សៀមរាប ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍បែបនេះ នៅក្នុងពិធីប្រកាសតែងតាំងមុខងារ មេបញ្ជាការ និងនាយសេនាធិការយោធភូមិភាគទី៤ នៅទីបញ្ជាការយោធភូមិភាគទី៤ នាខេត្តសៀមរាប កាលពីថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងទៅកាន់អ្នកចូលរួម លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពរបស់សពលោកឧត្តមសេនីយ៍ ជា ម៉ន មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ យោធភូមិភាគទី៤ ដែលនេះ គឺជាការបាត់បង់មួយដ៏ធំធេងមួយចំពោះជាតិ និងប្រជាជនកម្ពុជា។ លោកឧត្តមសេនីយ៍ ជា ម៉ន គឺជាមេបញ្ជាការមួយរូប ដែលស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងជាមេបញ្ជាការដ៏អង់អាចក្លាហាន ដែលបានចូលរួមចំណែកយ៉ាងក្លៀវក្លាក្នុងការសហការប្រយុទ្ធរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការការពារការវិលត្រលប់មកវិញនៃរបបអាវខ្មៅដ៏សាហាវយង់ឃ្នងនេះ។ ជាមួយគ្នានោះ លោកបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករឭកប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួងការពារជាតិ ក៏ដូចជារូបលោកផ្ទាល់ ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានផងដែរ។
តាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សន្តិភាព វិបុលភាព និងការអភិវឌ្ឍសព្វថ្ងៃនៅកម្ពុជា គឺជាជ័យជម្នះដ៏ធំធេងបំផុត ដែលបានផ្តល់ឲ្យប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងស្ថានភាពនេះ រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យបរទេស ក្រុម ឬជនណាមួយធ្វើសកម្មភាពបំផ្លាញសន្តិភាព និងសមិទ្ធផលដែលសម្រេចបានដោយពលិកម្មអាយុជីវិត តាមរយៈការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ដែលអាចធ្វើឲ្យកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមសាជាថ្មីទៀតឡើយ។ ដូច្នេះអនុលោមតាមរដ្ឋធម្មនុញ្ញ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ការបន្តការពារអធិបតេយ្យ និងបូរណភាពទឹកដី និងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ គឺជាកិច្ចការស្នូលអាទិភាពចាំបាច់ និងមានសារៈសំខាន់ផុត ដែលកងយោធពលខេមរភូមិន្ទ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ ដាច់ខាត និងការទទួលខុសត្រូវពេញទំហឹង ដើម្បីធានាបានទាំងស្រុងនូវសន្តិភាព ស្ថិរភាព និងសន្តិសុខស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិឌ្ឍន៍ជាតិ។ ពិសេសជាងនេះទៀត មុំមួយនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ទាមទារនូវការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពពីសំណាក់កងយោធពលខេមរភូមិន្ទ នៅក្នុងការកែទម្រង់របស់ខ្លួន ដើម្បីធានាឲ្យបានទាំងស្រុងនូវសន្តិភាព ស្ថិរភាព សន្តិសុខ អធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍប្រទេសជាតិ។ នៅក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណទាំង៣ ដំណាក់កាលកន្លងមក រាជរដ្ឋាភិបាលសម្រេចបានវឌ្ឍនភាពជាមូលដ្ឋាននៅក្នុងការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ច តាមរយៈយន្តការជាច្រើន ក្នុងនោះ រួមមានការកែទម្រង់កងកម្លាំងប្រដាប់អាវុធផងដែរ។
ដើម្បីបង្កើនល្បឿននៃការកែទម្រង់អភិបាលកិច្ច កងយោធពលខេមរភូមិន្ទ ត្រូវបន្តដំណើរទៅមុខប្រកបដោយប្រសិទ្ធភាពលើការកែទម្រង់របស់ខ្លួន តាមរយៈ ១) ពង្រឹងការដឹកនាំ ការគ្រប់គ្រង និងខ្សែរយៈចាត់តាំង; ២) ការអភិវឌ្ឍធនធានមនុស្ស និងបង្កើតសមត្ថភាពយោធិន ដោយបង្កើនគុណភាពហ្វឹកហ្វឺន បំពាក់បច្ចេកវិទ្យាសមស្រប និងកសាងជួរកងកម្លាំងបន្តវេន; ៣) ការលើកកម្ពស់សមត្ថភាពក្នុងការរក្សាសន្តិសុខ ការបន្តជំរុញកងទ័ព និងគ្រួរសារកងទ័ពឲ្យរស់នៅតាមបណ្តោយព្រំដែន, ការប្រយុទ្ធប្រឆាំងភេរវកម្ម ដើម្បីធានាបាននូវព្រំដែន សន្តិភាព និងការអភិវឌ្ឍ, សុវត្ថិភាពជាតិ និងគ្មានការគំរាមកំហែងពីអំពើភេរវកម្ម; ៤) ការពង្រឹងសមត្ថភាព ក្នុងការចូលរួមពង្រីក និងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិ ពិសេសការចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និង៥) ការលើកកម្ពស់សមត្ថភាព ចូលរួមគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការការពារបរិស្ថាន និងធនធានធម្មជាតិ, ការធ្វើអន្តរាគមន៍ក្នុងពេលមានគ្រោះធម្មជាតិ, ការបំពេញប្រតិបត្តិការមនុស្សធម៌ និងការជួយបង្កបង្កើនផលកសិកម្មដល់ ប្រជាជន។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អះអាងថា “ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគីទី៤ ដែលបានខិតខំបំពេញភារកិច្ចក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន និងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពបានល្អប្រសើរជូនប្រជាជន ទាំងនៅមុនពេលបោះឆ្នោត ក្នុងពេលបោះឆ្នោត និងរហូតមកដល់បច្ចុប្បន្ន ក៏ដូចជាការការពារសុវត្ថិភាពជូនភ្ញៀវទេសចរ ថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ដែលបានមកទស្សនាកម្សាន្ត និងចូលរួមកិច្ចប្រជុំនានានៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ខ្ញុំមានសុទិដ្ឋិនិយមថា លោកមេបញ្ជាការ និងមេបញ្ជាការរង នឹងរួមសាមគ្គីឯកភាពផ្ទៃក្នុង បន្តខិតខំបន្ថែមទៀតដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងភារកិច្ចដែលថ្នាក់លើបានប្រគល់ឲ្យ និងយកចិត្តទុកដាក់សិក្សារៀនសូត្រជំនាញបន្ថែម ដើម្បីក្លាយជាមេបញ្ជាការប្រកបសមត្ថភាព និងវិជ្ជាជីវៈពិតប្រាកដ ប៉ិនប្រសប់ក្នុងការគ្រប់គ្រង ដឹកនាំ បញ្ជា អប់រំ និងហ្វឹកហ្វឺនកងទ័ព”។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា ការតែងតាំងមុខងារតួនាទីថ្មីនេះ គឺបានឆ្លងកាត់ការត្រួតពិនិត្យ វាយតម្លៃ ពិភាក្សាយ៉ាងម៉ត់ចត់ពីជួរថ្នាក់ដឹកនាំកងទ័ពជើងគោក។ តាមពិត គឺមានបេក្ខភាពនាយទាហានមួយចំនួនទៀត ដែលបានស្នើសុំបំពេញភារកិច្ច។ កន្លងទៅចំពោះនាយទាហានជាច្រើនទៀត ដែលមានស្នាដៃ ប៉ុន្តែការជ្រើសរើសនាយនាហានទាំង២រូបនេះ គឺគោលការណ៍ទី១ យើងផ្ដល់អាទិភាពចំពោះអ្នកនៅក្នុងអង្គភាពស្រាប់ ហើយការងារនេះ គឺជាការងារដែលកងទ័ពជើងគោកនឹងខិតខំដើម្បីយកជាគោលការណ៍នៅក្នុងការតែងតាំងនៅគ្រប់អង្គភាព។ ទី២ គឺផ្អែកទៅលើឆន្ទៈ សមត្ថភាពបទពិសោធន៍ អតីតភាព នៃការងារ ជាពិសេសមានភាពជាអ្នកដឹកនាំ និងការទទួលខុសត្រូវ ព្រោះការជ្រើសរើសនេះសំខាន់នៅក្នុងការតែងតាំងអង្គភាពនីមួយៗ ដែលភាពជាដឹកនាំនេះ ការទទួលខុសត្រូវ និងឯកភាពផ្ទៃក្នុងគឺសំខាន់ណាស់។ ការជ្រើសរើសមេបញ្ជាការដែលអាចថែរក្សាសាមគ្គីផ្ទៃក្នុងបានល្អគឺសំខាន់ណាស់។ នេះគឺជាគោលការណ៍សំខាន់ណាស់នៅក្នុងការដឹកនាំ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងទៀតថា ទិសដៅ យុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលនៅក្នុងការកំណែទម្រង់កងទ័ព តួនាទីភារកិច្ចកងទ័ពនៅក្នុងកងយុទ្ធពលខេមរភូមិន្ទ ពង្រឹងសមត្ថភាព ត្រៀមលក្ខណៈប្រយុទ្ធត្រៀមយកឈ្នះលើសមរភូមិក្នុងការការពារបូរណភាពទឹកដី ឈ្នះទៅលើការការពារសុខសន្តិភាពជូនប្រជាជន ឈ្នះលើសត្រូវគ្រប់បែបយ៉ាង។ ដូច្នេះការជ្រើសរើសមេដឹកនាំអង្គភាពនីមួយនីមួយគឺសំខាន់ណាស់។ លោកបន្តថា ការងារចាំបាច់បន្ទាប់ទៀត គឺការងារពង្រឹងសាលាពង្រឹងគ្រូ ពង្រឹងលទ្ធភាពដើម្បីធានានូវការហ្វឹកហ្វឺន ដើម្បីបំពេញជំនាញផ្ទៃក្នុង។ ភារកិច្ចតែមួយគ្រាន់តែខុសពេលវេលាខុសគ្នា កេរ្តិ៍ដំណែលដែលយើងបានបំពេញភារកិច្ច គឺសល់នូវអ្វីដែលយើងបានបន្សល់ទុកនូវកេរ្តិ៍ដំណែល ហើយយើងជំនាន់ក្រោយត្រូវរួមគ្នាធ្វើបន្តទៀត៕
Source: Kampuchea Thmey Daily
0 Comments