Ad Code

លោក​ថោង ខុន ជំរុញ​រដ្ឋបាល​រាជធានី​-​ខេត្ត និង​គ្រប់ភាគី​ពាក់ព័ន្ធ​រួសរាន់​រៀបចំខ្លួន​ចូលរួម​តាំង​ពិព័រណ៍​សមិទ្ធផល​ក្នុងឱកាស​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ



ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អំពាវនាវ និង​ជំរុញ​ដល់​រដ្ឋបាល​រាជធានី​-​ខេត្ត​នានា និង​គ្រប់​ភាគី​ពាក់ព័ន្ធ​រួសរាន់ ក្នុង​ការ​រៀបចំខ្លួន​ចូលរួម​តាំងពិព័រណ៍​សមិទ្ធផល ក្នុង​ឱកាស​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នៃ​នយោបាយ​ឈ្នះ ឈ្នះ ឲ្យ​បាន​កាន់តែ​រហ័ស និង​ទាន់ពេលវេលា​។

ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នៃ​នយោបាយ ឈ្នះ ឈ្នះ និង​ពិធី​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​នយោបាយ ឈ្នះ ឈ្នះ នឹង​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩-៣០-៣១ ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខ​។

នៅក្នុង​កិច្ចប្រជុំ​កន្លងមក​ថ្មីៗ​នេះ ថោង ខុន បាន​ពិភាក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​ក្រុមការងារ​នីមួយៗ ដូចជា​ស្ដង់​ពិព័រណ៍​សមិទ្ធផល ២០​ឆ្នាំ របស់​ក្រសួង​-​ស្ថាប័ន ពិព័រណ៍​សមិទ្ធផល របស់​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំង​២៥ ពិព័រណ៍​ទេសចរណ៍ ពាណិជ្ជកម្ម ម្ហូបអាហារ ការ​សម្តែង ទស្សនី​យ ភាព​សិល្បៈ ព្រឹត្តិការណ៍​កីឡា និង​ពិធី​ឆ្លង​ឆ្នាំ​សកល ព្រម​ជាមួយនឹង​ការណែនាំ​អំពី​ការរៀបចំ​រាល់​សកម្មភាព ពិព័រណ៍​សិល្បៈ កីឡា​ឲ្យ​បាន​សម្បូរ​បែប និង​ប្រកបដោយ​ភាព​ទាក់ទាញ។



យោង​តាម​កិច្ចប្រជុំ​នោះបាន​បង្ហាញថា ស្តង់​ពិព័រណ៍​មាន​ចំនួន​សរុប ជាង ៥៦២​ស្ដង់ មកពី​ក្រសួង​ស្ថាប័ន​ផ្សេងៗ​គ្នា​ចែកជា​បួន តំបន់ A,B,C,D តំបន់ A និង B សម្រាប់​ពិព័រណ៍​សមិទ្ធផល ខណដែល​តំបន់ C និង D គឺ​សម្រាប់​ពិព័រណ៍​ម្ហូបអាហារ (​ភូមិ​ម្ហូប​ឆ្ងាញ់​)​។ តំបន់​ទាំង​៤​នេះ មានការ​ចូលរួម​ពី​គ្រប់​ក្រសួង -​ស្ថាប័ន រដ្ឋបាល​រាជធានី​-​ខេត្ត និង​ស្ដង់​ពិព័រណ៍​ពាណិជ្ជកម្ម ទេសចរណ៍ ម្ហូបអាហារ និង​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​នានា និង​មានការ​ចូលរួម​ពី​ប្រទេស​ជា​មិត្ត​មួយចំនួន​ថែមទៀត​។ ដោយឡែក ចំពោះ​ពិព័រណ៍​សមិទ្ធផល​ក្រសួង​-​ស្ថាប័ន​បាន​ត្រៀម​រួចរាល់​ហើយ ហើយ​ពិព័រណ៍​ពាណិជ្ជកម្ម ទេសចរណ៍ ម្ហូបអាហារ វិនិយោគ ក្រុមការងារ​បានទទួល​ការចុះឈ្មោះ​ជិត​រួចរាល់​ហើយ ។ ចំពោះ​ព្រឹត្តិការណ៍ និង​សកម្មភាព​កីឡា​មាន​១២​ប្រភេទ​កីឡា​ក៏បាន​ត្រៀម​រួចរាល់​រួមទាំង​កម្មវិធី​ឆ្លង​ឆ្នាំ​សកល ក៏បាន​ត្រៀម​រៀបចំ​រួចរាល់ ទាំង​កម្មវិធី​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ ទាំង​កម្មវិធី​លៀង​សាយភោជន៍​។

ក្នុង​នោះ​ផង​ដែរ ថោង ខុន ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​រាជធានី រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​កែលម្អ ការតាំង​ភ្លើង​នៅតាម​ចំណុច​សំខាន់ៗ ប្រកបដោយ​សោភ័ណភាព និង​ភាព​ទាក់ទាញ​បន្ថែមទៀត និង​ធ្វើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​វិទ្យុ ទូរទស្សន៍​ជាពិសេស​តាម​ប្រព័ន្ធ​ស្មា​ត​ហ្វូ​ន​ជាដើម ដែល​ធ្វើយ៉ាងណា​ឲ្យ​ព្រឹត្តិការណ៍​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​កាន់តែ​ល្បី​រន្ទឺ​គ្រប់ទិសទី​ទាំង​ក្នុង និង​ក្រៅប្រទេស​។

ទន្ទឹម​នោះ លោក​រដ្ឋមន្ត្រី​ក៏បាន​ក្រើនរំលឹក​គ្រប់ផ្នែក​ក្នុង​អនុ​គណៈកម្មការ​បន្ត​សហការ​គ្នា និង​បន្ត​សហការ​ជាមួយ​អនុ​គណៈកម្មការ​ដទៃ​ឲ្យ​បាន​ល្អ ដើម្បី​ជោគជ័យ​ត្រចះត្រចង់​នៃ​ពិធីបុណ្យ​ដ៏​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu