សៀមរាប ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់អង្គរហៅកាត់ថា អាយ ស៊ី ស៊ី អង្គរ (ICC-Angkor)។ ពិធីអបអរសាទរខួប ២៥ ឆ្នាំ ស៊ី ស៊ី អង្គរ (ICC-Angkor) ធ្វើឡើងនៅសណ្ឋាគារសុខាអូតែល។
ពិធីអបអរសាទរនេះ មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និង ប្រធានអង្គការយូណេស្កូ លោកស្រី Audrey Azoulay ផងដែរ។
ការរៀបចំពិធីអបអរសាទរខួប២៥ ឆ្នាំនៃការបង្កើត ICC-Angkor នេះមានគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖ ដើម្បីអបអរសាទរ ភាពជោគជ័យដែលកើតចេញមកពីយន្តការ អាយ ស៊ី ស៊ី អង្គរ ដែលបច្ចុប្បន្នក្លាយជាគំរូនៃកិច្ចការអភិរក្ស និង អភិវឌ្ឍន៍សម្រាប់បណ្តា ប្រទេសនានាលើសាកលលោក។ បង្ហាញមោទនភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជាដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្ត្រយូរលង់មកហើយព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ។ សម្តែងកតញ្ញូ តាធម៌និងគុណូបការៈចំពោះវីរជន ឥស្សរជន និង បុព្វបុរសគ្រប់ជំនាន់ដែលបានលះបង់កាយចិត្តស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌។ បណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឱ្យចេះស្រលាញ់ចូលរួមថែរក្សាការពារនិងលើកតម្កើងបេតិកភណ្ឌ វប្បធម៌ទំនៀមទម្លាប់ប្រពៃណីផូរផង់របស់កម្ពុជា។
បង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យបេតិកភណ្ឌក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ផ្សព្វផ្សាយពីសក្តានុពលវប្បធម៌និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ។
ព្រឹត្តិការណ៍ត្រូវបានរំពឹងថានឹងក្លាយទៅជាការរួបរួមកម្លាំងជាតិតែមួយដើម្បីការពារសម្បត្តិបេតិកភណ្ឌជាតិ,បង្ហាញមោទនភាពជាតិខ្មែរទៅកាន់ឆាកអន្តរជាតិជាពិសេសការផ្សព្វផ្សាយពីមរតកបេតិកភណ្ឌ, ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងសកម្មភាពលើកកម្ពស់វិស័យបេតិកភណ្ឌ,ជំរុញឱ្យកាន់តែស្រលាញ់ថែរក្សានិងអភិរក្សបេតិកភណ្ឌវប្បធម៌ទំនៀមទម្លាប់និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់តំបន់រមណីយដ្ឋាននិងប្រទេសកម្ពុជា។
សមិទ្ធផលសំខាន់ៗដែលICC-Angkorសម្រេចបានក្នុងការងារអភិរក្សនិងអភិវឌ្ឍន៍អង្គរនោះមានដូចជា៖កិច្ចការជួសជុលប្រាសាទនិង អភិរក្សបេតិកភណ្ឌ,គម្រោងបណ្តុះបណ្តាលថែទាំប្រាសាទ ស្រាវជ្រាវអភិវឌ្ឍនិងការចូលរួមរបស់ប្រជាពលរដ្ឋ,លើកតម្លៃរមណីយដ្ឋាន អង្គរតាមរយៈក្រមប្រតិបត្តិអង្គរ,ការពង្រីកប្រព័ន្ធទូរគមនាគមន៍,បណ្តុះបណ្តាលភ្នាក់ងារទេសចរណ៍ប្រចាំការតាមប្រាសាទ,សាងសង់ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និងសារមន្ទីរកុលាលភាជន៍អង្គរនៅភូមិតានីក្រោមជំនួយរបស់ជប៉ុន,សាងសង់សារមន្ទីរវាយនភណ្ឌ ប្រពៃណីអាស៊ីអាគ្នេយ៍ក្រោមកិច្ចសហការទន្លេមេគង្គ-គង្គា(MEKONG-GANGA COOPERATION MGC)និងហិរញ្ញប្បទានឥតសំណ ងពីប្រទេសឥណ្ឌា,បន្តសិក្សានិងរៀបចំផែនការគ្រប់គ្រងទេសចរណ៍នៅអង្គរ(TMP)ដោយសហការជាមួយប្រទេសអូស្ត្រាលី,ការងារជួសជុលនិងស្ថាបនាផ្លូវក្រោមជំនួយអន្តរជាតិនិងមានបដិភាគរបស់អាជ្ញាធរជាតិអប្សរា,ការងារតបណ្តាញអគ្គិសនីនិងការថែទាំស្ទឹងសៀម រាបនិងស្តារប្រព័ន្ធធារាសាស្ត្របង្ការទឹកជំនន់ជាដើម ,កម្មវិធីកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តសៀមរាប គំរោងមានឈ្មោះថា«ខ្សែក្រវាត់ បៃតង» ,គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក,កម្មវិធីអប់រំបេតិកភណ្ឌ។
គណៈកម្មាធិការអាយស៊ីស៊ី(ICC)អង្គរបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយសនិ្នសីទអន្តរជាតិលើកទី១ស្តីពីអង្គរនៅទីក្រុងតូក្យូប្រទេសជប៉ុនតាមសំណូមពររបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពេលទទួលចុះអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ សមាជិកនៃអាយស៊ីស៊ី(ICC)អង្គរមានចំនួន៣៧ប្រទេសមកពីទ្វីប៥និងមានអង្គការអន្តរជាតិចំនួន១៣ទៀតចូលរួមជាសមាជិកដែរ។ បណ្តា ប្រទេសទាំងនោះមាន៖ប្រទេសបារាំង អាល្លឺម៉ង់ អូស្ត្រាលី បែលហ្សិក ប្រ៊ុយណេ កម្ពុជា កាណាដា ដាណឺម៉ាក អេហ្ស៊ីប អេស្ប៉ាញ អាមេ រិក រ៉ូស្ស៊ី ក្រិច ហុងគ្រី ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន ឡាវ លុចហ្សំបួរ ម៉ាឡេស៊ី ម៉ិចស៊ិច ន័រវែស នូវែលហ្សេឡង់ ហូឡង់ ហ្វីលីពីន ប៉ូឡូញ ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង សាធារណរដ្ឋកូរ៉េ ចិន សិង្ហបុរី ស្រីលង្កា ស៊ុយអែត ស្វីស ថៃ ទុយណេស៊ីនិងវៀតណាម។
ចំណែកអង្គការអន្តរជាតិមានដូចជាៈសហភាពអឺរ៉ុប ធនាគារអភិវឌ្ឍន៍អាស៊ី អង្គការស្បៀងអាហារនិងកសិកម្ម អង្គការមូលនិធិរូបិយ វត្ថុអន្តរ ជាតិ អង្គការអ៊ីក្រូម អង្គការអ៊ីកូម អង្គការអ៊ីកូម៉ូស អង្គការទេស ចរណ៍ អន្តរជាតិ អង្គការSEAMEO/SPAFA អង្គការយូណេស្កូ អង្គ ការយូអិនឌីភី អង្គការយូអិនវី និងមូលនិធិប្រាង្គប្រាសាទពិភពលោក (WMF) ។
អាយស៊ីស៊ី ICC អង្គរ គឺជាយន្តការអន្តរជាតិសម្របសម្រួលជំនួយដែលផ្តល់ជូនដោយបណ្តាប្រទេស និងអង្គការផ្សេងៗសម្រាប់ការអភិ រក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិ សាស្ត្រអង្គរ។ អាយស៊ីស៊ីអង្គរជាវេទិកាមួយដែលស្ថាបត្យករ វិស្វករ បុរាណវិទូ អ្នកស្រាវជ្រាវនិងអ្នក បច្ចេកទេសជំនាញផ្សេងៗគ្នាអាចផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈរបស់ពួកគេសម្រាប់ការអភិរក្សនិងការអភិវឌ្ឍនៃឧទ្យានអង្គរ។
ភារកិច្ចសំខាន់របស់អាយស៊ីស៊ីអង្គរគឺស្រោចស្រង់អភិរក្សនិងអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់រមណីយដ្ឋានសៀមរាប-អង្គរ ។ ICC អង្គរបានបញ្ចប់ដំណាក់កាលស្រោចស្រង់អង្គរហើយក្នុងរយៈពេល១០ឆ្នាំ(១៩៩៣-២០០៤) ។ ដំណាក់កាលនេះគឺការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព(២០០៤-បច្ចុប្បន្ន)។ អាយស៊ីស៊ីអង្គររៀបចំកិច្ចប្រជុំរបស់ខ្លួនពីរដងក្នុង១ឆ្នាំម្តងជាមួយសមាជិកគឺកិច្ចប្រជុំ ពេញអង្គនិងម្តងទៀតគឺកិច្ចប្រជុំបច្ចេកទេស។ កិច្ចប្រជុំពេញអង្គផ្តោតទៅលើគោលនយោបាយគ្រប់គ្រងអំពាវនាវសុំជំនួយថវិកា សុពលភាពនៃគម្រោងថ្មីនិងការប្រកាសពីគម្រោងថ្មីនៅអង្គរ។ ជាធម្មតាសម័យប្រជុំពេញអង្គនេះតែងរៀបចំនៅចុងឆ្នាំ។ ចំណែកឯសម័យប្រជុំ បច្ចេកទេសតែងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ ហើយអនុញ្ញាតឲ្យអ្នកជំនាញបច្ចេកទេសផ្លាស់ប្តូរបទពិសោធន៍របស់ពួកគេ ពិភាក្សាអំពីបញ្ហាបច្ចេកទេសនិងជួនកាលស្នើដំណោះស្រាយសម្រាប់បញ្ហាជាក់លាក់។ រាល់សម័យប្រជុំទាំងអស់របស់អាយស៊ីស៊ីអង្គរ ឯកអគ្គរដ្ឋទូត នៃប្រទេសបារាំងនិងជប៉ុននៅកម្ពុជាធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះនិងផ្តល់ជំនួយហិរញ្ញវត្ថុដែលចាំបាច់ផ្សេងៗអង្គការយូណេស្កូទទួលធ្វើជាលេខាធិការដ្ឋាននិងផ្តល់ចំណាយពាក់ព័ន្ធនឹងបេសកកម្មរបស់ក្រុមអ្នកជំនាញជាន់ខ្ពស់ផ្នែកវប្បធម៌ បុរាណវិទ្យានិងការអភិវឌ្ឍ ប្រកបដោយចីរភាព។ចំណែកអាជ្ញាធរជាតិអប្សរាបានរួមចំណែកតាំងពីឆ្នាំ២០០៦ផ្តល់ជាជំនួយហិរញ្ញវត្ថុក្នុងដំណើរការរបស់គណៈកម្មាធិការការចំណាយលើបេសកកម្មក្រុមអ្នកជំនាញជាន់ខ្ពស់និងចំណាយពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំ ។
អាយស៊ីស៊ី អង្គរ មានបទបញ្ជាផ្ទៃក្នុងនិងទទួលរបាយការណ៍អំពីគម្រោងវិទ្យាសាស្ត្រឬគម្រោងអភិវឌ្ឍដែលត្រូវអនុវត្តនៅក្នុងតំបន់អង្គរ ។ អាយស៊ីស៊ី អង្គរ ផ្ទៀងផ្ទាត់ មើលឲ្យមានភាពស៊ីចង្វាក់គ្នារវាងគម្រោងទាំងអស់ហើយប្រសិនបើចាំបាច់ អាយស៊ីស៊ី អង្គរ កំណត់បទដ្ឋានបច្ចេកទេសនិងហិរញ្ញវត្ថុ ដែលតម្រូវឲ្យមាន។
តាំងពីឆ្នាំដំបូងគណៈកម្មាធិការ អាយស៊ីស៊ី អង្គរ ឈានមុខគេក្នុងដំណើរការជជែកពិភាក្សាគ្នាបើកចំហយ៉ាងខ្លាំង ក្នុងចំណោមក្រុមបុរាណវិទ្យានិងស្ថាបត្យកម្មនៃបណ្តាប្រទេសផ្សេងគ្នា។
ដោយសារគណៈកម្មាធិការអាយស៊ីស៊ី អង្គរ បានបំពេញការងារយ៉ាងល្អនិងប្រសិទ្ធភាពនៅអង្គរទើបសហគមន៍អន្តរជាតិបានមូលមតិគ្នាយកសកម្មភាពអាយស៊ីស៊ី អង្គរ នៅអង្គរជាគំរូហើយយកទៅអនុវត្តនៅបណ្តាប្រទេសផ្សេងៗទៀត។ហេតុដូច្នេះហើយអាយស៊ីស៊ី អង្គរ នៅកម្ពុជាបានភ្ជាប់ពាក្យអង្គរគឺ ICC-អង្គរ ដើម្បីកុំឲ្យច្រឡំនឹង ICC ដែលកំពុងដំណើរការនៅតាមប្រទេសដទៃទៀត៕
Source: Kampuchea Thmey Daily
0 Comments