ស្វាយរៀង ៖ មានអំពើហិង្សាមួយ បានកើតឡើង បណ្ដាលឲ្យបុរសម្នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នាស្លាប់នៅក្នុងថ្លុកឈាម ក្រោយពេលដែលបុរសជាជនដៃដល់ ត្រូវជាបងប្រុសបង្កើត បានកាប់ទៅលើប្អូនរបស់ខ្លួន ត្រូវមួយកាំបិតចំបញ្ឆិតកញ្ចឹងក។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៣និង១០នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះម្តាយរបស់ជនរងគ្រោះ នៅភូមិព្រៃរការ ឃុំដូនសរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
លោកអធិការនគរបាលស្រុកស្វាយជ្រំបានប្រាប់ក្រុមអ្នកសារព័ត៌មានតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៩ខែមករា ឆ្នាំ២០១៩នេះ ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ លី សារ៉ត ភេទប្រុស អាយុ៣១ឆ្នាំ(មានសតិមិនល្អ) ត្រូវជាបង។ ដោយឡែក ជនរងគ្រោះជាប្អូនវិញ ឈ្មោះ លី សារឿន ភេទប្រុស អាយុ២៧ឆ្នាំអ្នកទាំងពីរ រស់នៅភូមិកើតហេតុខាងលើ មានឪពុក ឈ្មោះ ស៊ាង សារុន និងម្តាយឈ្មាះ ស៊ិន សាវន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានប្រពន្ធ ហើយមានកូនមួយទៅរកស៊ីនៅរាជធានីភ្នំពេញយូរៗ ក៏មកលេងផ្ទះម្តង ហើយទាំង២នាក់បងប្អូននេះ ក៏ពុំសូវត្រូវគ្នាទេ ដោយសារពេលជនរងគ្រោះមកលេងផ្ទះម្តងៗ ពុំដែលសល់លុយសល់កាក់ឲ្យអ្នកផ្ទះនោះឡើយ នៅពេលត្រឡប់ទៅវិញ តែងតែសុំលុយម្តាយ ឪពុក ត្រឡប់ទៅវិញរហូត។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុ ជនសង្ស័យ បានផឹកស្រាឡើងស្រវឹង ហើយក៏ចាប់ផ្តើមមានទំនាស់ជាមួយជនរងគ្រោះ ដោយនិយាយថា ទៅរកស៊ីនៅភ្នំពេញយូរហើយមិនដែលឃើញសល់លុយសោះ ចឹងមិនត្រឹមតែប៉ុណ្ណឹងទេ ពេលមកលេងផ្ទះម្តងៗ សុំលុយ២ម៉ឺនរៀលទៅវិញទៀត។ ពេលនោះ អ្នកទាំង២ ក៏មានជម្លោះកាន់តែខ្លាំងឡើង រហូតដល់ទ្រាំមិនបាន ជនដៃដល់ជាបង ក៏បានទៅយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះជាប្អូន បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមតែម្តងទៅ។
ក្រោយពីកាប់ប្អូនស្លាប់ហើយ ជនដៃដល់ បានរត់គេចខ្លួនមកដល់ផ្លូវជាតិលេខ៣១៥ តែត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរបស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ធ្វើការឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីធ្វើកសាងសំណុំរឿងបញ្ជូនឡើងតុលាការសម្រេចតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments