Ad Code

លោក ​វេ​ង សាខុន បញ្ជា​ឲ្យ​មន្ត្រី និង​អ្នក​ពាក់ព័ន្ធ ក្រុមហ៊ុន ឬ​ឈ្មួញ​ប្រមូល​ទិញ​ស្រូវ បើក​កិច្ចប្រជុំ​បន្ទាន់ ​



កំពង់ចាម ​៖ ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​នូវ​វិទ្ធង្សនា​សេដ្ឋកិច្ច ដែល​បង្កឡើង​ដោយ​ជន​អគតិ​ ដែល​យក​ហេតុ​ផល ​នៃ​ការធ្លាក់ចុះ​តម្លៃ​ស្រូវ​នាពេលនេះ លោក វេ​ង​សាខុន បាន​ណែនាំ​បញ្ជា​ឲ្យ​មន្ត្រី​កសិកម្ម រៀបចំ​កិច្ចប្រជុំ​ជាបន្ទាន់ ដោយ​អញ្ជើញ​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ក្រុមហ៊ុន ឬ​ឈ្មួញ​ប្រមូល​ទិញ​ស្រូវ ពិសេស​អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត ដើម្បី​សិក្សា​ពី​មូល​បញ្ហា រួច​ដាក់​ចេញ​នូវ​យន្តការ​ដោះ​ស្រាយ និង​ចុះ​អន្តរាគមន៍​ជូន​ប្រជាពលរដ្ឋ​ជាបន្ទាន់​។​

ការណែនាំ​របស់ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ៨​រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៩ ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​រប​ស់​មន្ត្រីរាជការ និង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ថ្មី ខេត្ត​កំពង់ចាម។​

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ជូន​អង្គ​ពិធី​ជ្រាប​ថា ការតែងតាំង​ និង​ការផ្ទេរ​សម្រួល​ភារកិច្ច​មន្ត្រីរាជការ​នា​ថ្ងៃនេះ គឺ​ស្របតាម​តម្រូវការ​ចាំបាច់​ នៃ​ការធ្វើកំណែទម្រង់​ស្ថាប័ន ការ​រីកចម្រើន​ ទាំង​ចំណេះដឹង និង​បទពិសោធន៍​របស់​មន្ត្រី​រាជការ ដែល​តម្រូវ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​សមស្រប​តាម​គោលនយោបាយ​កំណែ​ទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល និង​ការវិវឌ្ឍន៍​រីកចម្រើន​ នៃ​សេដ្ឋកិច្ច​ជាតិ​ក្នុង​ពេល​បច្ចុប្បន្ន​។​

ឆ្លៀត​យក​ឱកាស​នេះ លោក​រដ្ឋមន្ត្រី​ បាន​លើក​យក​បញ្ហា​តម្លៃ​ស្រូវ​ដែល​កំពុង​ធ្លាក់​ចុះ​នាពេលនេះ មក​ពិភាក្សា​ និង​ធ្វើ​ការណែនាំ​ដល់​មន្ត្រី​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឲ្យ​រៀបចំ​កិច្ចប្រជុំ​ជាបន្ទាន់ ដោយ​អញ្ជើញ​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ក្រុមហ៊ុន ឬ​ឈ្មួញ​ប្រមូល​ទិញ​ស្រូវ ពិសេស​អភិបាល ​នៃ​គណៈ​អភិបាល​ខេត្ត ដើម្បី​សិក្សា​ពី​មូល​បញ្ហា រួច​ដាក់​ចេញ​នូវ​យន្តការ​ដោះស្រាយ និង​ចុះ​អន្តរាគមន៍​ជូន​ប្រជាពលរដ្ឋ​ជាបន្ទាន់ ជាពិសេស​ទប់ស្កាត់​ឲ្យ​បាន​នូវ​វិទ្ធង្សនា​សេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយ​ជន​អគតិ​ដែល​យក​ហេតុផល ​នៃ​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​នា​ពេល​នេះ គឺ​បណ្តាល​មកពី​សហភាព​អឺរ៉ុប​យក​ពន្ធ​នាំចូល​អង្ករ​ពី​កម្ពុជា​ចំនួន​២០០​ដុល្លារ ​ក្នុង​១​តោន​។​

​ចំពោះ​ប្រធាន​មន្ទីរ​ថ្មី​ ដែល​នឹងត្រូវ​ចូលកាន់​តំណែង​ចាប់ពី​ថ្ងៃនេះ លោក​រដ្ឋមន្ត្រី​ បាន​ធ្វើ​ការណែនាំ និង​ផ្តល់​អនុសាសន៍​ល្អៗ​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង ដឹកនាំ​ការងារ និង​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​ជា​ត្រី​វិស័យ​យ​ក​ទៅ​បំពេញ​តួនាទី និង​ភារកិច្ច​ដែល​ថ្នាក់ដឹកនាំ​ក្រសួង​ប្រគល់​ជូន​ឲ្យ​ទទួល​បាន​ជោគជ័យ​បន្ថែមទៀត ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម ​៖
១-​ត្រូវ​យកចិត្តទុកដាក់ អំណត់​អត់ធន់ ទន់ភ្លន់​តែ​ម៉ឺងម៉ាត់ និង​រៀន​សូត្រ​ដកស្រង់​បទពិសោធន៍ ​ពី​ការងារ​ដែល​យើង​ធ្លាប់​ជួបប្រទះ ដើម្បី​ឲ្យ​ក្លាយ​ខ្លួន​ទៅជា​អ្នកដឹកនាំ ​ដែល​មាន​គំរូ​ល្អ មាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ល្អ​។ ត្រូវ​ពង្រឹង​សមត្ថភាព គុណភាព​ការងារ និង​មនសិការ​វិជ្ជាជីវៈ​របស់​មន្ត្រីរាជការ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ការងារ និង​ធានា​ការ​បំពេញភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​។​
២-​ការផ្លាស់ប្ដូរ​ឥរិយាបថ អ្នក​ផ្ដល់​យោបល់ អ្នក​ប្រឹក្សា​យោបល់ ការ​សម្របសម្រួល និង​ភាព​ប៉ិន​ប្រសព្វ​ក្នុងការ​ទំនាក់ទំនង គឺជា​កត្តា​សំខាន់ៗ ​នៃ​ការផ្តល់​សេវា​សាធារណៈ ហើយ​ជា​រួម​ ត្រូវមាន “​ចរិត​មហាជន​” ពោល​គឺ​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ព័ត៌មាន​ទាក់ទង​នឹង​បច្ចេកទេស​ជំនាញ​ឲ្យ​ទូលំទូលាយ ​និង​ចំ​គោលដៅ​ក្នុង​គោលបំណង​ ដើម្បី​ចែករំលែក​នូវ​ចំណេះដឹង​បច្ចេកទេស​ថ្មីៗ និង​បទពិសោធន៍​ល្អៗ​។​
៣-​ត្រូវ​នាំគ្នា​ចុះ​មូលដ្ឋាន​បម្រើ និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទូលំទូលាយ ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធភាព​។​
៤-​ខិតខំ​ធ្វើការ​ផ្សព្វផ្សាយ​ការងារ​បច្ចេកទេស​ទាក់ទង​ផលិតកម្ម​ស្រូវ បន្លែ ដំណាំ​កសិឧស្សាហកម្ម ផលិតកម្ម​សត្វ និង​សុខភាព​សត្វ តាមរយៈ​ធ្វើការ​ផ្សព្វផ្សាយ​ពូជ ចំណី ជំងឺ និង​ពង្រឹង​ការគ្រប់គ្រង​លើ​ការ​ធ្វើ​អាជីវកម្ម​សម្ភារៈ​កសិកម្ម​ឲ្យ​បាន​ល្អ​។

ដោយឡែក វិស័យ​ព្រៃឈើ និង​ជលផល ត្រូវ​ធ្វើ​ការ​ការពារ​ធន​ធាន​ធម្មជាតិ និង​អភិវឌ្ឍន៍​សហគមន៍​ឲ្យ​មាន​ការ​រីកចម្រើន​ ដើម្បី​កែលំអ​ជីវភាព លើកកម្ពស់​ប្រាក់ចំណូល កាត់បន្ថយ​ភាព​ក្រីក្រ កាត់​បន្ថយ​ការពឹង​អាស្រ័យ​តែ​លើ​ផល និង​អនុផល​ព្រៃឈើ​ ហើយក៏​ត្រូវ​អភិវឌ្ឍន៍​វិស័យ​វារីវប្បកម្ម​ផង​ដែរ​។ ទន្ទឹម​នោះ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​លិខិត​បទដ្ឋាន​គតិយុត្តិ​របស់​ក្រសួង​ ក៏ដូចជា​របស់​រាជ​រដ្ឋា​ភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព​។​
៥-​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ឲ្យ​បាន​គង់វង្ស​ល្អ និង​ត្រូវ​ផ្តល់​កិច្ចសហការ​ល្អជា​មួយ​ស្ថាប័ន មន្ទីរ​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ឲ្យ​បាន​ល្អប្រសើរ ប្រយោជន៍ ​ដើម្បី​សម្រួល​ការងារ សហការ​អនុវត្ត​គោលនយោបាយ និង​ផែនការ​សកម្មភាព​នានា​ទៅ​ដោយ​រលូន និង​ទទួល​បាន​លទ្ធផល​ប្រពៃ​៕​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu