Ad Code

ប្រកាស​មុខតំណែង​អភិបាលរង​ ស្រុក​ចន្ទ្រា​



​ស្វាយរៀង ​៖​ លោកស្រី សំ ថា​វី ត្រូវ​តែងតាំង​ជា​អភិបាលរង​ស្រុក​ចន្ទ្រា​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩​នេះ នៅ​សាលប្រជុំ​សាលាស្រុក​ចន្ទ្រា មាន​រៀបចំ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរង នៃ​គណៈ​អភិបាលស្រុក​ចន្ទ្រា ក្រោម​អធិបតីភាព​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ស្ថាប័ន​នានា ក្នុង​ខេត្ត ស្រុក មន្ត្រីរាជការ កងកម្លាំង​គ្រប់ផ្នែក​ចូលរួម​យ៉ាងច្រើន​កុះករ​ផងដែរ​។

​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ លោក​អភិបាលរង​ខេត្ត បាន​ផ្ដាំផ្ញើ​ដល់​គណៈ​អភិបាលស្រុក អង្គភាព​ពាក់ព័ន្ធ និង​មន្ត្រីរាជការ​ទាំងអស់​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម ៖
១-ត្រូវ​រួមគ្នា​ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ពង្រឹង​របៀបរបប​ធ្វើ​ការងារ បែងចែក​តួនាទី​ភារកិច្ច​ក្នុង​ជួរ​គណៈ​អភិបាលស្រុក​ឲ្យ​បានច្បាស់លាស់​។​
២-ថែរក្សា​ការពារ និង​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​មូលដ្ឋាន​ឲ្យ​បានល្អ​ប្រសើរ​។
៣-ចូលរួម​សហការ​ការពារ​ដំណើរការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ជាពិសេស​បទ​ល្មើស លួច ប្លន់ គ្រឿងញៀន និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​។​
៤-គ្រប់គ្រង និង​ណែនាំ​ស្មៀនឃុំ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ស្រុក អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​ភារកិច្ច​របស់ខ្លួន​។
៥- បង្កើន​ការរៀបចំ​សណ្ដាប់ធ្នាប់ កែលំអ​សោភ័ណភាព អនាម័យ​បរិស្ថាន​នៅ​ទីប្រជុំជន​ស្រុក​ឲ្យ​បាន​ត្រឹមត្រូវ​។​
៦-ខិតខំ​បង្រួម​ទំនាស់ និង​ពង្រីក​ការដោះស្រាយ​នូវ​រាល់​ទំនាស់​ផ្សេងៗ ដែល​កើតមាន​ក្នុង​មូលដ្ឋាន​របស់​ស្រុក​។​
៧-បន្ត​យកចិត្តទុកដាក់​បម្រើសេវា​សាធារណៈ ឲ្យ​បានល្អ​ស្របតាម​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​។
៨-បន្ត​ទប់ស្កាត់ និង​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់ នូវ​រាល់​សកម្មភាព​រំលោភ​ដី​ចំណីផ្លូវ ចំណី​ទន្លេ ព្រែក និង​ទ្រព្យសម្បត្តិ​សាធារណៈ​ផ្សេងទៀត ទន្ទឹមនេះ​ក្នុងនាម​ជា​មន្ត្រី​សាធារណៈ ក៏ត្រូវ​ជៀសវាង​ឲ្យ​បាន​នូវ​រាល់​សកម្មភាព ដែល​បង្ក​ឲ្យ​មានការ​ថ្នាំងថ្នាក់​ផ្សេងៗ​ផងដែរ​។​

យោង​ប្រកា​ស​លេខ​៨០០៥ ប្រ​.​ក របស់​ក្រសួងមហាផ្ទៃ​
-ត្រូវបានតែងតាំង​លោកស្រី សំ ថា​វី ឋានន្តរសក្ដិ​គ្រូបង្រៀន​កម្រិត​ដើម ​ខ្សែ​ពិសេស ថ្នាក់​លេខ​៦​ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយរៀង​៕​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu