អ្នកប្រដាល់ជើងខ្លាំងកម្ពុជាឡៅ ចន្ទ្រា ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ទទួលស្វាគមន៍ Khum Phit ដែលមកជួបជម្រះបញ្ជី នៅលើសង្វៀនគូបូតាបាយ័នស្ទឹងមានជ័យ នាយប់ថ្ងៃសុក្រទី០៧ ខែធ្នូឆ្នាំ២០១៨នេះ។
Khum Phit នេះ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរប៉ុន្មានលើកហើយកន្លងមក គេវាយចាញ់ឡៅ ចន្ទ្រាដោយពិន្ទុនៅលើសង្វៀនSEATV កាលពីខែតុលាកន្លងទៅនេះ ។អ្នកប្រដាល់ថៃរូបនេះ ក៏ធ្លាប់វាយចាញ់រឿង សោភ័ណ្ឌ ក្លិបមកុដរាជសីហ៍ ដោយពិន្ទុដែរ។ យ៉ាងណា Khum Phit ជាជើងខ្លាំងមួយរូបនៅស្រុកថៃ និងជាម្ចាស់ខ្សែក្រវាត់ផងដែរ។នេះបើតាមប្រវត្តិរបស់Khum Phit ។
ទោះជាយ៉ាងណា ការប្រកួតលើកនេះ ឡៅ ចន្ទ្រា មិនអាចធ្វេសប្រហែសនឹងKhum Phit បានឡើយ ព្រោះអ្នកប្រដាល់ថៃរូបនេះ មិនសាមញ្ញនោះទេ ឆ្លងតាមការជួបគ្នាកន្លងមកនោះ ។
យ៉ាងណាសម្រាប់ការជួបគ្នារវាងឡៅ ចន្ទ្រា និង Khum Phit នេះ គេរំពឹងថា ឡៅ ចន្ទ្រា នឹងឈ្នះការប្រកួតនេះ ។ ដូច្នេះចាំមើល តើ Khum Phit អាចសងសឹកយកឈ្នះឡៅ ចន្ទ្រា បានវិញឬអត់ សម្រាប់ជំនួបលើកទី២នេះ ? ។
ឡៅ ចន្ទ្រា មានកំណត់ត្រាប្រកួតចំនួន១១១លើក ឈ្នះ១០១លើក ចាញ់១០លើក មិនដែលស្មើ។ចំណែក Khum Phitនេះ មានប្រវត្តិប្រកួតតែចំនួន៧០លើកប៉ុណ្ណោះ ក្នុងនោះវាយឈ្នះ៥៧លើក ចាញ់១១លើក និងស្មើ០២លើក ។
ចំពោះការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកលេខ១គូបូតាទម្ងន់៥៤គីឡូក្រាម ដែលជាការប្រកួតជុំចុងក្រោយរបស់រិទ្ធ អាទិត្យ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរនិង អ្នកប្រដាល់ថៃ Kaoreanthong Pctchchinda ។
សម្រាប់ជំនួបជុំចុងក្រោយរបស់រិទ្ធ អាទិត្យ និង Kaoreanthong គឺរិទ្ធ អាទិត្យគ្រាន់តែប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ តែចំពោះ Kaoreanthong គេត្រូវការឈ្នះដើម្បីបានឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
រវាង រិទ្ធ អាទិត្យ និង Kaoreanthong មិនដែលប៉ះគ្នាទេកន្លងមក ។ តែយ៉ាងណា រិទ្ធ អាទិត្យ ប្រហែលជាមិនមានសំណាងបានឈ្នះនោះទេ ព្រោះអ្នកប្រដាល់ថៃ Kaoreanthong គេខ្លាំងជាងនិងមានផ្លែល្អជាង ។
ក្នុងការប្រកួតជម្រុះ៤ជុំកន្លងមកនេះ Kaoreanthong គេវាយឈ្នះអ្នកប្រដាល់កម្ពុជា២ប្រកួត និងចាញ់២ប្រកួត ។ដូច្នេះ បើគេឈ្នះរិទ្ធ អាទិត្យមួយប្រកួតទៀត គេអាចនឹងបានឡើងទៅពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
ចំណែក រិទ្ធ អាទិត្យវិញ គេប្រកួត៤ជុំដូចគ្នា គឺចាញ់ទាំង៤ប្រកួត ។ហេតុនេះ ការប្រកួតលើកចុងក្រោយជាមួយ Kaoreanthongនេះ បើទោះជាគេឈ្នះឬចាញ់ក៏ដោយ ក៏នៅតែជ្រុះធ្លាក់ដែរ ។ និយាយរួម រិទ្ធ អាទិត្យ គេប្រកួតគ្រាន់តែបង្គ្រប់កិច្ចប៉ុណ្ណោះ ។
តែទោះជាយ៉ាងណា សម្រាប់ការជួបគ្នារវាងរិទ្ធ អាទិត្យ និង Kaoreanthong នេះ បើតាមការសន្និដ្ឋានមុននោះ គឺរិទ្ធ អាទិត្យ មិនអាចឈ្នះ Kaoreanthong នេះបានឡើយ ព្រោះអ្នកប្រដាល់ថៃរូបនេះគេខ្លាំងគួរសមដែរ ដោយអាចយកឈ្នះផាន ផាត់យុទ្ធ និងចាន់ សាន់ នោះ ។
សូមបញ្ជាក់ថា អ្នកប្រដាល់មួយរូបៗ ទាំងខ្មែរ ទាំងថៃ និងឡាវ គឺត្រូវឆ្លងកាត់ការប្រកួតក្នុងម្នាក់ៗ ចំនួន ៥ ប្រកួតម្នាក់ ហើយអ្នកដែលមានពិន្ទុច្រើន២រូប ក្នុងមួយពូល ទាំងពូលខ្មែរ និង ពូលថៃ-ឡាវ នឹងត្រូវបានឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រ៕
Source: Kampuchea Thmey Daily
0 Comments