ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មីជាប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានថ្លែងថា « ក្រុមហ៊ុនសន្តិសុខទាំងអស់ត្រូវតែជ្រាប់គ្រប់គ្នាថា សន្តិសុខឯកជនពុំមែនមានតួនាទីត្រឹមតែជាអ្នកការពារទ្រព្យសម្បត្តិឯកជន ឬក៏សហគ្រាសគ្រឹះស្ថានឯកជនប៉ុណ្ណោះទេ តែក៏មានកាតព្វកិច្ចចូលរួមការពារសាធារណៈសន្តិសុខ សង្គមនិងអាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ ជាពិសេសមានតួនាទីជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច»។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអះអាងទៀតថា ភ្នាក់ងារសន្តិសុខឯកជនបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមហើយមិនតែប៉ុណ្ណោះពួកគេមានតួនាទីជាកម្លាំងជំនួយ ដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ចផងដែរ ខណៈកងកម្លាំងសមត្ថកិច្ចមិនបានដាក់គ្រប់ទីកន្លែងនោះ។
ការលើកឡើងរបស់ឧត្តមសេនីយ៍រូបនេះ គឺបានធ្វើឡើងនៅក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី១០នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះនៅសណ្ឋាគារឌីវិត ខណ្ឌសែនសុខ រាជធានីភ្នំពេញដោយមានតំណាងក្រុមហ៊ុនសន្តិសុខឯកប្រមាណជិតពីររយនាក់ចូលរួម។
លោកឧត្តមសេនីយ៍ឯកបានបន្តទៀតថា ព្រះរាជាណាចក្រកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងបញ្ញាញាណរបស់ប្រមុខរាជរដ្ឋាភិបាលធ្វើឲ្យប្រទេសជាតិយើងទទួលបានសុខសន្តិភាពស្ថេរភាពសង្គម។ ហេតុនេះបានធ្វើឲ្យទាក់ទាញអ្នកវិនិយោគជាច្រើន មកបណ្តាក់ទន់ស្ទើរគ្រប់វិស័យ។ ក្នុងនោះវិស័យសន្តិសុខឯកជនគឺជាវិស័យដ៏សំខាន់មួយដែលត្រូវចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ទ្រព្យសម្បត្តិ សុវត្ថិភាព អាយុជីវិត ជូនប្រជាពលរដ្ឋអ្នកវិនិយោគ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផង។
ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលជាពិសេសក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ជំរុញនិងលើកទឹកចិត្តដល់វិស័យសន្តិសុខឯកជន នៅក្នុងប្រទេសកម្ពុជាឲ្យទទួលបានទំនុកចិត្តក្នុងការប្រកបអាជីវកម្មរបស់ខ្លួនដោយសុខស្ថេរភាព និងនិត្យានុកូលភាព។ ជាក់ស្តែករាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជនកាលពី ឆ្នាំ២០១៦ កន្លងទៅនេះគឺដើម្បីគ្រប់គ្រង គាំពារសហការ និងផ្តល់នីត្យានុកូលភាពដល់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន ដែលប្រើប្រាស់សន្តិសុខឯកជនទូទាំងព្រះរាជាណាចក្រកម្ពុជា
លោកបានបន្តទៀតថា ស្តែងចេញពីការយកចិត្តទុកដាក់នេះហើយ ទើបធ្វើឲ្យយើងទាំងអស់គ្នាបានជួបជុំគ្នានៅទីនេះក្នុងពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជននាឱកាសនេះ។ ដោយយោងតាមស្មារតីសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងពិនិត្យឃើញថា ភ្នាក់ងារសន្តិសុខឯកជនបានចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ទ្រព្យសម្បត្តិសុវត្ថិភាព អាយុជីវិត ជូនប្រជាពករដ្ឋ អ្នកវិនិយោគភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។
លោក បានបន្តទៀតថា ការបើកវគ្គបណ្តុះបណ្តាលនេះគឺមិនមែនមើលងាយសមត្ថភាពដល់បងប្អូនដែលជាសន្តិសុខឯកជននោះទេ គឺធ្វើឡើងដើម្បីបង្កើនសមត្ថភាពដល់ពួកគេ បន្ថែមទៀតទាំងជំនាញការពារនិងគ្រប់គ្រងស្ថានភាពផ្សេងដែលកើតឡើងដោយយថាហេតុ ណាមួយ។
សូមរំលឹកថា សន្តិសន្តិសុខឯកជនទាំងអស់នៅទូទាំងប្រទេសកម្ពុជាគឺមានចំនួនជាងបី ម៉ឺននាក់មកពីក្រុមហ៊ុនប្រមាណជាងពីររយក្រុមហ៊ុនហើយពួកគេ នឹងទទួលបានវគ្គបណ្តុះបណ្តាលជា បន្តបន្ទាប់ទៀតពីអគ្គស្នងការនគរបាលជាតិដើម្បីចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ជាមួយនឹងអគ្គស្នងការនគរបាលនោះ៕
Source: Kampuchea Thmey Daily
0 Comments