Ad Code

ស៊ី​ហ្គេម​ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន យល់ព្រម​ដាក់​វិញ្ញាសា​បាល់ទាត់​យុវជន​ក្រោម​អាយុ​២២​ឆ្នាំ​តាម​ការស្នើសុំ​របស់​កម្ពុ​ជា



វិញ្ញាសា​បាល់ទាត់​បុរស​ដែល​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ នា​ឆ្នាំ២០១៩ នៅ​ហ្វីលីពីន ត្រូវ​បាន​កំណត់​រួចហើយ​ដោយ​ម្ចាស់ផ្ទះ​ហ្វីលីពីន ឯកភាព​តាម​សំណើ​របស់​កម្ពុជា ពោល​គឺ​យក​ក្រុម​ប្រកួត​យុវជន​ក្រោម​អាយុ​ក្រោម​២២​ឆ្នាំ (U-22) មិន​យកអាយុ​ក្រោម ២៣​ឆ្នាំ​(U23) ដូច​មុន​ឡើយ។



លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​ស្រុក​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំណត់​ប្រភេទ​កីឡា​ចុងក្រោយ សម្រាប់​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ នៅ​ទីក្រុង​ម៉ានីល​កាល​ពី​ពេល​ថ្មី​។ លោក វ៉ា​ត់ ចំរើន បាន​បន្ត​ឲ្យ​ដឹង​ថា ដោយ​ទទួលបាន​សំណើ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ចង់​ឲ្យ​ម្ចាស់ផ្ទះ​រៀបចំ​វិញ្ញាសា U-22 ក្នុង​ស៊ី​ហ្គេម​ឆ្នាំក្រោយ លោក​បាន​យក​សំណើ​នេះ ទៅ​តស៊ូ​មតិ​រយៈពេល​២​ថ្ងៃ នៅក្នុង​កិច្ចប្រជុំ​ខាងលើ រហូត​ទទួល​បាន​ជោគជ័យ បន្ទាប់ពី​មាន​បណ្ដា​ប្រទេស​ជាច្រើន​គាំទ្រ​។



ក្បាលម៉ាស៊ីន កីឡា​ជាតិ​រូប​នេះ​បន្ត​ថា «​ផ្ដើមចេញពី​ការ​ស្នើ​សុំ​របស់​កម្ពុជា ចង់​ឲ្យ​ម្ចាស់ផ្ទះ​រៀបចំ​វិញ្ញាសា​បាល់ទាត់ U22 ក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០១៩ មាន​បណ្ដា​ប្រទេស​អាស៊ាន​ស្ទើរ ១០០% បាន​គាំទ្រ​សំណើ​របស់​យើង។ ដូច្នេះ​ហ្វីលីពីន ក៏​មិន​ជំនា​ស់​ដែរ ដោយ​គេ​បាន​ឯកភាព​តាម​សំណើ​របស់​យើង។ ប៉ុន្តែយ៉ាងណា វិញ្ញាសា​គ្រប់​ប្រភេទ​កីឡា​ទាំងអស់ នៅ​មិនទាន់​សម្រេច​ផ្លូវការ​នោះ​ទេ ដោយ​ម្ចាស់ផ្ទះ​សុំ​ពេល​ប្រកាស​ផ្លូវការ នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា​ខាងមុខ តែ​ភាគរយ​ខ្ពស់​ហ្វីលីពីន បាន​បញ្ជាក់​ហើយ បាល់ទាត់ គឺ​សម្រេច U22 ដាក់​ឲ្យ​ប្រកួត​»។

យោង​តាម​ការ​បញ្ជាក់​ជា​ផ្លូវការ​ក្នុង​កិច្ចប្រជុំ​សម្រេច​ប្រភេទ​កីឡា​ចុងក្រោយ សម្រាប់​ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០១៩ ដែល​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ គឺ​បានសម្រេច​ប្រភេទ​កីឡា​សរុប​៥៦​ផ្សេងគ្នា​។



ក្នុង​នោះ​ក្រៅពី​វិញ្ញាសា​បាល់ទាត់ កម្ពុជា​ក៏បាន​សម្រេច​បំណង​ស្នើ​បញ្ចូល​កីឡា​មាន​សក្ដានុពល​របស់​ខ្លួន​ចំនួន ៦​ប្រភេទ​ផង​ដែរ រួមមាន​កីឡា​វ៉ូ​វី​ណា​ម​, ប៉េតង់​, ជឺ​ជិត​ស៊ូ​, ស្នូកឃ័រ និង​ប៊ីយ៉ា​, សូ​ហ្វ​តេ​ន្នី​ស និង​កីឡា​តេ​ក្វាន់​ដូ ជាដើម ដែល​ធ្វើ​ឲ្យ​កម្ពុជា មាន​ក្ដី​រំពឹង​ខ្ពស់​ក្នុង​ការ​បង្កើន​ខ្ទង់​មេដាយមាស​។ ស៊ី​ហ្គេម ឆ្នាំ២០១៩ បាន​កំណត់​ប្រកួត​ពី​ថ្ងៃ​ទី៣០​ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី១១ ខែធ្នូ ​ឆ្នាំ២០១៩៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu