•សៀវ ង៉ុយ ជួប Pep Sy
ប្រដាល់ ៖ ព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់Wurkz ទម្ងន់៦៧គីឡូក្រាម នៅសង្វៀនSEATV បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ នាល្ងាចថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ រវាង មាជ សុខរ៉ា អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ និង អ្នកប្រដាល់ថៃKeng Kat។
មាជ សុខរ៉ា និង Keng Kat ពួកគេពីរនាក់នេះ ត្រូវបានក្រុមអ្នកវិភាគកីឡាប្រដាល់ក្នុងស្រុករំពឹងទុកថា Keng Kat នឹងក្លាយជាម្ចាស់ជើងឯកខ្សែWurkz ទម្ងន់៦៧ គ.ក្រ នេះ ព្រោះថា Keng Kat ធ្លាប់ផ្ដួលមាជ សុខរ៉ា នេះ ក្នុងទឹកទី២ ម្ដងរួចទៅហើយ នៅក្នុងការជួបគ្នាក្នុងវគ្គជម្រុះក្នុងពូលនោះ។
ក្នុងការប្រកួតវគ្គជម្រុះក្នុងពូលកន្លងមក មាជ សុខរ៉ា ដែលមាន៤ប្រកួតនោះ គេវាយឈ្នះថៃ២ប្រកួតនិងចាញ់២ប្រកួត គឺបាន៨ពិន្ទុ។ អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យរូបនេះ មានកំណត់ត្រាប្រកួត៦៤លើក ឈ្នះ៥៤លើក ចាញ់០៩លើក និងស្មើ០១លើក។
ចំពោះ Keng Kat វិញ គេមានស្នៀតគុនល្អ និងវាយខ្លាំង ហើយបើធៀបជាមួយ មាជ សុខរ៉ា នោះ ឃើញថា Keng Kat គេលើ មាជ សុខរ៉ា។
ក្នុងការប្រកួតជម្រុះ៤លើកនោះ Keng Kat វាយឈ្នះទាំង៤ប្រកួត មាន១២ពិន្ទុ។ Keng Kat គេមានប្រវត្តិប្រកួតចំនួន១០៧លើក ឈ្នះ៩៤លើក ចាញ់១២លើក និងស្មើ០១លើក។
ប៉ុន្តែយ៉ាងណា Keng Kat មិនប្រាកដថាឈ្នះ មាជ សុខរ៉ា នោះទេ ព្រោះថា ការដែលបានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រនោះ ពួកគេទាំងពីរគឺមិនធម្មតានោះឡើយ។ ដូច្នេះ ចាំមើលរវាង មាជ សុខរ៉ា និង Keng Kat តើនរណា នឹងក្លាយជាម្ចាស់ខ្សែក្រវាត់Wurkz ទម្ងន់៦៧គីឡូក្រាមនេះ?។
ចំពោះគូដែលប្រកួតអមគូខ្សែក្រវាត់នេះ ជាការប្រកួតលក្ខណៈអន្តរជាតិ ដែលក្នុងនោះ សៀវ ង៉ុយ អ្នកប្រដាល់ក្លិបកងពលធំអន្តរាគមន៍លេខ២ នឹងត្រូវជួបជាមួយអ្នកប្រដាល់ថៃឈ្មោះ Pep Sy ដោយប្រកួតក្នុងប្រភេទទម្ងន់៥៧គ.ក្រ។
អ្នកប្រដាល់ថៃ ដែល យុគ យក្សផ្លែ ត្រូវតស៊ូជាមួយនោះ ជាជើងខ្លាំងមួយរូបនៅស្រុកថៃ។ Pep Sy គេមានជំនាញប៉ិនប្រសប់ក្នុងការប្រើកណ្ដាប់ដៃ ទាត់ និងជង្គង់។
គេមានប្រវត្តិប្រកួត៥៨លើក ដោយវាយឈ្នះ៥២លើក និងចាញ់០៦លើក មិនដែលស្មើ ខណៈដែលសៀវ ង៉ុយ គេមានប្រវត្តិប្រកួតចំនួន៩៥លើក ឈ្នះ៨០លើក ចាញ់១១លើក និង ស្មើ០៤លើក។
Pep Sy គេធ្លាប់មកប្រកួតនៅស្រុកខ្មែរប៉ុន្មានដងហើយកន្លងមក។ សម្រាប់ការមកប្រកួតលើកនេះ មិនដឹងថា Pep Sy អាចយកឈ្នះ សៀវ ង៉ុយ បាន ឬក៏អត់នោះទេ? ព្រោះ សៀវ ង៉ុយ គេមានតែមត្រង់មានផ្លែជង្គង់ និងកណ្ដាប់ដៃល្អជាង Pep Sy។
ទោះជាយ៉ាងណា ការឈ្នះចាញ់រវាង សៀវ ង៉ុយ និង Pep Sy នេះ ពុំមាននរណាហ៊ានទាយមុនថាអ្នកណាឈ្នះនោះទេ សម្រាប់ការជួបគ្នាលើកដំបូងនេះ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ចេង គា អ្នកប្រដាល់ក្លិបវិបុលដារិទ្ធពោធិ៍សែនជ័យ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយ ហេង វាសនា អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបង។ ពីរនាក់នេះ ជួបគ្នាក្នុងទម្ងន់៦៣.៥០០គីឡូក្រាម។ ហើយ ចំណែក គឹម សុខហេង អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ នឹងត្រូវជួបប្រកួតជាមួយ សល់ ស្រស់ អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា ដោយប្រកួតក្នុងទម្ងន់៥៤គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments