បាត់ដំបង ៖ ជនសង្ស័យម្នាក់ ដែលកន្លងមក ធ្លាប់មានតួនាទីជាសម្ព័ន្ធអ្នកសារព័ត៌មានផង ជាមន្ត្រីយោធាផង និងជាប្រធានអង្គការ ការពារបរិស្ថានផង ត្រូវបានកម្លាំងសមត្ថកិច្ច នៃកងរាជអាវុធហត្ថស្រុកសំឡូតធ្វើការឃាត់ខ្លួនទៅតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះជាច្រើននាក់ ពាក់ព័ន្ធនឹងករណីឆបោក ក្នុងចំនួនទឹកប្រាក់ប្រមាណជាង១ម៉ឺនដុល្លារ។
ការឃាត់ខ្លួននេះ បានធ្វើឡើង នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ដោយកម្លាំងការិយាល័យ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ស្រុកសំឡូត នៅចំណុច ភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ ឈ្មោះ ទេព ពេជ្រ ហៅទេពវិសាល ហៅ រុន សឿម ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរជាប្រធានអង្គការការពារបរិស្ថាន រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះចំនួន៤នាក់ ដែលក្នុងនោះមាន ១.ឈ្មោះ គឹម ហឿង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិថ្មគោលត្បូង ឃុំថ្មគោល ស្រុកថ្មគោល។ ២.ឈ្មោះ ឈីវ ប៊ុនឆៃ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិតាអ៊ុងកើត ឃុំរលួល ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ៣. ឈ្មោះ ប្រាក់ សំអេន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិដប់បាត សង្កាត់រលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ និង ៤.ឈ្មោះ ប៉ាវ សូវៀត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយបានប្តឹងជនសង្ស័យ ពីបទឆបោក កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ដោយជនសង្ស័យបានសន្យាថា នឹងនាំពួកគេឲ្យបានចូលបម្រើក្នុងជួរកងទ័ព ដែលសរុបជាទឹកប្រាក់ចំនួន ១០.៦០០ ដុល្លារ។
គួរបញ្ជាក់ដែរថា កន្លងមក ជនសង្ស័យរូបនេះ ធ្លាប់ស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីយោធា ដោយពេលខ្លះពាក់ផ្កាយ១ ហើយពេលខ្លះទៀត មានពាក់ផ្កាយ២ផងដែរ ដែលឯកសណ្ឋាននេះ បើតាមការបង្ហើបពីសមត្ថកិច្ចបាននិយាយថា គឺគ្រាន់តែជាការបញ្ឆោតឲ្យពើរដ្ឋយល់ច្រឡំ និងមានទំនុកចិត្តតែប៉ុណ្ណោះ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តរៀបចំបញ្ជូនទៅតុលាការកាលពីព្រឹកមិញនេះហើយ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments