នាយករដ្ឋមន្ត្រីជប៉ុនបានប្តេជ្ញាកាលពីថ្ងៃចន្ទថានឹង “បំបែកភាពមិនជឿទុកចិត្តគ្នាទៅវិញទៅមក” ជាមួយកូរ៉េខាងជើងដោយការជួបប្រជុំជាមួយមេដឹកនាំលោកគីមជុងអ៊ុនដោយផ្ទាល់និងស្តារទំនាក់ទំនងការទូតរវាងគូសត្រូវជាប្រវត្តិសាស្ត្រទាំងពីរ។
នៅក្នុងសុន្ទរកថាអំពីគោលនយោបាយដ៏សំខាន់មួយដើម្បីកត់សម្គាល់ពីការបើករដ្ឋសភា លោកស៊ីនហ្សូអាបេក៏បានប្តេជ្ញាផងដែរថានឹងជំរុញចំណងទាក់ទងចិន - ជប៉ុនឲ្យទៅកាន់ដំណាក់កាលថ្មីមួយហើយសន្យាចំពោះកញ្ចប់ថវិកាក្នុងកំណត់ត្រាមួយដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលកំពុងធ្លាក់ចុះនៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់ទី៣របស់ពិភពលោកមួយនេះ។
លោកអាបេបាននិយាយថា “ខ្ញុំនឹងធ្វើការតាំងចិត្តក្នុងការឆក់យកឱកាសគ្រប់បែបយ៉ាងដើម្បីបំបែកនូវការមិនទុកចិត្តគ្នាទៅវិញទៅមកហើយខ្ញុំនឹងជួបផ្ទាល់ជាមួយលោកប្រធានគីមជុងអ៊ុនដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើងព្រមទាំងបញ្ហាចាប់ពង្រត់ផងដែរ”។
ទោះបីជាយ៉ាងណាក៏ដោយ លោកអាបេមិនបានផ្តល់ពេលវេលាសម្រាប់ជំនួបជាមួយមេដឹកនាំកូរ៉េខាងជើងទេប៉ុន្តែការលើកឡើងនេះបានធ្វើឡើងខណៈដែលលោកគីមបានបញ្ជាឲ្យរៀបចំសម្រាប់កិច្ចប្រជុំកំពូលជាលើកទីពីរជាមួយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដែលទំនងជានឹងកើតឡើងនៅចុងខែក្រោយ។
លោកអាបេបាននិយាយថា “ខ្ញុំនឹងផ្តោតលើការធ្វើឲ្យទំនាក់ទំនងការទូតមានភាពល្អប្រសើឡើងវិញដោយការដោះស្រាយរឿងរ៉ាវមិនល្អកាលពីអតីតកាល”។ លោកអាបេបាននិយាយបែបនេះដោយសំដៅដល់ភាពឈឺចាប់ដែលបង្កឡើងដោយប្រទេសជប៉ុនក្នុងសម័យអាណានិគមនិយមដ៏ព្រៃផ្សៃរបស់ខ្លួនលើឧបទ្វីបកូរ៉េមុននិងអំឡុងសង្គ្រាមលោកលើកទី២។
សារស្តីពីការសម្របសម្រួលនេះគឺផ្ទុយគ្នាស្រឡះកាលពីមួយឆ្នាំមុននៅពេលដែលលោកអាបេបានប្រើប្រាស់សុន្ទរកថាសភាដូចគ្នានេះដើម្បីដាក់ចេញវិធីសាស្ត្រម៉ឺងម៉ាត់ដោយសន្យាថានឹងបង្ខំឲ្យកូរ៉េខាងជើងផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនហើយហៅកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់ក្រុងព្យុងយ៉ាងថាជា “ការគំរាមកំហែងធ្ងន់ធ្ងរនិងមិនធ្លាប់មានពីមុនមក”។
លោកអាបេបានធ្វើយុទ្ធនាការជាយូរមកហើយដើម្បីដោះស្រាយជម្លោះផ្លូវចិត្តដែលទាក់ទងនឹងការចាប់ពង្រត់ជនជាតិជប៉ុនដោយភ្នាក់ងារកូរ៉េខាងជើងក្នុងអំឡុងសម័យសង្គ្រាមត្រជាក់ដើម្បីហ្វឹកហាត់អ្នកស៊ើបការណ៍របស់ក្រុងព្យុងយ៉ាង៕ AFP
Source: Kampuchea Thmey Daily
0 Comments