Ad Code

ផ្លូវ​ក្រាល​កៅស៊ូ និង​ក្រាល​ក្រួស​ក្រហម​២៩​ខ្សែ​ មាន​ប្រវែង​៧៨៥​គីឡូម៉ែត្រ​នៅ​ទូទាំង​ខេត្តព្រះវិហារ ដែល ទទួលរង​ការខូចខាត​ដោយសារ​ទឹកភ្លៀង​ បាន​ធ្វើ​ការថែទាំ និង​ជួសជុល​រួចរាល់​១០០%​ហើយ​



ព្រះវិហារ ​៖ លោក សំ លាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បានអោយដឹង​នៅ​ថ្ងៃ​ទី​០១​ធ្នូ ២០១៨​នេះ​ថា ផ្លូវ​ក្រាល​កៅស៊ូ និង​ក្រាល​ក្រួស​ក្រហម​ចំនួន ២៩​ខ្សែ​មាន​ប្រវែង​សរុប ៧៨៥​គីឡូម៉ែត្រ នៅ​ទូទាំង​ខេត្តព្រះវិហារ ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ហើយ​បាន​ខូចខាត​ដោយសារ​ទឹកភ្លៀង​ជោកជាំ​នា​រដូវវស្សា​កន្លងទៅ ពេលនេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បានធ្វើ​ការថែទាំ និង​ជួសជុល​រួចរាល់​​១០០%​ហើយ ដើម្បីអោយ​ប្រជាពលរដ្ឋ ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ ដឹកជញ្ជូន​ទំនិញ កសិផល​ទៅ​លក់​នៅ​ទីផ្សារ ក្នុង​របរ​ចិញ្ចឹមជីវិត ជាពិសេស​ងាយស្រួល ក្នុងការ​ធ្វើដំណើរ​បំពេញបេសកកម្ម​របស់​កងកម្លាំង​នៅ​តាម​ព្រំដែន។

លោក​សំ លាង​ទ្រី ក៏បាន​សូម​អធ្យាស្រ័យ​ពី​សំណាក់​ពុក​ម៉ែ បងប្អូន ប្រជាពលរដ្ឋ​ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​លើ​កំណាត់​ផ្លូវ​ខាងលើ​នាពេល​កន្លងទៅ ហើយ​ជួប​ការលំបាក​ក្នុងការ​ធ្វើដំណើរ​លើ​កំណាត់​ផ្លូវ​មួយចំនួន ដែល​ក្រុមការងារ របស់លោក​ជួសជុល​មានការ​យឺតយ៉ាវ​។ បច្ចុប្បន្ននេះ ផ្លូវ​ទាំងអស់នោះ ត្រូវបានធ្វើ​ការថែទាំ និង​ជួសជុល​រួចរាល់​ហើយ បន្ទាប់ពី​អស់​ទឹកភ្លៀង។

លោក​សំ លាង​ទ្រី​បាន​បន្ថែម​ទៀត​ថា មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​យកចិត្តទុកដាក់​ថែទាំ​ផ្លូវ​ទាំង​អស់​នេះ ដូចជា​លុប​ស្នាម​ប្រេះ ស្រុត សម្អាត​រុក្ខជាតិ​តាម​ដង​ផ្លូវ កៀរ​សម្រួល​ផ្លូវ​ក្រួស​ក្រហម​ជាដើម ។​ល​។​

លោក​សំ លាង​ទ្រី ក៏បាន​សូម​ជូនពរ​ពុក​ម៉ែ បងប្អូន ប្រជាពលរដ្ឋ ទាំងឡាយ​ដែល​អញ្ជើញ​មកពី​ទីជិត​ឆ្ងាយ សូម​មាន​កម្លាំង​មាំមួន និង​សុខ​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu