ការជំនុំជម្រះក្តីស្ត្រីពីរនាក់ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់បងប្រុសម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង ត្រូវបានពន្យារពេលកាលពីថ្ងៃចន្ទ រហូតដល់ខែមីនា ហើយករណីនេះនឹងអូសបន្លាយទៅដល់យ៉ាងហោចណាស់ពាក់កណ្តាលឆ្នាំ២០១៩។
នាង Siti Aisyah មកពីប្រទេសឥណ្ឌូនេស៊ីនិងនាង Doan Thi Huong មកពីប្រទេសវៀតណាមត្រូវបានស្ថិតក្នុងការជំនុំជម្រះចាប់តាំងពីខែតុលាឆ្នាំ២០១៧មកបន្ទាប់ពីត្រូវបានគេចោទប្រកាន់ពីបទសម្លាប់លោក Kim Jong Nam ដោយការប៉ាតសារធាតុគីមី VX លើផ្ទៃមុខរបស់គាត់នៅព្រលានយន្តហោះក្រុងគូឡាឡាំពួរ។
ការធ្វើឃាតកាលពីខែកុម្ភៈឆ្នាំ២០១៧មួយនេះបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលប៉ុន្តែស្ត្រីទាំងពីរបានបដិសេធការសម្លាប់ដោយនិយាយថា ពួកគេជឿថា ពួកគេកំពុងចូលរួមក្នុងកម្មវិធីពញ្ញាក់អារម្មណ៍មួយហើយត្រូវបានបោកបញ្ឆោតដោយភ្នាក់ងារកូរ៉េខាងជើង។
ដំណើរការនីតិវិធីនៃការជំនុំជម្រះក្តីស្ត្រីទាំងពីរមានការយឺតយ៉ាវដោយសារតែចំនួនសាក្សីច្រើននិងសវនាការមិនសូវញឹកញាប់។ មិនមានសវនាការទេចាប់តាំងពីខែសីហាមកនៅពេលដែលរដ្ឋអាជ្ញាបានបញ្ចប់ការបង្ហាញករណីរបស់ខ្លួន។
ការពន្យាពេលចុងក្រោយបំផុតនេះត្រូវបានបង្កឡើងដោយការអំពាវនាវពីមេធាវីការពារក្តីដែលកំពុងជំរុញឲ្យរដ្ឋអាជ្ញាធ្វើសេចក្តីថ្លែងការណ៍សំខាន់ៗរបស់សាក្សី។ រដ្ឋអាជ្ញាបានអះអាងថា សេចក្តីថ្លែងការណ៍ទាំងនេះមិនគួរត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ។
ខណៈការប្តឹងឧទ្ធរណ៍នេះនៅតែបន្ត សវនាការជាបន្តបន្ទាប់ដែលបានគ្រោងទុកសម្រាប់សប្តាហ៍នេះគឺត្រូវបានលុបចោលហើយការជំនុំជម្រះក្តីនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី១១ខែមីនាជាមួយការការពារក្តីរបស់នាង Huong។
ព័ត៌មានថ្មីដែលបានផ្តល់ឲ្យដោយតុលាការជាន់ខ្ពស់នៅតំបន់ Shah Alam ខាងក្រៅទីក្រុងគួឡាឡាំពួរបានបង្ហាញពីសវនាការរហូតដល់ថ្ងៃទី៣១ខែកក្កដាខណៈសាលក្រមចុងក្រោយទំនងជាធ្វើឡើងបន្ទាប់ពីកាលបរិច្ឆេទនោះ៕ AFP
Source: Kampuchea Thmey Daily
0 Comments