ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុនតាមរយៈគម្រោងជំនួយឥតសំណង គូសាណូណិ ឬគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ បានផ្ទល់ជំនួយ ដែលមានថវិកាសរុបចំនួន៣៥៣,២៧៦ ដុល្លារអាមេរិកដល់ប្រទេសកម្ពុជាសម្រាប់អភិវឌ្ឍលើវិស័យសុខាភិបាលនិងអប់រំ។
យោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្នុងចំណោមថវិកាសរុបចំនួន៣៥៣,២៧៦ ដុល្លារអាមេរិកនោះ ត្រូវបានផ្តល់ និងបែងចែកយ៉ាងច្បាស់លាស់ ទៅតាមបណ្តាមន្ទីរនៃក្រសួងនីមួយៗក្នុងនោះថវិកា ៨៨,៩៩៥ ដុល្លារអាមេរិកដល់មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ស្ពឺ។ ថវិកា៨៧,៣០៤ ដុល្លារអាមេរិកផ្តល់ដល់មន្ទីរសុខាភិបាលខេត្តតាកែវ។
ចំណែកថវិកា ៨៩,១៦២ ដុល្លារអាមេរិកទៀត ជប៉ុនផ្តល់ឲ្យមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល និងថវិកា៨៧,៨១០ ដុល្លារអាមេរិកផ្តល់ឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់អភិវឌ្ឍវិស័យកសិកម្មនៅខេត្តកំពង់ចាម។
សូមបញ្ជាក់ថា ជំនួយឥតសំណង គូសាណូណិ របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា នៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាក្នុងការអភិវឌ្ឍនិងស្ថាបនាប្រទេសឡើងវិញនៅតាមមូលដ្ឋាន។
គម្រោងផ្តល់ជំនួយនេះ មានទិសដៅការពារជនងាយរង់គ្រោះ ពីកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និងភាពអកុសល ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូររបស់ពួកគេក៏ដូចជាជំរុញនូវភាពម្ចាស់ការលើខ្លួនឯងប្រជាសហគមន៍។
ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៥៨លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន៥៩៤ គម្រោងនៅទូទាំងប្រទេសកម្ពុជា។
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បង្ហាញថា ចាប់ពីឆ្នាំ២០១២ ដល់ ២០១៦ ប្រទេសជប៉ុនបានផ្ដល់ជំនួយឥតសំណងចំនួន ១,៩៧២រយលានយ៉េន (ប្រហែល១,៧ពាន់លានដុល្លារអាមេរិក) ប្រាក់កម្ចី ១,១៦៨រយលានយ៉េន (ជាង១ពាន់លានដុល្លារអាមេរិក) និងជំនួយបច្ចេកទេសចំនួន ៨៧០រយលានយ៉េន (ជាង៧៦៤លានដុល្លារ) ដល់ប្រទេសកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments