ការរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារទីក្រុង Anchorage កាលពីថ្ងៃសុក្រដោយធ្វើឲ្យរង្គើ ផ្ទះនិងក្រុមហ៊ុននានាហើយជំរុញឲ្យប្រជាពលរដ្ឋចេញមកតាមដងផ្លូវនិងបំផ្លាញអគារក្នុងទីក្រុងធំបំផុតរបស់រដ្ឋអាឡាស្កាមួយនេះ។
ការរញ្ជួយដីកម្រិត៧.០រ៉ិចទ័របានវាយប្រហារនៅវេលាម៉ោង៨:២៩នាទីព្រឹក (ម៉ោងក្នុងស្រុក)។
ក្រុមអង្កេតភូមិសាស្ត្រអាមេរិកបាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយនេះមានចម្ងាយប្រហែល១៣គីឡូម៉ែត្រភាគខាងជើងទីក្រុង Anchorage ជាមួយជម្រៅ២៥ម៉ាយល៍។
ប៉ូលិសនៅក្នុងទីក្រុងដែលមានប្រជាជនប្រហែល៣០០,០០០នាក់មួយនេះបាននិយាយថា វាបានបណ្តាលឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
នាយកដ្ឋានប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ផ្ទះនិងអគារជាច្រើនត្រូវបានខូចខាត។ ផ្លូវថ្នល់និងស្ពានជាច្រើនត្រូវបានបិទ”។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍ជាបន្ទាន់អំពីការរងរបួសធ្ងន់ធ្ងរទេ។
ការព្រមានអំពីរលកយក្សស៊ូណាមិមួយត្រូវបានដាក់ចេញនៅកោះ Cook និងឧបទ្វីប Kenai បន្ទាប់ពីមានការរញ្ជួយដីដ៏ធំប៉ុន្តែត្រូវបានដកចេញវិញយ៉ាងឆាប់រហ័ស។
លោកស្រី Lisa Murkowski សមាជិកព្រឹទ្ធសភារដ្ឋអាឡាស្កាបាននិយាយថា អាជ្ញាធរមានក្តីព្រួយបារម្ភអំពីការទទួលបានអគ្គិសនីបន្ទាប់ពីការរញ្ជួយនេះ។
ក្រុមហ៊ុនឧស្ម័នធម្មជាតិ ENSTAR បានស្នើសុំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នអំពីការលេចធ្លាយឧស្ម័នខណៈពេលដែលក្រុមហ៊ុនទឹកដ៏ធំបាននិយាយថា មានការដាច់ចរន្តទឹក។
ប្រហែលពីរម៉ោងកន្លះក្រោយការរញ្ជួយដី ក្រុមហ៊ុន Municipal Light & Power បាននិយាយថា អតិថិជនប្រមាណពី៧,០០០នាក់ទៅ១០,០០០នាក់នៅតែគ្មានអគ្គិសនីប្រើប្រាស់៕ AFP
Source: Kampuchea Thmey Daily
0 Comments