កំពង់ស្ពឺ ៖ មេខ្លោង និងអ្នកពាក់ព័ន្ធក្នុងសំណុំរឿងប្រើល្បិចរៀបចំផែនការ និងយុទ្ធសាស្ត្របោកប្រាស់អ្នករកស៊ីចងការប្រាក់ប្រមូលលុយបានប្រមាណជាង ១លានដុល្លារ នោះ ពេលនេះត្រូវបានកម្លាំងជំនាញទទួលផែនការងារសន្ដិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបានជាបន្តបន្ទាប់គ្នា។
ក្នុងប្រតិបត្តិការ បំបែកសំណុំរឿងករណីឆបោក ដែលមានជាក្រុមអង្គការចាត់តាំងត្រឹមត្រូវដើរបោកប្រាស់ប្រាក់ពីប្រជាពលរដ្ឋ ដើម្បីថាយកបង់ផ្ដាច់នៅតាមធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជននោះ ធ្វើឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ។
មន្ត្រីនគរបាលទទួលផែនសន្តិសុខ បានឱ្យដឹងថា កម្លាំងជំនាញផែនការងារសន្ដិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបើកបច្ចេកទេសស៊ើបអង្កេតដើម្បីឈានដល់ការបំបែកសំណុំរឿងករណីឆបោកប្រាក់ជាប្រព័ន្ធ ដែលមានលក្ខណៈអង្គការចាត់តាំងច្បាស់លាស់ក្នុងការទំនាក់ទំនងជាមួយម្ចាស់បំណុល និងភ្នាក់ងារផ្នែកកម្ចីឥណទាន (CO) ក្លែងក្លាយហើយចាត់តាំងមនុស្សឱ្យធ្វើជាកូនបំណុលដែលត្រូវខ្ចីប្រាក់ដើម្បីយកទៅបង់ផ្ដាច់នៅតាមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនផ្សេងៗ។
ប្រតិបត្តិការឃាត់ខ្លួនមេខ្លោង និងអ្នករួមគំនិតរកស៊ីដើរឆបោកប្រាក់ប្រជាពលរដ្ឋរហូតជាង ១លានដុល្លារនេះ ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យកាសាលាដំបូងខេត្តកំពង់ស្ពឺផងដែរ។
មេខ្លោង និងអ្នកផ្សំគំនិត ០៧នាក់ ក្នុងករណីរៀបចំផែនការ និងយុទ្ធសាស្ត្រដើរឆបោកយកប្រាក់បានជាង ១លានដុល្លារនោះ រួមមាន ៖
១-ឈ្មោះ ភឿង សុភ័ន ភេទស្រី អាយុ ២៥ឆ្នាំ ទីលំនៅភូមិព្រះខែ ឃុំកាហែង ស្រុកសំរោងទង បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្ដុំហាងខារ៉ាអូខេរស្មីអង្គរ ជាមេខ្លោង មានមុខរបរ អ្នករកស៊ីចងការប្រាក់ និងផ្ដល់សេវាបង់ផ្ដាច់តាមធនាគារ។
២-ឈ្មោះ នី វណ្ណារី ភេទស្រី អាយុ ៣១ឆ្នាំ ទីលំនៅភូមិផ្សារគីឡូលេខ៩ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាមេខ្លោង។
៣-ឈ្មោះ ភឿង ចាន់ឌី ភេទស្រី អាយុ ២៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិព្រះស្រែ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អ្នករួមគំនិតក្នុងអំពើឆបោក (ដើរតួជាអ្នកខ្ចីប្រាក់កូនបំណុលជាបងបង្កើតឈ្មោះភឿង សុភ័ន)។
៤-ឈ្មោះ អ៊ូច សុភា ភេទស្រី អាយុ ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិក្តាន់រោយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល អ្នករួមគំនិតក្នុងអំពើឆបោក។
៥-ឈ្មោះ ស៊ឹម លាប ភេទស្រី អាយុ ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិស្លា ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាអ្នករួមគំនិតក្នុងអំពើឆបោក។
៦-ឈ្មោះ ប៉ែន ស្រីមាន ភេទស្រី អាយុ ៥២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិថ្មី សង្កាត់ផ្សារដីហុយ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួមគំនិតក្នុងអំពើឆបោក។
៧-ឈ្មោះ ផូ ថេងភេទ ប្រុស អាយុ ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិរកាជោ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល អ្នកផ្តល់មធ្យោបាយ (សមគំនិត អ្នករត់កង់បី)។
នគរបាលសន្តិសុខនិយាយថា អ្នកពាក់ព័ន្ធ ០២នាក់ទៀតតាំងខ្លួនជាភ្នាក់ងារផ្តល់កម្ចីរបស់ធនាគារ (CO) កំពុងគេចខ្លួន ហើយសមត្ថកិច្ចកំពុងតាមប្រមាញ់បន្តទៀត។
លោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរង ទទួលផែនការងារសន្ដិសុខ បានឲ្យដឹងថា ក្រុមជនឆបោកទាំង០៧នាក់នេះ ជាបក្ខពួកតែមួយក្រោមការបញ្ជារបស់ឈ្មោះ ភឿង សុភ័ន និងឈ្មោះ នី វណ្ណារី រៀបចំផែនការធ្វើការទំនាក់ទំនងជាមួយអ្នកមានប្រាក់ និងអ្នកមានមុខរបររកស៊ីចងការប្រាក់ឯកជន។
ក្រោយពីការទំនាក់ទំនងតាមផែនការរួចឈ្មោះ ភឿង សុភ័ន និងឈ្មោះ នី វណ្ណារី បានរៀបចំឱ្យអ្នកនៅក្រោមបញ្ជាទៅជួបជាមួយនឹងម្ចាស់ប្រាក់ដើម្បីទទួលប្រាក់ ករណីនេះខាងម្ចាស់ប្រាក់ចង់ដឹងថានៅខ្វះលុយប៉ុន្មាន? នៅក្នុងស្ថាប័នធនាគារឯកជនមួយណា? អ្នកណាជាអ្នកកាន់ឯកសារកូនបំណុល និងបានឲ្យលេខទូរស័ព្ទភ្នាក់ងារផ្តល់កម្ចី (CO) ក្លែងក្លាយ ទៅដល់ម្ចាស់ប្រាក់ទាក់ទងសួរនាំអំពីសាច់ប្រាក់របស់អតិថិជនដែលចង់ខ្ចីបង់ផ្ដាច់ និងការផ្ដល់កម្ចីឱ្យបន្ដវិញ។
លោកបានលើកឡើងទៀតថា ពេលដែលផែនការបានម្រេចលុយដែលយកបាន គឺប្រគល់ឲ្យឈ្មោះ ភឿង សុភ័ន និងឈ្មោះ នី វណ្ណារី រួចក៏ផ្តល់ផលលាភឱ្យអ្នកដើរតួសម្ដែងក្លែងបន្លំតាមជំនាញរៀងៗខ្លួន។
ឆ្លងតាមការស្រាវជ្រាវ និងស៊ើបអង្កេតរបស់មន្ត្រីជំនាញបានបញ្ជាក់ថា ក្រុមឆបោកដោយមានអង្គការចាត់តាំងត្រឹមត្រូវនេះ ដើរស៊ើបរកអ្នកមានប្រាក់ រួចទៅទាក់ទងរបៀបខ្ចីប្រាក់រយៈពេលខ្លីរួចសងវិញដោយផ្ដល់ការប្រាក់ខ្ពស់រួចចាប់ផ្ដើមបញ្ជូនមនុស្សទៅខ្ចីបន្តបន្ទាប់ធ្វើឲ្យម្ចាស់លុយមានការជឿទុកចិត្ដឈានដល់ការឆបោក រួចឆ្លើយរកលេសនេះ លេសនោះថាធនាគារកំពុងជាប់បិទបញ្ជីជាដើម....។
មេខ្លោងឈ្មោះ ភឿង សុភ័ន ក៏មានការរត់ការធានាចេញពីពន្ធនាគារខេត្ដកំពង់ស្ពឺ ដើម្បីដាក់ឲ្យស្ថិតនៅក្រៅឃុំបណ្ដោះអាសន្នក្នុងអំពើឆបោកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ជាង ១.០០០.០០០ (មួយលានដុល្លាអាមេរិក) ខណៈពេលកំពុងរងបណ្ដឹងជាច្រើនទៀតនៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញផងនោះ។
សូមបញ្ជាក់ថា ជនរងគ្រោះខ្លះចាញ់បោកឈ្មោះ ភឿង សុភ័ន ម្នាក់ៗមិនតិចជា ២ម៉ឺនដុល្លារនោះទេ បើសរុបទៅលុយដែលដើរឆបោកបានមិនតិចជាង ១លានដុល្លារនោះឡើយ។
បច្ចុប្បន្នមេក្លោង និងជនពាក់ព័ន្ធករណីខាងលើ ជំនាញបានកំពុងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments