សៀមរាប ៖ ទំនាស់ដ៏រ៉ាំរ៉ៃមួយរវាងអតីតអនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និងមន្ត្រីសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង បានបង្កជាជម្លោះរហូតកើតទៅជាហិង្សា នៅក្នុងដែនអភិរក្សបឹងពារាំង កាលពីព្រលប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងជម្លោះដែលគេមើលឃើញថា អាចផ្តើមចេញពីការចង់បានប្រយោជន៍នេះ លោកស៊ឹម ឈីវឈានពិសិដ្ឋ អតីតជាអនុប្រធានមន្ទីរបរិស្ថានខេត្ត ត្រូវក្រុមមន្ត្រីសហគមន៍ព្រួតវាយរហូតសន្លប់។ ប៉ុន្តែគ្នារបស់លោក៣ទៅ៤នាក់ទៀត មិនបានរងការវាយតប់នោះទេ ខណៈមនុស្សម្នាជាច្រើន រួមទាំងប៉ូលិសមូលដ្ឋានផង ជួយអន្តរាគមន៍រារាំងទប់ស្កាត់។
នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ លោកស៊ឹម ឈីវឈានពិសិដ្ឋ បានផ្តល់បទសម្ភាសន៍ថា នៅព្រលប់ថ្ងៃកើតហេតុ លោកបាននាំខាងសហគមន៍នេសាទចុងឃ្នៀស៣ទៅ៤នាក់ ចុះទៅថតរូបនិងពិនិត្យមើលការបោះតង់ដេករបស់អ្នកទេសចរណ៍ក្នុងតំបន់នោះ។ ក្នុងពេលជាមួយគ្នានោះក៏ត្រូវក្រុមសហគមន៍បឹងពាំរាំង ព្រួតគ្នាវាយមកលើរូបលោករហូតសន្លប់។
លោកបន្តថា ក្នុងពេលកើតហេតុ លោកគង់ មង្គល ប្រធានសហគមន៍បឹងពារាំងក៏នៅទីនោះ ហើយក៏បានបញ្ជាឲ្យកូនចៅឲ្យវាយមកលើរូបលោក(ពិសិដ្ឋ)ផងដែរ។ លោកបន្តថា លោកចុះទៅក្នុងនាមជាអ្នកកាសែត ទៅថតសកម្មភាពការបោះតង់ដេករបស់អ្នកទេសចរណ៍។ ឯការសុំសហការពីមន្ត្រីសហគមន៍នោះ គឺមិនចាំបាច់សុំនោះទេ ពីព្រោះខាងលោកមានសហគមន៍មកពីចុងឃ្នៀសហើយ ម្យ៉ាងបានប្រាប់ប៉ូលិសប៉ុស្តិ៍សង្កាត់ជ្រាវរួចហើយ។
លោកបន្តថា ព្រោះសហគមន៍បឹងពារាំងមិនស្របច្បាប់ ហើយលោកជាអនុប្រធានមន្ទីរបរិស្ថានខេត្ត ហើយធ្លាប់គ្រប់គ្រងទីនោះ។ លោកបញ្ជាក់ទៀតថា ក្នុងអំពើហិង្សាមកលើរូបលោកនេះ លោកបានប្តឹងទាមទារសំណង១លានដុល្លារ(មួយលានដុល្លារ) ពីអ្នកបញ្ជានិងអ្នកដៃដល់។
ជុំវិញការលើកឡើងនិងប្តឹងទារសំណងរហូត១លានដុល្លាររបស់លោកស៊ឹម ឈីវឈានពិសិដ្ឋ ដែលថា ខ្លួនជាអ្នកកាសែត ចៅសង្កាត់ជ្រាវ លោកក្អោប រ៉ន និងលោកគង់ មង្គល ប្រធានសហគមន៍បឹងពារាំង បានធ្វើសន្និសីទកាសែត បកស្រាយបំភ្លឺអំពីករណីនេះ។ លោកចៅសង្កាត់ជ្រាវ លើកឡើងថា ពិតជាមានហិង្សាកើតឡើងមែន នៅក្នុងដែនសហគមន៍បឹងពារាំង។ តែពុំមែនជាអំពើឃាតកម្ម ឬ មនុស្សឃាតគិតទុក ដូចការចោទប្រកាន់នោះទេ។ ផ្ទុយទៅវិញរឿងហិង្សានេះ គឺកើតចេញពីជាតិសុរាដែលបានចូលក្នុងខ្លួនរៀងខ្លួន។ ក្រោយទឹកប្តូរនិស្ស័យចូលពោះរៀងខ្លួន ហើយទំនងជាមានបញ្ចេញសំដីមិនល្អដាក់គ្នា ក៏បង្កើតជាហិង្សាបែបនេះ។
លោកចៅសង្កាត់បញ្ជាក់ថា ក្នុងនាមរូបលោកជាអាជ្ញាធរមូលដ្ឋាន លោកសុំត្រឹមតែសម្របសម្រួលបញ្ចប់រឿងតែត្រឹមនេះ ហើយក៏សុំជួយឧបត្ថម្ភថវិកា១០០០ដុល្លារសម្រាប់ទិញថ្នាំក៏ដូចជាជំងឺចិត្តដល់លោកសិដ្ឋផងដែរ ត្បិតរបួសស្នាមនោះតិចតួចបំផុត ដែលលោកសិដ្ឋបើកឡានខ្លួនឯងពីកន្លែងកើតហេតុមកដល់ប៉ុស្តិ៍ប៉ូលិស និងទៅដល់ផ្ទះបាន។
ចំណែកលោកគង់ មង្គល ប្រធានសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង ក៏បានបញ្ជាក់ក្នុងសន្និសីទកាសែតថា ពិតជាមានហិង្សាមែន។ តែមុនពេលកើតហេតុរូបលោកពុំស្ថិតនៅទីនោះទេ លុះពេលកើតហេតុលោកក៏បានមកជួយអ្នកសហគមន៍ ស្របពេលប៉ូលិសបានទៅដល់ផងដែរ។ នៅមុនកើតហេតុ លោកបានដំណឹងពីមេប៉ូលិសប៉ុស្តិ៍សង្កាត់ជ្រាវថា លោកស៊ឹម ឈីវឈានពិសិដ្ឋ បានចុះទៅបឹងពារាំងដើម្បីប្រកាសរំលាយសហគមន៍នេះចោល តាមបញ្ជារបស់លោកអភិបាលខេត្តសៀមរាប។ ចឹងទេការកើតហិង្សាបែបនេះ អាចទំនងជាលោកសិដ្ឋ ទៅបង្ហាញសកម្មភាពរំលាយសហគមន៍ដល់មន្ត្រីនៅទីនោះ ទាំងគ្មានការផ្តល់ដំណឹងពីអាជ្ញាធរមូលដ្ឋាន មេសហគមន៍ ស្របពេលមេឃងងឹត ដែលពុំមែនជាម៉ោងធ្វើការ។ លោកបន្តថា តាមពិតសហគមន៍បឹងពារាំងគឺមានច្បាប់ត្រឹមត្រូវ ហើយបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ព្រមទាំងក្រសួងពាក់ព័ន្ធនិងសាលាខេត្តសៀមរាបទៀតផង។ ចំណែកការចោទប្រកាន់របស់លោកពិសិដ្ឋ ថាជាអំពើមនុស្សឃាត ហើយរូបខ្ញុំ(គង់មង្គល)នៅពីក្រោយខ្នងនោះ ខ្ញុំបាទសុំច្រានចោលនិងបដិសេធទាំងស្រុង។ ត្បិតរឿងលោកសិដ្ឋ តែងបង្ហោះហ្វេសប៊ុក បង្ខូចកិត្តិយស បរិហាកេរ្តិ៍ រូបខ្ញុំបានដាក់ពាក្យបណ្តឹងទៅតុលាការរួចហើយ ចឹងទេមិនចាំបាច់ប្រឌិតរឿងអីចឹងឡើយ។ រីឯការប្តឹងទារសំណង១លានដុល្លារពីមន្ត្រីសហគមន៍នោះ លោកក៏មិនមានសមត្ថភាពដោះស្រាយនោះដែរ ព្រោះថាមន្ត្រីសហគមន៍ទាំងប្រុសស្រីជាង១៦០នាក់ ពុំមាននរណាមានប្រាក់ខែ ឬ ប្រាក់ឈ្នួលនោះទេ។ តាមពិតពួកគាត់គ្រាន់តែមានឆន្ទៈក្នុងការជួយសង្គម លះបង់ផ្ទាល់ខ្លួន ដេកក្នុងព្រៃចោលប្រពន្ធកូន ស្ទើរតែរកបាយស៊ីពុំបានផង។ នេះបើគ្មានពួកគាត់ មិនដឹងថាត្រី សត្វស្លាបរាប់រយប្រភេទ និងព្រៃលិចទឹកក្នុងតំបន់នេះ ក្លាយជាវាយរហោឋានពីពេលណានោះឡើយ។
លោកបញ្ជាក់ថា ក្នុងករណីនេះ លោកសុំអំពាវនាវដល់ស្ថាប័នច្បាប់ រួមទាំងរាជរដ្ឋាភិបាល មេត្តាពិចារណា និងផ្តល់ភាពសុក្រឹត ដល់រូបលោក រួមទាំងមន្ត្រីសហគមន៍ ពីព្រោះមកទល់ពេលនេះ មិនមានថ្នាក់ដឹកនាំខេត្ត ឬ ក្រសួងពាក់ព័ន្ធ ជូនដំណឹងពីការរំលាយសហគមន៍បឹងពារាំងនេះឡើយ។
ចំពោះករណីអាជ្ញាធរខេត្តកំពុងបើកស៊ើបអង្កេតលើសំណុំរឿងដ៏រាំរ៉ៃនេះផងដែរ។ ទាក់ទិនទៅនឹងករណីនេះដែរ ក្រុមអ្នកវិភាគលើករណីនេះបានសម្តែងការហួសចិត្តនឹងទង្វើទាំងរបស់បុគ្គលមួយក្តាប់តូចព្រោះតែចង់បានលាភសក្ការៈមិនគិតពីផលប្រយោជន៍រួម ដែលពលរដ្ឋប្រឹងប្រែងការពារមិនគិតពីការនឿយហត់៕
Source: Kampuchea Thmey Daily
0 Comments