Ad Code

ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រះវិហារ​ហ្វីលីពីន​បង្ក​ឲ្យ​មាន​ក្តី​ព្រួយបារម្ភ​អំពី​ដំណើរការ​សន្តិភាព



ការ​បំផ្ទុះ​គ្រាប់បែក ​ដែល​អះអាង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ព្រះវិហារ​កាតូលិក​មួយ​ដែល​បានសម្លាប់​មនុស្ស​២០​នាក់​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​ បានដាក់​សម្ពាធ​ថ្មី​ទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​សន្តិភាព​ដែលមាន​គោលបំណង​បញ្ចប់​អំពើហិង្សា​បំបែក​ខ្លួន​រយៈពេល​ច្រើន​ទសវត្ស​។​

ការផ្ទុះ​ចំនួន​ពីរលើក​បាន​វាយប្រហារ​ព្រះវិហារ​លើ​កោះ Jolo ដែលមាន​ជន​មូស្លីម​ភាគច្រើន​ដោយបាន​សម្លាប់​អ្នក​ថ្វាយបង្គំ​នៅ​ពិធី​សាសនា​កាលពី​ថ្ងៃអាទិត្យ​និង​កងកម្លាំង​សន្តិសុខ​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​ដ៏​អាក្រក់​បំផុត​មួយ​របស់​ប្រទេស​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

ក្រុម​អ្នកជំនាញ​បាន​សម្តែង​ការព្រួយបារម្ភ​នៅ​ថ្ងៃ​ចន្ទ​អំពី​ផលប៉ះពាល់​នៃ​ការវាយប្រហារ​នេះ​ទៅលើ​ការជំរុញ​អស់​រយៈពេល​ជាច្រើន​ទសវត្ស​សម្រាប់​សន្តិភាព​ដែល​បាន​ឈានដល់​ចំណុចកំពូល​កាលពី​សប្ដាហ៍​មុន​នៅក្នុង​ការបោះឆ្នោត​គាំទ្រ​ដល់​ការពង្រីក​ការគ្រប់គ្រង​របស់​ពួក​មូស្លីម​នៅ​ភាគខាងត្បូង​។​

ការបោះឆ្នោត​នោះ​គឺជា​លទ្ធផល​នៃ​ការចរចារ​ដែល​បានចាប់ផ្តើម​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​ជាមួយ​ក្រុម​ឧទ្ទាម​ដ៏​ធំ​បំផុត​របស់​ប្រទេស​នេះ​គឺ​រណសិរ្ស​រំដោះ​ឥស្លាម​ម៉ូ​រ៉ូ (MILF) ហើយនឹង​ផ្តល់​ឲ្យ​ពួកគេ​នូវ​អំណាច​ដ៏​ច្រើន​សន្ធឹកសន្ធាប់​លើ​តំបន់​ដែលមាន​ឈ្មោះថា Bangsamoro ។​

ការអះអាង​របស់​ក្រុម IS នៅក្នុង​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​មួយ​បាន​និយាយថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចំនួន​២​នាក់​បាន​បំផ្ទុះ​ខ្សែក្រវាត់​ផ្ទុះ​។ នេះ​បើ​យោងតាម SITE Intelligence Group ដែលជា​ក្រុម​ឃ្លាំមើល​សកម្មភាព​រប​ស់​ពួក​ជី​ហាដ​។​

ប៉ុន្តែ​របាយការណ៍​យោធា​មួយ​បាន​និយាយថា គ្រាប់បែក​ទី​ពីរ​ត្រូវបាន​ទុក​ក្នុង​ប្រអប់​លើ​ម៉ូតូ​មួយគ្រឿង​នៅ​ចំណត​ខាងក្រៅ​ព្រះវិហារ​។ ប៉ូលិស​បាន​និយាយថា ពួកគេ​ជឿថា គ្រាប់បែក​នោះ​ត្រូវបាន​បំផ្ទុះ​ពី​ចម្ងាយ​ដោយ​ប្រើ​តេ​ឡេ​បញ្ជា​។​
​ទោះបី​ជាមាន​ភាពផ្ទុយ​គ្នា​ក៏ដោយ អាជ្ញាធរ​មិនបាន​បដិសេធ​ការពាក់ព័ន្ធ​របស់​ក្រុម IS ឡើយ​។​

ការវាយប្រហារ​នៅ​ព្រះវិហារ​នេះ​បាន​កើតឡើង​បើទោះបី​លោក​ប្រធានាធិបតី Rodrigo Duterte បានដាក់​តំបន់​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​ស្ថិតនៅក្រោម​ច្បាប់​អ​ជ្ញា​សឹក​បន្ទាប់ពី​ពួក​សកម្មប្រយុទ្ធ​គាំទ្រ​ក្រុម IS បាន​រឹបអូស​យក​ទីក្រុង​ភាគខាងត្បូង Marawi នៅ​ខែឧសភា​ឆ្នាំ​២០១៧​ក៏ដោយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu