Ad Code

ប្រធានាធិបតី​នេ​ប៉ាល់ ​ចាត់ទុក សម្ដេច​តេ​ជោ ហ៊ុន សែន ជា​មគ្គុទ្ទេសក៍​ដ៏​ល្អ ​និង​អង់អាច​របស់​កម្ពុជា ដែល​នាំមក​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​



​ភ្នំពេញ ​៖ ​លោកជំទាវ ប៊ីត​យ៉ា ដេ​វី បាន់​ដាវី (Bidhya Devi Bhandari ) ប្រធានាធិបតី ​នៃ​ប្រទេស​នេ​ប៉ាល់ ​បានធ្វើការ​កត់សំគាល់​អំពី​មគ្គុទ្ទេសក៍​ភាព​ដ៏​ល្អ​ និង​អង់អាច​របស់ ​សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ ដែល​នាំមក​នូវ​សុខសន្តិភាព ​ស្ថិរភាព​នយោបាយ​ និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។​

លោកជំទាវ ចង់ឃើញ​ប្រទេស​កម្ពុជា និង​ជូនពរ​ឲ្យ​ប្រទេស​កម្ពុជា ​ក្លាយទៅជា​ប្រទេស​អភិវឌ្ឍ​ក្នុង​ពេល​ដ៏​ឆាប់។​ លោកជំទាវ បាន​បន្តថា ប្រទេស​នេ​ប៉ាល់ ​ក៏មាន​បំណង​ចង់​ក្លាយទៅជា​ប្រទេស​អភិវឌ្ឍន៍​ផង​ដែរ ហើយ​ពេលនេះ ​ប្រទេស​នេ​ប៉ាល់​ កំពុង​តែមាន​សុខ​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ ហើយ​ប្រទេស​នេះ ​ក៏​កំពុងតែ​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​មានការ​រីកចម្រើន​លើ​វិស័យ​សេដ្ឋកិច្ច ​នឹង​ក្លាយទៅជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​ នៅ​ឆ្នាំ​២០៣០ ខាងមុខ​ផងដែរ។​

លោកជំទាវ ប៊ីត​យ៉ា ដេ​វី បាន់​ដាវី (Bidhya Devi Bhandari ) ប្រធានាធិបតី​ នៃ​ប្រទេស​នេ​ប៉ាល់ ​បាន ចាត់​ទុក​ទស្សនកិច្ច​របស់ ​សម្ដេច​តេ​ជោ​ ហ៊ុន សែន​ មកកាន់​ប្រទេស​នេ​ប៉ាល់ គឺជា​ការ​ចាប់ផ្ដើម​កម្រិត​ខ្ពស់​ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។

​លោកជំទាវ ​មានការ​សប្បាយរីករាយ​បំផុត​ដែល​បាន​ស្វាគមន៍ ​សម្ដេច​ តេ​ជោ ​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ មកកាន់​ ប្រទេស​នេ​ប៉ាល់​។​

លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា លោកជំទាវ ប្រធានាធិបតី នេ​ប៉ាល់ ​បាន​លើកឡើង​បែបនេះ នៅ​ថ្ងៃរសៀល​ថ្ងៃ​ទី​៣០​វិច្ឆិកា​នេះ ក្នុង​ឱកាស​ដែល សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូល​ជួប​សម្ដែង​ការគួរសម​ជាមួយ​លោកជំទាវ។

សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ បាន​មានប្រសាសន៍​អរគុណ​ចំពោះ​ លោកជំទាវ​ ប្រធានាធិបតី​ ដែល​បាន​អនុញ្ញាត​ឲ្យ​សម្ដេច​ បាន​ចូល​ជួប​សំដែង​ការគួរសម។

សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ ​សួរសុខទុក្ខ​ របស់​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ ជូន​ចំពោះ ​លោកជំទាវ ​ប្រធានាធិបតី ​នេ​ប៉ាល់​ ផងដែរ។​

សម្ដេច ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​នេ​ប៉ាល់ ក៏ដូចជា​លោកជំទាវ ប្រធានាធិបតី​នេ​ប៉ាល់ ដែល​បានរៀបចំ​កិច្ចប្រជុំ​អាស៊ី​ប៉ាស៊ីភិច ២០១៨ នៅ​ប្រទេស​នេ​ប៉ាល់។

សម្តេច​បន្តថា​ ទស្សនកិច្ច​របស់​ សម្ដេច​ មកកាន់​ប្រទេស​នេ​ប៉ាល់ ​គឺជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ជា​ប្រវត្តិសាស្ត្រ ​ដែល​មេដឹកនាំ​កម្ពុជា ​មកកាន់​ប្រទេស​នេ​ប៉ាល់។​

​សម្តេច​តេ​ជោ​ បាន​បន្តថា ​ទស្សនកិច្ច​របស់​សម្ដេច​ នឹង​ជួយ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ កា ន់​តែមាន​ភាពប្រសើរឡើង។

សម្តេច ​បាន​ជម្រាប ​លោកជំទាវ ប្រធានាធិបតី​ថា សម្តេច​បាន​ជួប​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់​ និង​រដ្ឋមន្ត្រីការបរទេស​នេ​ប៉ាល់ ហើយ​ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុស្សរណៈ​ចំនួន ៤ ដើម្បី​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ។​

សម្ដេច​មានប្រសាសន៍ថា​ ប្រទេស​យើង​ទាំងពីរ​ មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា​ ទាំង​វប្បធម៌ ដូចនេះ ​យើង​គួរតែ​ជំរុញ​ការលើកតម្កើង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​ទៀត ​មាន ទេសចរណ៍ ពាណិជ្ជកម្ម​ និង​ការវិនិយោគ​បន្ថែមទៀត។

សម្តេច​ បាន​ជម្រាបជូន​ លោកជំទាវ ប្រធានាធិបតី​នេ​ប៉ាល់​ថា​ ការធ្វើដំណើរ​ពី​កម្ពុជា​ មកកាន់​ប្រទេស​នេ​ប៉ាល់​នេះ​ គឺមាន​រយៈពេល​តែ​៣​ម៉ោង​ប៉ុណ្ណោះ ដូចនេះ​យើង​គួរតែមាន​ការហោះហើរ​ត្រង់​រវាង​ទីក្រុង​ នៃ​ប្រទេស​ទាំងពីរ​ ដើម្បី​លើកតម្កើង​នូវ​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​ នៃ​ប្រទេស​ទាំងពីរ​។

សម្តេច​បាន​បន្តថា សម្តេច​ ចង់​មក​ទស្សនកិច្ច​នៅ​ប្រទេស​នេ​ប៉ាល់​ជា​យូរណាស់​មកហើយ ​ព្រោះ ទីនេះ​ គឺជា​កន្លែង​ដែល​ព្រះពុទ្ធ​បានចាប់កំណើត (​ប្រសូត​)។

សម្តេច​ បាន​អរគុណ​ប្រទេស​នេ​ប៉ាល់​ដែល​បានផ្ដល់​ដី​មួយកន្លែង​ដល់​កម្ពុជា​កសាង​វត្ត​នៅ​ក្នុង​ប្រទេស​នេ​ប៉ាល់។

សម្តេច ​បាន​គូស​បញ្ជាក់​ជាថ្មី​ថា សម្តេច​ ពិតជា​ចង់​មកកាន់​ប្រទេស​នេ​ប៉ាល់​ជាថ្មី​ម្តងទៀត ​ក្នុងនាម​ជា​លក្ខណៈ​ឯកជន​ក្រៅផ្លូវការ​ទៅកាន់​ទីក្រុង​លុ​ម្ពី​នី ជាមួយនឹង​ក្រុមគ្រួសារ​របស់​សម្ដេច។ ក្នុង​ព្រះបរមនាម​ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្នុងនាម​សម្ដេច​ផ្ទាល់​ សម្ដេច​បាន​គោរព​អញ្ជើញ​លោកជំទាវ ប្រធានាធិបតី​នេ​ប៉ាល់​ មក​ទស្សនកិច្ច​នៅ​កម្ពុជា ​នៅពេល​វេលា​ដែល​សមស្រប​ណាមួយ។​

ជាការ​ឆ្លើយតប​ លោកជំទាវ ប្រធានាធិបតី​ បាន​មានប្រសាសន៍ថា​ លោកស្រី​មានការ​សប្បាយ​រីករាយ​បំផុត​ ដែល​បាន​ស្វាគមន៍​សម្ដេច​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មក​កាន់​ប្រទេស​នេ​ប៉ាល់។

លោកជំទាវ ប្រធានាធិបតី​បាន​បន្តថា ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន ​គឺជា​ការ​ចាប់ផ្ដើម​កម្រិត​ខ្ពស់​ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ។ លោកជំទាវ ប្រធានាធិបតី ​ក៏បាន​ថ្វាយ​ព្រះពរ​ចំពោះ​ព្រះមហាក្សត្រ​កម្ពុជា​ផងដែរ ​តាមរយៈ​សម្ដេច​តេ​ជោ ​នាយករដ្ឋមន្ត្រី ហើយ​សាជាថ្មី​ម្ដង​ទៀត​ លោកជំទាវ សូម​ថ្លែងអំណរគុណ​ចំពោះ​ការអញ្ជើញ​របស់​ព្រះមហាក្សត្រ ​ក៏ដូចជា​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន​ មក​ទស្សនកិច្ច​នៅ​កម្ពុជា​នៅពេល​ខាងមុខ។​ លោកជំទាវ នឹង​ពិនិត្យមើល​នូវ​ពេលវេលា​ដ៏​សមស្រប​ណាមួយ ​ដើម្បី​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។​

លោកជំទាវ បាន​សម្ដែង​ការរីករាយ​ចំពោះ​ជំនួប​ទ្វេ​ភាគី ​រវាង​ សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ និង​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​ ក្នុងការ​ផ្លាស់ប្ដូរ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។

លោកជំទាវ បន្តថា នេ​ប៉ាល់​ ពិតជា​មាន​វិស័យ​ច្រើន​ ដែល​ត្រូវធ្វើ​សហប្រតិបត្តិការ​ ហើយ​អ្វីដែល​សំខាន់​ គឺ​យើង​ចង់​ជំរុញ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​យើង​ទាំងពីរ​មាន​វិបុលភាព ​និង​វិបុល​សុខ​ជាមួយ​នឹង​ការរីកចម្រើន​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ នៃ​ប្រទេស​យើង​ទាំងពីរ​ទទួល​បាន​នូវ​ភាព​សប្បាយ​រីករាយ។​

លោកជំទាវ បាន​បន្តថា ខ្ញុំ​បាន​ឮ ខ្ញុំ​ពិតជា​រីករាយ​បន្ទាប់ពី​ទទួលបាន​នូវ​របាយការណ៍​លទ្ធផល​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​ នៃ​ប្រទេស​ទាំងពីរ ដែល​ឯកសារ​៤​ ត្រូវបាន​ចុះហត្ថលេខា​រួមគ្នា។

លោកជំទាវ បាន​មានប្រសាសន៍ថា ខ្ញុំ​តែងតែមាន​សុបិន ​ថា​ ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​នេ​ប៉ាល់​អាច​មាន​ការតភ្ជាប់​តាមរយៈ​ជើង​ហោះហើរ​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងទៀត​ រួមទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ជាពិសេស​ការតភ្ជាប់​ជាមួយ​ប្រទេស​ដែលមាន​ប្រជាជនមាន​ជំនឿ​ទៅលើ​ព្រះពុទ្ធសាសនា។

លោកជំទាវ បន្តថា​ ប្រទេស​នេ​ប៉ាល់​ ជា​ទឹកដី​ នៃ​ព្រះពុទ្ធ និង​ទស្សនវិជ្ជា​ព្រះពុទ្ធ ដូច្នេះ​ខ្ញុំ​ពិតជា​រីក​រាយ​ដែល​បានឃើញ​ការចុះហត្ថលេខា​ក្នុង​ការ​តភ្ជាប់​ការហោះហើរ​ រវាង​ប្រទេស​យើង​ទាំងពីរ។ លោកជំទាវ​ នឹង​ខិតខំ​ជំរុញ​ឲ្យ​ពាណិជ្ជករ​ធ្វើយ៉ាងណា​ចូលរួម​នៅក្នុង​វិស័យនេះ។

លោកជំទាវ​ បាន​បន្ត​ស្នើ​ឲ្យ ​សម្ដេច ​តេ​ជោ ​ហ៊ុន សែន ​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ទីក្រុង​លុ​ម្ពី​នី ជា​មួយ​គ្រួសារ​របស់​សម្ដេច​នៅពេល​វេលា​ដ៏​ឆាប់ ហើយ​លោកជំទាវ ក៏បាន​ស្នើ​កុំ​ឲ្យ​មានការ​ពន្យារពេល​ដោយ​លោកជំទាវ បាន​លើក​អំពី​ពាក្យស្លោក​របស់​ប្រទេស​នេ​ប៉ាល់​ថា ​៖ “​ការ​ផ្ដួចផ្ដើម​ គឺ​ត្រូវតែ​ធ្វើ​ឲ្យ​បាន​ឆាប់​”។​

លោកជំទាវ ក៏បាន​ជូនពរ​ចំពោះ​សម្ដេច​ តេ​ជោ ​នាយករដ្ឋមន្ត្រី​ ក៏ដូចជា​ប្រទេស​កម្ពុជា ជាពិសេស​លោកជំទាវ បានធ្វើការ​កត់សំគាល់​អំពី​មគ្គុទ្ទេសក៍​ភាព​ដ៏​ល្អ​ និង​អង់អាច​របស់​ សម្ដេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​ ដែល​នាំមក​នូវ​សុខសន្តិភាព​ស្ថិរភាព​នយោបាយ​ និង​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។​

លោកជំទាវ ចង់ឃើញ​ ប្រទេស​កម្ពុជា ហើយ​បាន​ជូនពរ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយទៅជា​ប្រទេស​អភិវឌ្ឍ​ក្នុងពេល​ដ៏​ឆាប់។

លោកជំទាវ បាន​បន្តថា ប្រទេស​នេ​ប៉ាល់ ​ក៏មាន​បំណង​ចង់​ក្លាយទៅជា​ប្រទេស​អភិវឌ្ឍន៍​ផងដែរ ហើយ​ពេលនេះ​ប្រទេស​នេ​ប៉ាល់ ​កំពុង​តែមាន​សុខ​សន្តិភាព ​និង​ស្ថិរភាព​នយោបាយ ហើយ​ប្រទេស​នេះ​ ក៏​កំពុងតែ​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​មានការ​រីកចម្រើន​លើ​វិស័យសេដ្ឋកិច្ច​ នឹង​ក្លាយទៅជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​នៅ​ឆ្នាំ ២០៣០ ខាងមុខ​ផងដែរ។​

លោកជំទាវ ក៏បាន​មានប្រសាសន៍​ផងដែរ​ថា លោកជំទាវ ចង់​បានឃើញ​ប្រទេស​កម្ពុជា​បន្ត​ទទួល​បាន​នូវ​ការ​រីកចម្រើន​ឥត​ឈប់ឈរ ហើយ​ឥឡូវនេះ​ លោកជំទាវ ដឹងថា កម្ពុជា​ កំពុង​តែមាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ ហើយ​លោកជំទាវ បានធ្វើការ​កត់សម្គាល់​ថា ​ប្រទេស​កម្ពុជា​ មានការ​អភិវឌ្ឍន៍​ជាង​ប្រទេស​នេ​ប៉ាល់ ហើយ​លោកជំទាវ ពិតជា​រីករាយ​នៅក្នុងនាម​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​ដូចគ្នា​ យើង​អាច​សហការគ្នា​ឲ្យ​ទៅមុខ​ទាំងអស់គ្នា។​

សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ បាន​អរគុណ​ចំពោះ​ លោកជំទាវ ប្រធានាធិបតី​ ហើយ​សម្ដេច​ បាន​មាន​ប្រសាសន៍ថា អ្វីដែល​បានកើត​មាននៅ​ប្រទេស​នេ​ប៉ាល់ វា​ក៏បាន​កើនឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

តែ​ហេតុការណ៍​ដែល​បានកើត​មាននៅ​កម្ពុជា គឺ​វា​មាន​ភាព​ធ្ងន់ធ្ងរ​ជាង​ប្រទេស​នេ​ប៉ាល់ ដោយសារតែ​នៅ​កម្ពុ​ជាមាន​របប​ប្រល័យពូជសាសន៍ ​ធ្វើ​ឲ្យ​ស្ថានភាព​ប្រទេស​កម្ពុជា​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​ជាង​ប្រទេស​នេ​ប៉ាល់​។

​សម្ដេច​តេ​ជោ​ បាន​បន្តថា ប៉ុន្តែ​កម្ពុជា​ អាច​ចែករំលែក​បទពិសោធន៍​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដល់​ប្រទេស​នេ​ប៉ាល់​បាន៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu