Ad Code

រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រំកិល​ប្តូរ​ទីតាំង រូប​សំណាក់​នាង​គ​ង្ហី​ង ទៅ​ទីតាំង​ថ្មី ដើម្បី​ពង្រីក​ផ្លូវ​បន្ថែម សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ



​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រំកិល​ប្តូរ​ទីតាំង រូប​សំណាក់​នាង​គ​ង្ហី​ង ទៅកាន់​ទីតាំង​ថ្មី ដើ​ម្បី​សម្រួលការ​កកស្ទះ​ចរាចរណ៍ ពិសេស​អ្នកដំណើរ ដែល​ធ្វើ​ចរាចរណ៍​លើផ្លូវ​ទេព​ផន ឡើង​ទៅ​មហាវិថី​ព្រះ​មុន្នី​រេ​ត (​ពី​ផ្លូវ​ទេព​ផន បត់​ស្តាំ​) ។



ដោយ​មើលឃើញ​ពី​ភាព​ចង្អៀត​នេះ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​សិក្សា​ឡើងវិញ ហើយ​បានសម្រេច​រំកិល​ប្តូរ​ទីតាំង រូប​សំណាក់​នាង​គ​ង្ហី​ង ទៅកាន់​ទីតាំង​ថ្មី​តែម្តង​។



លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ លើ​ទីតាំង និង​សិក្សា​ពី​លទ្ធភាព លើ​ការងារ រំកិល​រូប​សំណាក់​នាង​គ​ង្ហី​ង ស្តុ​ប​នាង​គ​ង្ហី​ង ដែល​នៅ​ក្បែរ​ស្ពាន​ឆ្លង​ថ្មើរជើង Olympia City ដើម្បី​កែលម្អ ប្រព័ន្ធ​ចរាចរ​ឡើងវិញ ឲ្យ​ដំណើរការ​រលូន និង​អាច​បញ្ចៀស ការ​កកស្ទះ​ចរាច​ណ៍ សម្រាប់​អ្នកដំណើរ​ផងដែរ​។



ពាក់ព័ន្ធ​នឹង​ការ​រំកិល​រូបសំណាក់ នាង​គ​ង្ហី​ង ស្តុ​ប​នាង​គ​ង្ហី​ង ឲ្យ​បានល្អ​ប្រសើរ​ជាង​មុន ក្រោម​ការណែនាំ ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ឲ្យ​ដឹងថា ចំពោះ​ទំហំ​រង្វង់​អាងទឹក រក្សា​ទំហំ​ដដែល ដោយឡែក​សម្រាប់​រូប​សំណាក់​នាង​គ​ង្ហី​ង នឹង​មាន​ការ​លើកកម្ពស់ ពី​៥.៥​ម៉ែត្រ ឡើង​ដល់​៧.៥​ម៉ែត្រ។



លោក​បន្តថា បន្ទាប់ពី​លោក អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​ទីតាំង​ថ្មី ដែល​ត្រូវ​រំកិល រូបសំណាក់​នាង​គ​ង្ហី​ង ហើយ​នោះ លោក ឃួ​ង ស្រេង បាន​ពិនិត្យ ទៅលើ​ស្ពាន​ឆ្លង​ថ្មើរជើង Olympia City ដែល​ជិត​បញ្ចប់​ការ​សាងសង់ និង​ពិនិត្យ​ចំពោះ​ប្រព័ន្ធ​ចរាចរណ៍ ផ្លូវ​ឆ្លងកាត់ និង​ចេញចូល ទៅកាន់​ផ្សារ​ទំនើប Olympia City ផងដែរ​។



បន្ថែម​ពីនេះ លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់ថា នឹងមាន​ការ​ដំឡើង​បង្គោល​ស្តុ​ប នាង​គ​ង្ហី​ង​មួយទៀត ឲ្យ​មាន​លក្ខណៈ​សមស្រប ព្រម​ជា​មួយ​ការ​បំពាក់​ប្រព័ន្ធ​ភ្លើង តាម​ស្ពាន​ថ្មើរជើង ដើម្បី​សម្រួល​ចរាចរណ៍ ក៏ដូចជា​បំភ្លឺ​ភ្លើង​ឲ្យ​ភ្លឺ​ជាង​មុន ដោយសារ​ទីតាំង​ធំ មាន​ភាព​ងងឹត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu