សៀមរាប ៖ លោក Dmitry Kobylkin រដ្ឋមន្ត្រីបរិស្ថាន នៃប្រទេសរុស្សី បានអញ្ជើញមកទស្សនៈនៅខេត្តសៀមរាប រយៈពេលមួយថ្ងៃ ដើម្បីទស្សនានូវប្រាង្គប្រាសាទនានា នៃទឹកដីប្រវត្តិសាស្ត្រ ក្នុងន័យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង ដោយមានការអមដំណើរទទួលបដិសណ្ឋារកិច្ច ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និង មន្ត្រីរាជការ មន្ទីរពាក់ព័ន្ធជាច្រើននាក់ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។
លោក Dmitry Kobylkin រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន នៃសហព័ន្ធរុស្សី និងគណៈប្រតិភូបានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ស្រះស្រង់ ទំនប់បារាំង និងបារាយខាងលិច។
ក្នុងដំណើរទស្សនកិច្ចនេះ បន្ទាប់ពីឯកឧត្ដម បានអញ្ជើញចូលជួបសម្ដែងការគួរ ជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩កន្លងមក នៅទីក្រុងភ្នំពេញ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង រវាងប្រទេសកម្ពុជា និងរុស្ស៊ី ដោយបានយល់ស្របគ្នាក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា លើបញ្ហាបរិស្ថាននាពេលបច្ចុប្បន្ន និងទៅអនាគត។
នៅក្នុងជំនួបនេះ ឯកឧត្ដម សាយ សំអាល់ និង លោក Dmitry Kobylkin បានផ្លាស់ប្ដូរទស្សនៈ ស្ដីពីកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិ។
លោក Dmitry Kobylkin បានសំដែងការអបអរសាទរ និងគាំទ្រលទ្ធផល នៃកិច្ចប្រជុំលើកទី១ នៃក្រុមការងារ កម្ពុជា- រុស្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ដែលជំរុញបង្កើតឲ្យមានគម្រោងសហប្រតិបត្តិការរួមគ្នាលើវិស័យបរិស្ថាន នៃប្រទេសទាំងពីរកម្ពុជា-រុស្សី។
ឯកឧត្តម បានលើកឡើងថា ប្រទេសរុស្ស៊ី បានកែលំអគុណភាព នៃការរស់នៅរបស់ប្រជាជន ដោយផ្តោតលើការគ្រប់គ្រងទឹក ខ្យល់ ការអភិវឌ្ឍ នៃជីវបច្ចេកវិទ្យា និងការអភិរក្សជីវចម្រុះបានល្អ។
ឯកឧត្ដមរដ្ឋមន្ត្រីធនធានធម្មជាតិ និងបរិស្ថានរុស្សី បានបញ្ជាក់ផងដែរថា ការការពារបរិស្ថាន គឺជាអាទិភាពមួយសម្រាប់ប្រទេសរុស្ស៊ី ហើយចង់ស្វែងរកកិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងនេះជាមួយកម្ពុជា។
នៅក្នុងឱកាសនេះ ឯកឧត្ដម រដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថា ប្រទេសរុស្ស៊ី គឺជាដៃគូល្អ និងដែលគួរឲ្យទុកចិត្ត។ ឯកឧត្ដម បានជម្រាបអំពីការអភិវឌ្ឍនាពេលថ្មីៗ របស់ប្រទេសកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ដែលបង្ហាញពីការផ្លាស់ប្ដូរជាវិជ្ជមានក្នុងការគ្រប់គ្រងខ្យល់ ទឹក និងដី។
ឯកឧត្ដមរដ្ឋមន្ត្រី បានចង្អុលបង្ហាញពីការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ និងបានស្វាគមន៍ចំពោះវិនិយោគិនរុស្ស៊ីនៅក្នុងវិស័យទេសចរណ៍នេះ។ លើសពីនេះទៀត ឯកឧត្តម បានលើកឡើងពីសារៈសំខាន់ នៃការអភិវឌ្ឍទីក្រុង និងការបង្កើតគម្រោងជាទីក្រុងមេត្រីភាពបរិស្ថាន៕
Source: Kampuchea Thmey Daily
0 Comments