Ad Code

ខេ​ម ចាន់​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ជម្រុះ​ជុំ​ចុងក្រោយ ខណៈ ផាន ផាត់​យុទ្ធ ចាញ់​ឡាវ​ក្នុង​ទឹក​ទី​៤



ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​លេខ​១​គូ​បូ​តា​ទម្ងន់​៥៤​គីឡូក្រាម នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃ​សុក្រ​ទី​៣០ ​វិច្ឆិកា ​២០១៨ ដែល​ជា​ការប្រកួត​ជុំ​ចុងក្រោយ​នោះ​ ខេ​មចាន់ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ​ បានឈ្នះ​លើ​ដៃគូ​ដោយ​ស្វ័យប្រវត្តិ ខណៈ​ដែល​ផាន​ផាត់​យុទ្ធ អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា បាន​ប្រកួត​ចាញ់​ដៃគូ​ឡាវ​ក្នុង​ទឹក​ទី​៤។​

ខេ​ម ចាន់ បានឈ្នះ​ដោយ​ស្វ័យប្រវត្តិ ដោយសារតែ​អ្នក​ប្រដាល់​ថៃ Plangthip Por.Yuthphumi ដែលជា​ដៃគូ​ប្រកួត​នោះ អ​វត្ថ​មាន​ដោយសារ​មាន​គ្រោះថ្នាក់​ចរាចរ ធ្វើអោយ ខេ​មចាន់ ក្លាយជា​អ្នក ឈរ​នៅ​លំដាប់​លេខ​១​ក្នុង​តារាង​ពូ​ល​ខ្មែរ​(​ពូ​ល​A) ដោយ​ក្នុង​ការប្រកួត​ជម្រុះ​៥​លើក ទទួលបាន​១៣​ពិន្ទុ គឺ​ឈ្នះ​៤ ចាញ់​១​ប្រកួត ក្នុងចំណោម​៥​ប្រកួត​នោះ ។​

ចំពោះ​ផាន ផាត់​យុទ្ធ គេ​បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ឡាវ Seang Suriyak Site Torkahkart ក្នុង​ទឹក​ទី​៤ ធ្វើអោយ​បាត់បង់​៣​ពិន្ទុ ដោយ​បានតែ​១​ពិន្ទុ ដែល​សរុប​ការប្រកួត​ជម្រុះ​៥​លើក ផាត់​យុទ្ធ មាន​ពិន្ទុ​១១​ពិន្ទុ ហើយ​ដែល​ពិន្ទុ​នេះ​នៅ​មិនទាន់​ច្បា​ស់ថាបាន​ឡើង​ឬ​អត់​នោះទេ​? ។

ព្រោះ​ពិន្ទុ​នេះ ត្រូវ​ស្មើ​ជាមួយ​ប៊ុន សុធា សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ដែល​បាន​១១​ពិន្ទុ​ដែរនោះ ពោលគឺ​ក្នុង​ការប្រកួត​ជម្រុះ​៥​លើ​ដូចគ្នា ប៊ុន​សុធា ឈ្នះ​៣ ចាញ់​២​ប្រកួត​ដូចគ្នា ប៉ុន្តែ​ប៊ុន​សុធា គេ​មាន​ឪ​កាស​ជាង ដោយ​ក្នុងការ​ឈ្នះ​៣​ប្រកួត​នោះ គេ​ឈ្នះ​ដៃគូ​ដោយ​KO​ក្នុង​ទឹក​ទី​៣​ម្តង និង​ទឹក​ទី​៤​ម្តង ឯ​ផាន ផាត់​យុទ្ធ គេ​ឈ្នះ​ដៃគូ​ដោយ​ពិន្ទុ​២​លើក និង​ឈ្នះ​ដោយ​KO​ក្នុង​ទឹក​ទី​៤​មួយ​លើក ។ យ៉ាងណា រវាង​ផាន ផាត់​យុទ្ធ​និង​ប៊ុន​សុធា​នេះ មិនទាន់​ដឹង​ច្បាស់​ថា អ្នក​ណាមួយ​ត្រូវ​ជាប់​លេខ​២​ក្នុង​ពូ​ល ដើម្បី​បាន​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នោះឡើយ ? ។​

ខេ​ម ចាន់ ត្រូវគេ​តម្រូវអោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ក្នុង​លក្ខណៈ​មិត្តភាព បន្ទាប់ពី​គេ​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​លើ​Plangthip​នោះ ដោយ​ធ្វើការ​ប្រកួត​ជាមួយ​Prakayfa Site Lungdeng ហើយ​បាន​វាយ​អ្នក​ប្រដាល់​ថៃ​នេះ អោយ​អាជ្ញាកណ្តាល​រាប់​៨​ក្នុង​ទឹក​ទី​៤ ហើយ​បានឈ្នះ​ដោយ​ពិន្ទុ​លើ Prakayfa Site Lungdeng ក្រោយ​បញ្ចប់​ការប្រកួត​៥​ទឹក​នោះ ។​

ចំណែក​ការប្រកួត​រវាង​ផាន ផាត់​យុទ្ធ និង Seang Suriyak វិញ ផាន ផាត់​យុទ្ធ គេ​បាន​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៤ ដោយសារ​មិនអាច​ស៊ូ​ជាមួយ​អ្នក​ប្រដាល់​ឡាវ​នោះបាន ។ ក្នុង​ទឹក​ទី​១ ផាត់​យុទ្ធ ត្រូវ​ឡាវ​វាយ​កែង​ត្រូវ បណ្តាល​ឲ្យ​បែក​ឈាម​ខ្លាំង​ថ្ពាល់​ខាងឆ្វេង ដែល​ធ្វើ​ឲ្យ​ផាត់​យុទ្ធ​ស្រុត​ធ្លាក់ ហើយ​ត្រូវ Seang Suriyak​វាយ​ត្រូវ​កាន់តែច្រើន រហូតដល់​ទឹក​ទី​៤​ផាន ផាត់​យុទ្ធ បាន​បោះបង់ចោល​ការប្រកួត ។​

ជាមួយនឹង​ជ័យជម្នះ​នេះ Seang Suriyak អ្នក​ប្រដាល់​ឡាវ​រូបនេះ ត្រូវ​ជាប់​លេខ​១​ក្នុង​ពូ​ល​B​ដែលមាន​១៥​ពិន្ទុ ដោយ​ក្នុង​ការប្រកួត​ជម្រុះ​៥​លើក គេ​ឈ្នះ​ទាំង​៥​លើក មិន​ស្គាល់​ចាញ់​នោះឡើយ ។​

សូមបញ្ជាក់ថា កីឡាករ​ខ្លាំង​ទាំង​១០​រូប ដែល​ចូលរួម​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​គូ​បូ​តា​រដូវ​កាល​ថ្មី​ទម្ងន់​៥៤​គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៥​រូប និង អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​-​ឡាវ ៥ រូប ចូលរួម​វាយ​ដណ្តើមយក​ខ្សែក្រវាត់​នេះ ។​

អ្នក​ប្រដាល់​មួយរូបៗ ទាំង​ខ្មែរ ទាំង​ថៃ និង​ឡាវ គឺ​ត្រូវ​ឆ្លងកាត់​ការប្រកួត​ក្នុង​ម្នាក់ៗ ចំនួន ៥ ប្រកួត​ម្នាក់ ហើយ​អ្នក​ដែលមាន​ពិន្ទុ​ច្រើន​២​រូប​ក្នុង​មួយ​ពូ​ល ទាំង​ពូ​ល​ខ្មែរ និង ពូ​ល​ថៃ​-​ឡាវ នឹងត្រូវ​បាន​ឡើងទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu