Ad Code

វិទ្យាស្ថាន​ប៉ាស្ទ័រ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ ដើម្បី​ការពារ​អាយុជីវិត



ភ្នំពេញ​ ៖​ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ឲ្យ​បាន​ទាន់​ពេល​វេលា​ ក្រោយពី​មាន​សត្វ​ឆ្កែ​និង​ឆ្មា​ខាំ ​ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខណៈ​ឆ្នាំ​២០១៨​កន្លងទៅ​ចំនួន​សត្វ​ឆ្កែ ​ឬ ​ឆ្មា​ខាំ​ មានការ​កើនឡើង​។

តាម​ការ​បញ្ជាក់​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​ឲ្យ​ដឹងថា​ ឆ្នាំ​២០១៨​មាន​ជនរងគ្រោះ​ដោយ​សត្វ​ខាំ​ដែល​ភាគច្រើន​សត្វ​ឆ្កែ​និង​ឆ្មា​ចំនួន​២៦០៦៦​នាក់​ ដែល​ចំនួន​នេះ​មានការ​កើនឡើង​លើស​ពី​ឆ្នាំ​២០១៧​ ដែល​មាន​ត្រឹមតែ​២២៤២១​នាក់​ប៉ុណ្ណោះ​។

លោក​វេជ្ជបណ្ឌិត លី សុវត្ថិ អនុប្រធាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ប្រជាពលរដ្ឋ​ទាំងអស់​នៅពេល​មាន​សត្វ​ឆ្កែ​និង​ឆ្មា​ខាំ ត្រូវតែ​ប្រញាប់ប្រញាល់​ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នៅ​វិទ្យាស្ថា​ន​ប៉ាស្ទ័រ ​ហើយ​ចំណែក​អ្នក​រស់នៅ​ខេត្ត​មួយចំនួន ដូចជា​ខេត្ត​ប៉ៃលិន​,​បន្ទាយមានជ័យ​,​សៀមរាប​និង​ពោធិ៍សាត់​ពេល​មាន​សត្វ​ខាំ​ត្រូវ​ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង​ដោយ​មិន​ចាំ​បាច់​ចំណាយពេល​វេលា​និង​ថវិកា​ធ្វើដំណើរ​មក​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នេះ​នៅ​ប៉ាស្ទ័រ​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​ដូច​កាល​មុន​ទៀត​ទេ​។



លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ទៀត​ថា ​ការ​ចាក់​ថ្នាំ​ការពារ​ជំងឺ​ឆ្កែឆ្កួត​បាន​ទាន់​ពេល​វេលា​គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត ​ព្រោះ​យើង​មិនអាច​ដឹង​មុន​ថា​សត្វ​ដែល​ខាំ​មាន​ផ្ទុកមេរោគ​ជំងឺ​ឆ្កែឆ្កួត​ ឬ​ យ៉ាងណា​នោះឡើយ​។

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ទៀត​ថា ​មេរោគ​ជំងឺ​ឆ្កែឆ្កួត ចម្លង​ទៅ​មនុស្ស​តាមរយៈ​ទឹកមាត់​ពេល​សត្វ​ទាំងនោះ​ខាំ​លើ​មនុស្ស​។​ ជំងឺ​នេះ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ទេ​ មនុស្ស​អាច​ស្លាប់​មួយ​រយ​ភាគរយ​ពេល​មេរោគ​ឆ្លង​ចូល​ទៅដល់​ខួរក្បាល​។ ​ប៉ុន្តែ​មាន​ថ្នាំ​ចាក់​បង្ការ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​នៅពេល​យើង​ចាក់​ក្រោយពី​សត្វ​ខាំ​ភ្លាមៗ​។

លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា ​ពេល​ឆ្កែ​ខាំ​ត្រូវ​លាង និង ដុស​សម្អាត​របួស​ភ្លាមៗ​ជាមួយ​សាប៊ូ និង ទឹក​រយៈពេល១៥​នាទី​។ ប្រសិនបើ​គ្មាន​សាប៊ូ ត្រូវ​លាង​សម្អាត​ជាមួយ​ទឹក​ដែលជា​វិធី​ព្យាបាល​បឋម​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ប្រឆាំង​ជំងឺ​ឆ្កែឆ្កួត។ របួស​គួរតែ​សម្អាត​ឲ្យ​បាន​ម៉ត់ចត់​ជាមួយ​អាល់កុល អេតាណុល បេ​តា​ឌី​ន។ ហាម​កុំ​ដាក់​អ្វី​លើ​របួស​ដូចជា​ម្ទេស ទឹក​ផ្លែឈើ​ជាដើម​។ ​កុំ​បិទ​របួស​ជាមួយ​ក្រណាត់ និង ឬ​បង់​រុំ​និង​កុំ​ដេរ​របួស។ ​បន្ទាប់មក​ត្រូវ​បញ្ជូន​អ្នកជំងឺ​ទៅ​គ្រឹះ​ស្ថាន​សុខាភិបាល​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន​សម្រាប់​ការព្យាបាល​និង​ការចាក់​វ៉ាក់សាំង​បន្ថែមទៀត ។

លោក​បញ្ជាក់​ថា ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​គឺ​នៅតែ​បន្ត​ធ្វើ​តេស្ត​រក​មេរោគ​ជំងឺ​ឆ្កែឆ្កួត​លើ​វត្ថុ​វិភាគ​ខួរក្បាល​សត្វ​ឆ្កែ​ដែល​ទទួល​បាន​ពី​តាម​បណ្តា​ខេត្ត​នានា​។​ លទ្ធផល​បាន​បង្ហាញថា​ មាន​មេរោគ​ជំងឺ​ឆ្កែឆ្កួត​ជា​បន្តបន្ទាប់​ដោយសារ​អ្នក​ចិញ្ចឹមសត្វ​ឆ្កែ​ភាគច្រើន​នៅ​កម្ពុជា​គឺ​មិនបាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​ទេ​។

ជំងឺ​ឆ្កែឆ្កួត គឺជា​ជំងឺ​បណ្តាល​មក​ពី​វីរុស​ដែល​អាច​បង្ការ​បាន ប៉ុន្តែ​កាច​សាហាវ​ដែល​បាន និង​កំពុង​សម្លាប់​មនុស្ស​ពី ៣៥០០០ ទៅ ៥០០០០ នាក់​ទូទាំង​ពិភពលោក​ជា​រៀងរាល់ឆ្នាំ​។

របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​បង្ហាញថា ៤០% នៃ​ជនរងគ្រោះ​ពី​ជំងឺ​នេះ គឺ​ក្មេង​ដែលមាន​អាយុ​ក្រោម​១៥​ឆ្នាំ ហើយ​ជា​រៀងរាល់​ឆ្នាំ​មាន​មនុស្ស​ច្រើនជាង​១៥​លាន​នាក់​ទូទាំង​ពិភពលោក​ដែល​បាន​ចាក់​ថ្នាំ​បង្ការ​ជំងឺ​នេះ​ក្រោយពេល​សត្វ​ខាំ​។

តាម​ការ​គណនា​ប៉ាន់ស្មាន​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅ​ឆ្នាំ​២០០៧​បាន​បង្ហាញថា​ កម្ពុជា​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត​ប្រមាណ​៨០០​នាក់​ក្នុង​មួយឆ្នាំៗ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu