ភ្នំពេញ ៖ នៅរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ឧត្ដុង្គឧត្ដមបំផុត ដែលរៀបចំដោយឯកឧត្តម ខាត់ហ្កា ប្រាសាទ ស្សាម៉ា អូលី នាយករដ្ឋមន្ត្រីនេប៉ាល់និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វីក ឆ្នាំ ២០១៨ ក្នុងនោះ ក៏មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ព្រមទាំងអតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ក៏ដូចជាប្រតិភូនៃអាស៊ី ប៉ាស៊ីហ្វិក ជាច្រើនបានអញ្ជើញចូលរួមផងដែរ។
ថ្លែងសុន្ទរកថានៅក្នុងពិធីលៀងសាយភោជន៍ប្រធានគណៈកម្មការនៃកិច្ចប្រជុំក្នុងនាមនាយករដ្ឋមន្ត្រីនេប៉ាល់ និង ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ កំពូលអាស៊ី-ប៉ាស៊ីហ្វីក ឆ្នាំ ២០១៨ ថ្លែងថា ក្នុងនាមរដ្ឋាភិបាលនិងប្រជាជននេប៉ាល់សូមសំដែងនូវមនោសញ្ចេតនារំភើបរីករាយជាអនេកក្នុងការបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និង អតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលក៏ដូចជា ប្រតិភូនៃអាស៊ី-ប៉ាស៊ីហ្វិកដែលបានឆ្លើយតបតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំប្រទេសនេប៉ាល់អញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ី -ប៉ាស៊ីហ្វីកឆ្នាំ២០១៨ នៅលើទឹកដីដ៏ពិសិដ្ឋកំណើតព្រះពុទ្ធដែលមានអាយុកាលដ៏យូរលង់ណាស់មកហើយនោះ។
ឯកឧត្តមនាយករដ្ឋមន្ត្រីបានថ្លែងបន្តថា ប្រជាជននេប៉ាល់សូមធ្វើបដិសណ្ឋារកិច្ចដោយស្មោះបំផុតជូនចំពោះគណៈប្រតិភូទាំងអស់ដែលមានវត្តមានស្នាក់អាស្រ័យអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី១ ខែធ្នូ ដើម្បីធ្វើការពិភាក្សាទៅលើប្រធានបទនៃកិច្ចប្រជុំកំពូលគឺការដោះស្រាយបញ្ហាប្រឈមដ៏សំខាន់បំផុតនៅក្នុងយុគសម័យរបស់យើងការពឹងអាស្រ័យគ្នា វិបុលភាព ទៅវិញទៅមក និង តម្លៃជាសកល។ យើងនឹងខិតខំដំណោះស្រាយនូវរាល់បញ្ហាប្រឈមនានាក្នុងនោះរួមមានភាពក្រីក្រ អំពើភេរវកម្ម ការប្រែប្រួលអាកាសធាតុ អសន្តិសុខស្បៀង ការធ្លាក់ចុះ និងការបាត់បង់សីលធម៌រស់នៅ ការផ្លាស់ទីលំនៅដោយបង្ខំ គ្រោះមហន្តរាយធម្មជាតិ និងការប្រកួតប្រជែងផ្នែកសព្វាវុធដែលកំពុងគំរាមកំហែងដល់សន្តិសុខនិងភាពសុខដុមរមនានៃសហគមន៍ពិភពលោក។
ឯកឧត្តមបានបន្តថា បញ្ហាប្រឈមទាំងអស់នោះ អាចនឹងត្រូវបានដោះស្រាយដោយផ្អែកលើចក្ខុវិស័យនៃការច្នៃប្រឌិតនិងភាពជាអ្នកដឹកនាំតាមរយៈការពិភាក្សាការផ្លាស់ប្តូរបទពិសោធន៍ការចែករំលែក គតិបណ្ឌិតនិងការយល់ឃើញរបស់ថ្នាក់ដឹកនាំទាំងឡាយដែលមានការប្តេជ្ញាចិត្តក្នុងការកសាងពិភពលោកមួយប្រកបដោយការអធ្យាស្រ័យគ្នាទៅវិញទៅមក សន្តិភាពប្រកបដោយនិរន្តរភាព និងវិបុលភាពសម្រាប់មនុស្សទាំងអស់៕
Source: Kampuchea Thmey Daily
0 Comments