Ad Code

ការងារ​លេចធ្លោ​២​ឆ្នាំ​ចុងក្រោយ​ របស់​ខេត្ត​កំពង់ចាម​ឆ្ពោះ​ទៅ​នយោបាយ​ឈ្នះ​ឈ្នះ​គម្រប់​២០​ឆ្នាំ



កំពង់ចាម ​៖ ២​ឆ្នាំ​ចុង​ក្រោយនេះ ក្រោម​ការដឹកនាំ​របស់​លោក​គួច ចំរើន ជា​អភិបាលខេត្ត នៅ​ខេត្តកំពង់ចាម​មានការ​អភិវឌ្ឍ ​រីកចម្រើន​លើ​គ្រប់​វិស័យ ពិសេស​ប្រព័ន្ធ​គមនាគមន៍​ខ្វាត់ខ្វែង សូម្បីតែ​នៅ​តំបន់​ដាច់ស្រយាល​ក៏មាន​ផ្លូវ​ស្ពាន​ជាច្រើន​ខ្សែ​ផងដែរ​។​ ជាងនេះទៅទៀត ចំពោះ​ការ​បម្រើ សេវា​ជូន​ប្រជាពលរដ្ឋ​វិញ​ពិតជា​ទទួលបាន​នូវ​ការកោតសរសើរ​និង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ពេញទំហឹង តាមរយៈ​ការផ្តល់ជូន​ផ្ទាល់​ទៅដល់​ភូមិដ្ឋាន​របស់​ពួកគាត់​និង​តាមរយៈ​ច្រកចេញចូល​តែមួយ​។​

បើ​យើង​និយាយ​ពី​នៅក្នុង​ទី​រួម​ខេត្តកំពង់ចាម​វិញ មាន​អគារ​រីកលូតលាស់​គួរអោយកត់សំគាល់ មាន​សួនច្បារ​ដ៏​ស្រស់ស្អាត​គួរ​ជាទី​គយគន់ មាន​ភ្លើង​បំភ្លឺ​សាធារណៈ ដែល​ធ្វើអោយ​ទីក្រុង​មួយ​នេះ​នៅពេល​យប់​បាន​បង្អួតខ្លួន ប្រៀបបាន​នឹង​ឋានសួគ៌ ដែល​បានធ្វើអោយ​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​នេះ​មាន​មោទនភាព​យ៉ាងខ្លាំង ហើយ​ពួកគាត់​ក៏បាន​នាំ​ក្រុមគ្រួសារ មក​ដើរលេង​កម្សាន្ត​យ៉ាង​រីករាយ​ផងដែរ​។ ក្រៅពី​សមិទ្ធផល​ទាំងនេះហើយ ខេត្តកំពង់ចាម ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​មិនអាច​កាត់ថ្លៃ​បាន​មួយទៀត នោះ​គឺ​ការស្ថាបនា​ស្ពាន​កោះ​ប៉ែន ដែលជា​ស្ពាន​ប្រវត្តិសាស្ត្រ​ថ្មី​សន្លាង ដែល​ពីមុន​មិន​ធ្លាប់មាន​ជូន​ប្រជាពលរដ្ឋ​ថែមទៀត​។​

ស្ពាន​កោះ​ប៉ែន​នេះ​មាន ប្រវែង​៧៧៩​ម៉ែត្រ ទទឹង​៩,២​ម៉ែត្រ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ​២០១៨​កន្លងមកនេះ​។ ស្ពាន​កោះ​ប៉ែន មាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ត​ភ្ជាប់​ទៅខាង​កោះ​ប៉ែន ដែល​អាច​បង្ក​ការងាយស្រួល​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម និង​មួយផ្នែក​ទៀត​នៅ​ឃុំ​កោះសូទិន ស្រុក​កោះសូទិន ដោយមាន​ពលរដ្ឋ​ជិត​១​ម៉ឺន​គ្រួសារ ធ្វើដំណើរ​បើកបរ​ឆ្លង​កាត់​ទៅមក​បាន​យ៉ាង​ឆាប់រហ័ស​។​

ក្រៅពី​សមិទ្ធផល​ធំៗ​ទាំងនេះហើយ នៅ​ទូទាំង​ខេត្តកំពង់ចាម​នេះ ពិសេស​នៅ​តំបន់​ចុងកាត់មាត់ញក ក៏មាន​ការអភិវឌ្ឍ​រីកចម្រើន គួរ​ជាទី​មោទនភាព​ផងដែរ។​ ជាក់ស្តែង នៅ​ភូមិ កោះ​ប៉ែន កោះដាច់ កោះ​ព្រលូង កោះកំពង់ត្រុំ កោះ​ចាស់ ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម និង​នៅក្នុង​ឃុំ​កោះសូទិន ស្រុក​កោះសូទិន មាន​ស្ពាន មាន​ផ្លូវ​បេតុង​ខ្វាត់ខ្វែង​ងាយស្រួល​ក្នុង​ករ​ធ្វើដំណើរ ដែល​ធ្វើអោយ​សេដ្ឋកិច្ច​នៅ​តំបន់​នេះ​មាន​ភាពល្អប្រសើរ​ជាង​មុន​។​

ប្រជាពលរដ្ឋនៅក្នុង​ឃុំ​កោះសូទិន​ក៏ដូចជា​នៅក្នុង​ឃុំ​កោះ​មិត្ត បាន​សម្តែង​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អាជ្ញាធរ​ដែនដី ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ដែល​បាន​ចង​ជា​ចំណងដៃ​ធំៗ​ជា​ប្រវត្តិសាស្ត្រ​មិនអាច​កាត់ថ្លៃ​បាន ពិសេស​គឺ​បាន​សាងសង់​ស្ពាន​កោះ​ប៉ែន​និង​ការតភ្ជាប់​ដោយ​ផ្លូវ​បេតុង​ខ្វាត់ខ្វែង​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ ចំណេញ​ពេលវេលា​និង​មិន​ខាត់​បង់លុយ​កាក់ ដូចពេលមុន។

ដោយឡែក​សម្រាប់​ការ​​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត ពិតជា​ទទួល​បានការ​គាំទ្រ​ពេញចិត្ត​ពេញ​ថ្លើម​ពី​សំណាក់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង ដូចជា​ការផ្តល់ សៀវភៅ​ស្នាក់នៅ អត្តសញ្ញាណប័ណ្ណ​អត្រានុកូលដ្ឋាន និង​សំបុត្រកំណើត​ជាដើម ហើយ​កិច្ចការងារ​នេះ​លោក​អភិបាលខេត្ត​បាន​ចុះ​ផ្ទាល់​ដល់​ខ្នង​ផ្ទះ​ដាច់​ស្រយាល​តែម្តង។ ជាក់ស្តែង​កាលពី​ថ្ងៃទី​ចុងខែ មេសារ ២០១៨​កន្លងមកនេះ ក្រុមការងារ នៃ​រដ្ឋបាល​ខេត្តកំពង់ចាម​បាន​បំពេញការងា​លើ​សេវាកម្ម​ធ្វើ​អត្រានុកូលដ្ឋាន និង​ការងារ​ធ្វើ​អត្តសញ្ញាណ​កម្ម ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់​ស្រ​យាល ភូមិ​អូ​ម៉ា​ល់ ឃុំ​បាធាយ ស្រុក​បាធាយ បាន​លទ្ធផល​ជាង​៧០០​នាក់ ក្នុងនោះ​រួមមាន ៖ ១, ការងារ​អត្រានុកូលដ្ឋាន​
ក​) សំបុត្រកំណើត​សរុប ០១​នាក់ ស្រី ០​នាក់​
ខ​) សំបុត្រ​បញ្ជាក់​កំណើត​សរុប ៣១២​នាក់ ស្រី ១៨៥​នាក់ សរុប​រួម ៣១៣ ស្រី ១៨៥​នាក់ ។​
២, ការងារ​អត្តសញ្ញាណ​កម្ម​
ក​) ផ្ដល់​សៀវភៅ​ស្នាក់នៅ​(​ក​,២)​សរុប ២៨ គ្រួសារ​(​ផ្តល់​ថ្មី​៩​គ្រួសារ ទុតិយតា​១៩) ក្នុងការ​ថែម កូន​លើ​សៀវភៅ​ស្នាក់នៅ​ចំនួន ១៥​នាក់​លើ​១៥​គ្រួសារ​
ខ​) ថែម​កូន​លើ​សៀវភៅ​គ្រួសារ​(​ក​,៤)​សរុប ១០៧​គ្រួសារ
គ​) ផ្ដល់​សៀវភៅ​គ្រួសារ​ថ្មី​(​ក​,៤) សរុប ១១៨​គ្រួសារ (​ក្នុងនោះ​ផ្ដល់​ថ្មី ៤៨​គ្រួសារ ផ្ដល់​ទុតិយតា ៧០​គ្រួសារ​)
ឃ​) អត្តសញ្ញាណប័ណ្ណ សរុប​រួម ១៣៩ ស្រី ៦៦​នាក់ ក្នុងនោះ អាយុ​១៥​ឆ្នាំ សរុប ០៣ ស្រី ០១​នាក់​
-​អាយុ​១៦​ឆ្នាំ សរុប ២០ ស្រី ០៥​នាក់ -​អាយុ​១៧​ឆ្នាំ សរុប ២០ ស្រី ០៨​នាក់ -​អាយុ​១៨​ឆ្នាំ សរុប ៩៦ ស្រី ៥២​នាក់ ។​ការងារ​នេះ​ត្រូវបាន​បញ្ចប់​នៅវេលា​ម៉ោង​១៥ និង​៣០​នាទី​ថ្ងៃ​ដដដែល។

សមាសភាព​ក្រុមការងារ​ដែល​លោក​អភិបាលខេត្ត បាន​ដឹកនាំ​ចុះទៅ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​នោះ រួមមាន លោក​មេឃុំ ស្មៀន អភិបាលស្រុក និង​ប៉ូលិស​ខាង​អត្តសញ្ញាណ​កម្ម ហើយ​ភូមិ​ដែល​បាន​ចុះទៅ​នោះ​គឺ ភូមិ​អូ​ម៉ា​ល់ ឃុំ​បាធាយ ស្រុក​បាធាយ ដែលជា​ភូមិ​មួយ​នៅ​ដាច់​ស្រ​យាលពី​គេឯង គឺ​នៅជាប់​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង ពិបាក​ក្នុងការ​ធ្វើដំណើរ ដោយសារតែ​ភូមិ​ខាងលើ​លិច​ទឹក​នៅ​រដូវវស្សា​។ ដោយ​មើលឃើញ​ពី​ការលំបាក​បែបនេះ ទើប​លោក​អភិបាលខេត្ត​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ផ្តល់​ផ្ទាល់​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​តែម្តង​។ អ្វីដែល​ទទួលបាន​ចំណាប់​អារម្មណ៍​ថ្មី​មួយទៀត​នោះ គឺ​ការបង្កើតអោយមាន​ច្រកចេញ​តែមួយ ដែល​បាន​បម្រើ​សេវា​កម្ម​នៅ​កៀក​កិត​ជាមួយ​ប្រជាពលរដ្ឋ​តែម្តង ហើយ​បានទទួល​ការ​គាំ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ពេញទំហឹង។​

គួរ​បញ្ជាក់ថា នាពេល​ថ្មីៗ​នេះ​ លោក គួច ចំរើន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​ក៏បាន​ជំរុញ​អោយ​គ្រប់​មន្ទីរ ស្ថាប័ន​មួយចំនួនទៀត ចំណុះអោយ​រដ្ឋបាលខេត្ត យកចិត្តទុកដាក់​និង​ខិតខំ​ប្រឹងប្រែង​លើ​ការងារ​របស់ខ្លួន​អោយបាន​ខ្លាំង​ឡើង​ថែមទៀត ពិសេស​លើ​ការរៀបចំ​តាំង​ពិព័រណ៍ បង្ហាញ​សមិទ្ធផល​គម្រោង​អភិវឌ្ឍន៍​សំខាន់ៗ​របស់​ខេត្ត​ក្នុង​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​និង​ការរៀបចំ​ទិវា​បុណ្យជាតិ ៧ មករា​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០ នៃ​ទិវា​ជ័យជំនះ ៧ មករា​ឆ្នាំ ១៩៧៩ ៧ មករា ២០១៩​ខាងមុខនេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu