ក្លិបបាល់ទាត់វិសាខា សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) ត្រៀមចេញដំណើរទៅបោះជំរុំហ្វឹកហាត់និងប្រកួតមិត្តភាពនៅប្រទេសថៃ រយៈពេលខ្លី មុនពេលរដូវកាលថ្មីឆ្នាំ២០១៩ មកដល់ខណៈក្រុមមួយនេះជាបេក្ខភាពមិនអាចរំលងបានក្នុងការប្រជែងយកជើងឯកនៅរដូវកាលខាងមុខនេះ។
លោក ហុក សុចិត្រា អ្នកចាត់ការទូទៅរបស់ក្លិបវិសាខា បានលើកឡើងថា «យើងមានផែនការសម្រាប់ឆ្នាំថ្មីគឺក្នុងខែ១ គឺមាន pre-season tour នៅថៃរយៈពេល១៥ថ្ងៃ ហើយមានការប្រកួត៣ទៅ៤ប្រកួតដូចឆ្នាំមុនដែរ តែយើងកំពុងទាក់ទងថាតើយើងលេងជាមួយក្លិបណា។ សម្រាប់ថ្ងៃដែលយើងត្រូវទៅគឺនៅក្នុងខែ១ យើងបានរៀបចំរួចហើយ»។
សូមបញ្ជាក់ថា ថ្មីៗនេះ ថ្នាក់ដឹកនាំក្លឹបវិសាខា បានសម្រេចប្តូរសមាសភាពដឹកនាំថ្មីដោយចាប់ពីរដូវកាលឆ្នាំ២០១៩ តទៅដោយប្រគល់តួនាទីជាប្រធានក្លិបជូនលោកជំទាវ កែ សួនសុភី ស សុខា វិញ ស្របពេលប្រធានក្លិបចាស់ លោក ស សុខា មិនមានពេលវេលាគ្រាប់គ្រាន់ដើម្បីដឹកនាំក្លិប ព្រោះលោកកំពុងមមាញឹកជាមួយតំណែងដែលទើបជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
ក្រុមវិសាខា បានបង្កើតឡើងពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់លោក ស សុខា នៅកាលនោះ។ បច្ចុប្បន្នក្លឹបមានកីឡាករជាង៣០នាក់ ដែលមានលោក ហុក សុចិត្រា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ដើរតួធ្វើជាអ្នកចាត់ការទូទៅរបស់ក្រុម ខណៈលោក ហុក សុជីវ័ន ជាប្អូនប្រុសបង្កើតធ្វើជាគ្រូបង្វឹក។ ក្រុមវិសាខា បានកសាងកីឡដ្ឋានថ្មីផ្ទាល់ខ្លួន មានទីតាំងនៅតាមផ្លូវលេខ៥៩៨ ខាងឆ្វេងដៃខ្លោងទ្វារ Grand Phnom Penh។ កីឡដ្ឋាននេះអាចផ្ទុកទស្សនិកជនប្រមាណជាង៥០០០នាក់ ដែលមានទីលានជាស្មៅធម្មជាតិ។
សូមរំលឹកថា ចំពោះក្រុមវិសាខា បានបញ្ចប់រដូវកាលចាស់របស់ខ្លួនដោយឈរចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមក្លិបជាសមាជិកទាំង១២ ក្រោយប្រកួត២២លើក ឈ្នះបាន១៤លើក ហើយស្មើគ្នា៣លើក និងចាញ់៥លើក។ ចំណែកក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមវិសាខា បានធ្លាក់ចេញត្រឹមវគ្គ១៦ក្រុមចុងក្រោយចាញ់ក្រុមព្រះខ័នរាជស្វាយរៀង២ទល់១៕
Source: Kampuchea Thmey Daily
0 Comments