរាមគឹមជ្រារបស់លោកជាគួងបានបង្កការក្តៅក្រហាយយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងក្រុងបានលុង ដោយធ្វើការប្រមូលសំរាមមិនទៀងទាត់ចង់ប្រមូលក៏ប្រមូលទៅបើមិនចង់ប្រមូលទុកឲ្យសំរាមគរដូចភ្នំនៅក្នុងផ្សារក្រុងបានលុងនិងតាមផ្ទះរបស់ប្រជាពលរដ្ឋជាពិសេសបានយកសំរាមទៅចាក់ចោលពាសវាលពាសកាលនៅតាមដីចំការរបស់ប្រជាពលរដ្ឋនិងបានលួចបន្លំកែតម្លៃសៀវភៅបន្ទុកថែមទៀតផង រហូតធ្វើឲ្យខេត្តសម្រេចចិត្តចេញដោយការបញ្ឈប់ក្រុមហ៊ុនប្រមូលសំរាមនេះនៅថ្ងៃទី១ខែតុលាឆ្នាំ២០១៨កន្លងមកនេះ។
ដោយឡែកកន្លែងសត្តឃាតរបស់បុគ្គលជាគួងនេះ ក៏បានបង្កផលប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរផងដែរ ដោយបុគ្គលជាគួងនេះ មិនគោរពតាមបទដ្ឋានបច្ចេកទេសបរិស្ថានបណ្ដែតបណ្ដោយឲ្យទឹកស្អុយហៀរហូរចូលដីនិងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅជុំវិញនោះ ទោះបីជាខេត្តហៅមកធ្វើការអប់រំណែនាំចំនួន៧លើករួចមកហើយ ក៏បុគ្គលជាគួងនេះ នៅមិនឈឺក្បាលវិលមុខដែរ៕
Source: Kampuchea Thmey Daily
0 Comments