ភ្នំពេញ ៖ ដំណឹងនៃការទទួលមរណភាពរបស់តារាចម្រៀងស្រីវ័យ២៨ឆ្នាំ ដែលត្រូវជាប្អូនស្រីបង្កើតរបស់លោកខេមរៈ សិរីមន្ត និងលោក ខេមរៈ ភារុណគឺកញ្ញា ខេមរៈ ស្រីពៅ បង្កការសោកស្តាយ ស្រណោះអាឡោះអាល័យសម្រាប់ក្រុមគ្រួសារ និង មហាជនរួមទាំងអ្នកសិល្បៈរួមអាជីពជាច្រើន។
ជាក់ស្តែងក្នុងទិដ្ឋភាពរួមតាំងពីយប់ថ្ងៃទទួលសព(២៧ ខែមករា)គេសង្កេតឃើញមានអ្នកគាំទ្រជាច្រើន បាននាំគ្នាទៅរង់ចាំទទួលសពកញ្ញា ខេមរៈ ស្រីពៅ នៅឯព្រលានយន្តហោះពោធិ៍ចិនតុងខណៈមានអ្នកសារព័ត៌មានជាច្រើនក៏បានទៅថតផ្តិតយករូបភាពផងដែរ។ លើសពីនេះនៅថ្ងៃបូជាសពកញ្ញា ខេមរៈ ស្រីពៅ ក៏មានវត្តមានអ្នកសិល្បៈនិងមហាជនជាច្រើនចូលរួមផងដែរ។
សូមបញ្ជាក់ថា តារាចម្រៀងវ័យក្មេងកញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាពកាលពីវេលាម៉ោង១រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅមន្ទីរពេទ្យប្រទេសឥណ្ឌាដោយសារជំងឺសួតនិងក្រលៀនធ្ងន់ធ្ងរ។ ដំណឹងនៃការស្លាប់របស់កញ្ញា ខេមរៈ ស្រីពៅ ភា្លមៗនោះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានបង្ហាញក្តីរន្ធត់ចិត្តនិងបង្ហាញការសោកសៅស្រណោះស្តាយនូវការបាត់បង់អ្នកសិល្បៈស្រីរូបនេះ។
គួរបញ្ជាក់ផងដែរថា តាមរយៈដំណឹងនៃមរណភាពរបស់តារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ នេះដែរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានចាត់ទុកថាមរណភាពកញ្ញា ខេមរៈ ស្រីពៅ មិនត្រឹមតែជាការបាត់បង់ កូនស្រីជាទីស្រឡាញ់ប្រកបដោយកតញ្ញុតាធម៌ចំពោះ ឪពុក ម្តាយ បងប្អូន ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់តារាចម្រៀងដ៏ល្បីមួយរូបរបស់កម្ពុជានិងជាការបាត់បង់នូវធនធានមនុស្សដែលមានវិជ្ជាជីវៈត្រឹមត្រូវ នៅក្នុងវិស័យសិល្បៈផងដែរ៕
Source: Kampuchea Thmey Daily
0 Comments