Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន មាន​សុទិដ្ឋិនិយម​ថា ការរៀបចំ​ទិវា​“​ឆ្នាំ​ទេសចរណ៍ និង វប្បធម៌​ចិន​- កម្ពុជា ដំបូង​” នឹង​ក្លាយជា​សក្តានុពល​ថ្មី​ក្នុងការ​ទាក់ទាញ​ទេសចរ​និង​វិនិយោគ​ចិន



​ភ្នំពេញ ​៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេ​ជោ​ហ៊ុន សែន ​មាន​សុទិដ្ឋិនិយម​ថា ការរៀបចំ​ទិវា​“ ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌​ចិន​-​កម្ពុជា​ដំបូង​” ឆ្នាំ​២០១៩ នេះ​នឹង​ក្លាយជា​កាលានុវត្តភាព​ដ៏​ប្រសើរ​ថ្មី​បន្ថែម​ទៀត ក្នុង​ការ​ស្រូប​ទាញ​នូវ​កំណើន​ភ្ញៀវទេសចរ​និង​វិនិយោគ​ចិន​មក​ទស្សនា​និង​បណ្ដាក់ទុន​ធុរកិច្ច​នៅ​កម្ពុជា​កាន់​តែ​ច្រើន​ថែមទៀត ខណៈ​ដែល​ភ្ញៀវទេសចរ​ចិន​បាន​ក្លាយជា​ប្រភព​ទីផ្សារ​ទេសចរណ៍​ឈានមុខ​គេ​ប្រកបដោយ​ថាមភាព​សម្រាប់​ពិភពលោក ក៏ដូចជា​សម្រាប់​កម្ពុជា​ទាំង​នៅពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​បែបនេះ​នៅក្នុង​សារលិខិត​អបអរសាទរ​ការ​ប្រារព្ធ​ទិវា “​ឆ្នាំ​ទេសចរណ៍ និង វប្បធម៌ ចិន​-​កម្ពុជា​ដំបូង​” នៅ​ថ្ងៃទី​៣០ ខែមករា​ឆ្នាំ ២០១៩​នេះ។



នៅក្នុង​សារលិខិត​ដែលមាន​២​ទំព័រ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានបង្ហាញ​នូវ​ក្តី​សោមនស្ស​រីករាយ​ចំពោះ​ការ​ប្រារព្ធ​ទិវា “​ឆ្នាំ​ទេសចរណ៍​និង​វប្បធម៌​ចិន​-​កម្ពុជា​ដំបូង​” និង​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក ឡូ ស៊ូ​កាង រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​វប្បធម៌​ចិន​មកកាន់​ដែនដី​សុវណ្ណ​ភូមិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ក៏បាន​កោតសរសើរ​ចំពោះ​សមិទ្ធផល​ដ៏​អស្ចារ្យ​របស់​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១៨ កន្លង​មក ក្រោម​កិច្ចប្រឹងប្រែង​ប្រកបដោយ​ការ​គិតគូរ​វែងឆ្ងាយ និង​មិន​ចេះ​នឿយហត់​របស់​លោក ស៊ី ជី​ង​ពី​ន ក្នុង​ដំណើរ​ការជំរុញ​ប្រទេស​ចិន​ឲ្យ​បោះជំហាន​ទៅមុខ​រយៈពេល​ដ៏​យូរអង្វែង​ទៅ​អនាគត​ជាពិសេស​កសាង​ប្រទេស​ចិន​ឲ្យ​ក្លាយជា​ប្រទេស​សង្គមនិយម​ទំនើប​ប្រកបដោយ​វិបុលភាព​រឹងមាំ។

សម្តេច​តេ​ជោ​បន្តថា ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​និង​ចិន​មាន​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​ដ៏​ល្អ​ប្រសើរ​និង​មាន​កិច្ច​សហប្រតិបត្តិការ​ដែល​ជិតស្និទ្ធ​ហើយ​កំពុង​រីកចម្រើន​លើ​វិស័យ​នានា​ជាច្រើន។ ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ស្អិតល្មួត​និង​ការផ្លាស់ប្ដូរ​ទស្សនកិច្ច ដ៏​មមាញឹក​គ្រប់​ជាន់ថ្នាក់​ក្នុង​បណ្តា​ឆ្នាំ​ថ្មីៗ​នេះ រួមមាន​កិច្ចប្រជុំ​មេគង្គ​ឡាន​ឆាង​លើក​ទី ២ នៅ​រាជធានី​ភ្នំពេញ វេទិកា​ទេសចរណ៍​កំពូល​លើកដំបូង​រវាង​កម្ពុជា​-​ចិន និង​ការរៀបចំ​ខួប​អនុស្សាវរីយ​លើក​ទី​៦០ នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​កាលពី​ឆ្នាំ​២០១៨ ជាពិសេស​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ខ្ញុំ​ទៅកាន់​រដ្ឋធានី​ប៉េកាំង​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ពង្រឹង​ឲ្យ​កាន់តែ​រឹងមាំ​ខ្លាំងក្លា​ថែមទៀត​នូវ​ស្មារតី​សាមគ្គីភាព​មិត្តភាព​និង​ភាតរភាព​រវាង​ប្រជាជាតិ​ទាំងពីរ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តទៀត​ថា ទេសចរណ៍​និង វប្ប​ធម៌ មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ស្អិតល្មួត​ប្រៀប​បាន​សរសៃអំបោះ​ដែល​បាន​វិញ​បញ្ចូល​គ្នា ដែល​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​នូវ​ភាព​ទាក់ទាញ​និង​ភាព​ប្រកួតប្រជែង​សម្រាប់​តំបន់​ទេសចរណ៍​ក៏ដូចជា​សម្រាប់​ប្រទេសជាតិ​មួយ​។ ជាក់ស្ដែង​វិស័យ​វប្បធម៌​បាន​ដើរ​តួនាទី​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​អភិវឌ្ឍន៍ ជា​ផលិតផល​ទេសចរណ៍​ដែល​អាច​បង្កើត​ជា​ភាព​ទោល​សម្រាប់​តំបន់​មួយ​ទៅ​ប្រទេស​មួយ​នៅក្នុង​ទីផ្សារ​ទេសចរណ៍​ដែល​កំពុងតែ​មានការ​ប្រកួត​ប្រជែង​កាន់តែ​ខ្លាំង​។ ជា​មួយ​គ្នា​នេះ​ដែរ វិស័យ​ទេសចរណ៍​បាន​បង្កើត​នូវ​ប្រភព​ចំណូល និង​ធនធាន​ដែល​អាច​គាំទ្រ និង​ពង្រឹង​ការ​អភិរក្ស​និង​អភិវឌ្ឍ​វប្បធម៌​ក្នុង​យុគសម័យ​នៃ​ភាព​ច្នៃប្រឌិត​និង​សកលភាវូបនីយកម្ម។

ទេសចរណ៍​និង​វប្បធម៌ ក៏​ត្រូវ​បាន​ផ្សារភ្ជាប់​តាមរយៈ​សក្តានុពល​នៃ​កំណើន​នៃ​វិស័យ​ទាំងពីរ​ផងដែរ តែ​ក្នុង​នោះ​ទេសចរណ៍វប្បធម៌​គឺជា​ទីផ្សារ​ទេសចរណ៍​ពិភពលោក​ដែល​មាន​ទំហំ​ធំ​ជាង​គេ​និង​មានការ​កើន​ឡើង​ខ្លាំង​ជាង​គេ ​ហើយ​វប្បធម៌​និង​សិល្បៈ​ច្នៃប្រឌិត​ត្រូវ​បាន​កំពុង​ប្រើប្រាស់​កាន់​តែ​ខ្លាំង​ឡើង​ ដើម្បី​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​នីមួយៗ ការប្រើប្រាស់​និង​ការ​ច្នៃប្រឌិត​វប្បធម៌​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​នៃ​ទីផ្សារ​ទេសចរណ៍​បាននឹងកំពុង​ជំរុញ​ឲ្យ​មាន​ភាព​សំបូរ​បែប​នៃ​អត្តសញ្ញាណ​ក្នុង​តំបន់​និង​លើកស្ទួយ​រូបភាព​នៃ​គោលដៅ​ទេសចរណ៍​នោះ។



សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្ត​ថា ការរៀបចំ​ទិវា “​ឆ្នាំ​ទេសចរណ៍​និង​វប្បធម៌ ចិន​-​កម្ពុជា​ដំបូង​” ព្រម​ជា​មួយ​ដំណើរ​ទស្សនកិច្ច​របស់​លោក ឡូ ស៊ូ​កាង មកកាន់​កម្ពុជា​នា​ពេល​នេះ​នឹង​រួមចំណែក​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​នូវ​ចំណងទាក់ទង​ជា​បងប្អូន​និង​ពង្រីក​វិសាលភាព​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ក្នុង​ក្របខ័ណ្ឌ​“​ខ្សែក្រវាត់​និង​វិថី​”​ដើម្បី​បម្រើ​ផលប្រយោជន៍​ទៅវិញទៅមក​របស់​ប្រជាជន​និង​ទេសចរណ៍​រវាង​ប្រជាជាតិ​ទាំងពីរ​ក្នុងនាម​ជា​អរិយ​ប្រទេស​ដែល​មាន​វប្បធម៌​ដ៏​ចំណាស់​យូរលង់​និង​ឧត្តុង្គឧត្តម​និង​ជា​អ្នកជិតខាង​ល្អ ចេះ​ជួយ​គ្នា​ទៅវិញទៅមក។

សម្តេច​តេ​ជោ​មានប្រសាសន៍ថា «​ក្នុង​ន័យ​នេះ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ការរៀបចំ​ទិវា​“​ឆ្នាំ​ទេសចរណ៍​និង​វប្ប​ធម៌ ចិន​-​កម្ពុជា ដំបូង​”​នេះ នឹង​ក្លាយជា​កាលានុវត្តភាព​ដ៏​ប្រសើរ​ថ្មី​បន្ថែម​ទៀត​ក្នុង​ការ​ស្រូប​ទាញ​នូវ​កំណើន​ភ្ញៀវ​ទេសចរ​និង​វិនិយោគ​ចិន​មក​ទស្សនា​និង​បណ្ដាក់ទុន​ធុរកិច្ច​នៅ​កម្ពុជា​កាន់តែច្រើន​ថែម​ទៀត ខណៈ​ដែល​ភ្ញៀវទេសចរ​ចិន​បាន​ក្លាយជា​ប្រភព​ទីផ្សារ​ទេសចរណ៍​ឈានមុខ​គេ​ប្រកបដោយ​ថាមភាព​សម្រាប់​ពិភពលោក ក៏ដូចជា​សម្រាប់​កម្ពុជា​ទាំង​នៅពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត ជាពិសេស​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍វប្បធម៌​នៅ​កម្ពុជា​ទាំង​បរិមាណ​និង​គុណភាព​និង​សូម​គាំទ្រ​ឲ្យ​មានការ​រៀបចំ​ទិវា​ឆ្នាំ​ទេសចរណ៍​និង​វប្បធម៌ ចិន​-​កម្ពុជា លើក​ទី ២ នៅ​ឆ្នាំ​២០២០ ខាងមុខ​បន្តទៀត។

ជា​ចុងក្រោយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្ត​ថា ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោក ឡូ ស៊ូ​កាង នា​ពេល​នេះ​នឹង​ពង្រឹង​បន្ថែម​នូវ​មូលដ្ឋាន​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ទេសចរណ៍​និង​វប្បធម៌​កាន់តែ​រឹងមាំ​និង​ជិតស្និទ្ធ​ពិសេស​គឺ​ការ​ស្វែងយល់​រវាង​គ្នា​ទៅវិញទៅមក​ឲ្យ​កាន់តែ​ស៊ីជម្រៅ​លើ​ភាព​សម្បូរ​បែប​នៃ​សម្បត្តិ​វប្បធម៌​និង​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu