ភ្នំពេញ ៖ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញភាគី កម្ពុជា-ចិន គប្បីធ្វើយ៉ាងណាឲ្យឆ្នាំទេសចរណ៍និងវប្បធម៌នៃប្រទេសទាំងពីរ ឆ្នាំ២០១៩នេះ ឲ្យមានភាពរស់រវើក ហើយជាងនោះទៅទៀត សូមពិនិត្យមើលទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលមានតាំងពីអតីតកាល ក៏ដូចជាទំនាក់ទំនងដែលមានចរិតជាប្រវត្តិសាស្ត្រ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកបែបនេះ កាលព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចអនុញ្ញាតឲ្យលោក ឡូ ស៊ូកាង(Luo Shugang)រដ្ឋមន្ត្រីក្រសួងវប្បធម៌និងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតចិនចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព។
បើយោងតាមប្រសាសន៍លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុនសែន បានឲ្យដឹងនៅក្រោយជំនួបនោះថា លោក ឡូ ស៊ូកាង បានសម្តែងនូវការអបអរសាទរចំពោះសម្តេចតេជោ ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកន្លងមក។ លោកបានមានប្រសាសន៍ថា ក្នុងជំនួបរវាងសម្ដេចតេជោនាយករដ្ឋមន្ត្រីជាមួយនឹងលោកប្រធានាធិបតី ស៊ី ជិនពីង គឺបានចង្អុលនូវផ្លូវដ៏ត្រឹមត្រូវសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ ដោយឡែកក្នុងជំនួបជាមួយលោក លី ខឺឈាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួននោះគឺអនុវត្តទៅតាមការចង្អុលបង្ហាញដ៏ត្រឹមត្រូវរបស់ប្រធានាធិបតី ស៊ី ជិនពីង។
លោកបានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ដែរថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជាពេលនេះ គឺតាមការអនុញ្ញាតពីលោក ស៊ី ជិនពីង ក៏ដូចជាលោក លី ខឺឈាំង ដើម្បីប្រកាសនូវឆ្នាំវប្បធម៌និងទេសចរណ៍រវាងចិននិងកម្ពុជា។
ក្នុងន័យនេះដែរ ក៏បានគោរពជម្រាបរាយការណ៍ជូនសម្ដេចតេជោ ហ៊ុន សែន ថាលោកបានសហការធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជាដើម្បីរៀបចំនូវសកម្មភាពផ្សេងៗសម្រាប់ឆ្នាំវប្បធម៌និងទេសចរណ៍ឆ្នាំ២០១៩ នេះដែលរួមមានទាំងការរៀបចំឲ្យមានរបាំនិងសកម្មភាពផ្សេងៗទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណនិងក៏សូមសម្ដែងនូវការគាំទ្រចំពោះការរៀបចំរបស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍និង លោកស្រីក្រសួងវប្បធម៌កម្ពុជា សម្ដេចក៏បានចង្អុលបង្ហាញថា គប្បីធ្វើយ៉ាងណាឲ្យឆ្នាំទេសចរណ៍និងវប្បធម៌នៃប្រទេសទាំងពីរឆ្នាំ២០១៩នេះ ឲ្យមានភាពរស់រវើក ហើយជាងនោះទៅទៀត សូមពិនិត្យមើលទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានតាំងពីអតីតកាល ក៏ដូចជាទំនាក់ទំនងដែលមានចរិតជាប្រវត្តិសាស្ត្រ។
គួររំលឹកជូនថា លោក ឡូ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌និងទេសចរណ៍ចិនកាលពីថ្ងៃទី២៩ ខែមករា បានជួបពិភាក្សាការងារជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។ ក្នុងជំនួបនោះលោក ថោង ខុន បានបង្ហាញពីយុទ្ធសាស្ត្រមួយចំនួនក្នុងការទាក់ទាញភ្ញៀវទេសចរចិន ជម្រាបដល់លោក ឡូ ស៊ូកាង ព្រមទាំងបានលើកឡើងនូវចំណុចគន្លឹះមួយចំនួន ដើម្បីបង្កើនទេសចរចិនមកកម្ពុជា។
ក្នុងជំនួបនោះ លោក ថោង ខុន បានឲ្យដឹងថា ដើម្បីធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ស្អាត បៃតង និងសេវាប្រកបដោយគុណភាព និងដើម្បីទាក់ទាញទេសចរអន្តរជាតិ ពិសេសទេសចរចិនមកកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ក្រសួងទេសចរណ៍បានដាក់ចេញនូវយុទ្ធសាស្ត្រ ៤ចំណុច៖ ទី១-បង្កើតផលិតផលទេសចរណ៍ថ្មីប្រកបដោយការច្នៃប្រឌិតនិងនវានុវត្តន៍ (Creative & Innovative) តាមរយៈការទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍ ។ ទី២-ពង្រឹងគុណភាពផលិតផលនិងសេវាកម្មទេសចរណ៍តាមរយៈយុទ្ធនាការ «សេវាមួយស្តង់ដារមួយ»និង«បុគ្គលិកម្នាក់ ជំនាញមួយ»។ទី៣-ពង្រឹងការឃោសនាផ្សព្វផ្សាយទេសចរណ៍ឲ្យកាន់តែខ្លាំងតាមរបៀប Traditional Marketing, Digital Marketing, E-Marketing។ទី៤-ការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍តាមប្រព័ន្ធ Online (Smart Tourism)។
នៅឆ្នាំ២០១៨ ក្រសួងទេសចរណ៍បានចូលរួមក្នុងសន្និសីទនិងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍អន្តរជាតិធំៗ ចំនួន៦លើកនៅប្រទេសចិន។ ទន្ទឹមនឹងនេះនៅឆ្នាំ២០១៨ ក៏មានសកម្មភាព និងព្រឹត្តិការណ៍ជាច្រើនទៀតរបស់ភាគីចិន(ដឹកនាំដោយអភិបាល ឬអភិបាលរងខេត្តរបស់ចិន) មកផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ចិននៅកម្ពុជាផងដែរ។
តាមតួលេខក្រសួងទេសចរណ៍បានឲ្យដឹងថា ឆ្នាំ២០១៧ ទេសចរអន្តរជាតិសរុបមក ទស្សនាកម្ពុជាមាន ៥,៦លាននាក់ កើនឡើង ១១.៨% ក្នុងនោះទេសចរចិន មានចំនួនជាង ១,២លាននាក់ (២១.៦% នៃចំនួនទេសចរសរុប) កើនឡើង៤៥.៩%។ ឆ្នាំ២០១៨ ទេសចរអន្តរជាតិសរុបមកទស្សនាកម្ពុជាមានប្រមាណ ៦,២លាននាក់ កើនឡើងប្រមាណ១១% ក្នុងនោះទេសចរចិនមានប្រមាណ២លាននាក់ (៣០,៦ %នៃចំនួនទេសចរសរុប)កើនឡើង៧០%។ ទេសចរចិនមកកម្ពុជាស្ថិតក្នុងលំដាប់លេខ១ ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ក្នុងចំណោមទីផ្សារធំៗទាំង១០។
កម្ពុជាសង្ឃឹមថា ឆ្នាំ២០២០ កម្ពុជាអាចនឹងទទួលទេសចរចិនបាន ៣លាននាក់ ក្នុងចំនួនទេសចរបរទេសសរុប ៧លាននាក់។ ឆ្នាំ២០២៥ កម្ពុជាអាចនឹងទទួលទេសចរចិនបាន ៥លាននាក់ ក្នុងចំនួនទេសចរសរុបប្រមាណ១១លាននាក់។ ឆ្នាំ២០៣០ កម្ពុជាអាចនឹងទទួលទេសចរចិនបាន ៨លាននាក់ ក្នុងចំនួនទេសចរសរុបប្រមាណ ១៥លាននាក់។
លោក ឡូ ស៊ូកាង និងគណៈប្រតិភូចិន បានបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាមាន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៧-៣១ ខែមករា ដែលជាដំណើរទស្សនកិច្ចមួយបន្ទាប់ពីទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២០ ដល់ ២៣ មករា។ ដំណើរទស្សនកិច្ចនេះ ត្រូវបានលោក ឡូ ស៊ូកាង អះអាងថាគឺដើម្បីពង្រឹងឆ្នាំទេសចរណ៍ និង វប្បធម៌ រវាងប្រទេសទាំងពីរ កម្ពុជា*ចិន នៅក្នុងឆ្នាំ ២០១៩ នេះ៕
Source: Kampuchea Thmey Daily
0 Comments