Ad Code

រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ នឹង​ធ្វើ​ការស្រាវជ្រាវ​អំពី​សិល្បៈ​ម៉ូត​សក់​អប្សរា​នៅ​កម្ពុជា​



ភ្នំពេញ ៖ ​រាជបណ្ឌិត្យសភាកម្ពុជា​ នឹងធ្វើ​ការស្រាវជ្រាវ​អំពី​សិល្បៈ​ម៉ូត​សក់​អប្សរា​នៅ​កម្ពុជា ដែល​ការសិក្សា​នេះ​ នឹង​ដកស្រង់​ចេញពី​ចម្លាក់​អប្សរា​ ដែល​មាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ផ្តិត​យក​រូបភាព​អប្សរា​ទាំង​នោះ​មក​ទុក​នៅ​ក្នុង​សារមន្ទីរ​មួយ​នៅ​ថ្ងៃ​អនាគត​។​

លោក​បណ្ឌិត​សភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ​បានលើកឡើង​ឲ្យ​ដឹង​នៅក្នុង​ពិធី​បាឋកថា​ស្តីពី​” ការរកឃើញ​នៃ​តម្លៃ​វប្បធម៌​អាស៊ីអាគ្នេយ៍​”​ដែល​រៀបចំឡើង​នៅ​រាជ​បណ្ឌិត្យសភាកម្ពុជា​កា​លពី​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០១៩ ។​



នៅក្នុង​ពិធី​នេះ​ត្រូវបានធ្វើ​បទ​បង្ហាញ​ដោយ​លោក​បណ្ឌិត Kim Jae Youl ដែលជា​ទីប្រឹក្សា​នៃ​ក្រុមហ៊ុន S.K. នៃ​ប្រទេស​កូរ៉េខាងត្បូង និង​ជាទី​ប្រឹក្សា​រាជបណ្ឌិត្យសភាកម្ពុជា ខណៈ ដែល​លោក​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​រាជបណ្ឌិត្យសភាកម្ពុជា ដើម្បី​ស្វែងយល់​អំពី​ការវិវឌ្ឍ​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា​។​

លោក​បណ្ឌិត Kim Jae Youl​មាន​ជំនាញ​ឯកទេស​ទស្សន​វិទ្យា​ដោយសារតែ​មានការ​ស្រលាញ់​នូវ​សិល្បៈ​វប្បធម៌​ខ្មែរ និង​ការ​កោត​ស្ញប់ស្ញែង​ពី​អច្ឆរិយៈ​អង្គរ ទើប​ជំរុញ​ឲ្យ​រូបលោក​បានមក​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៩​ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ជាពិសេស​ទាក់ទង​ទៅនឹង​ប្រាសាទអង្គរវត្ត និង​ប្រជាជន​ខ្មែរ​ដែលមាន​វប្បធម៌​ដ៏​មាន​តម្លៃ ជា​មរតក​ដ៏​វិសេសវិសាល​មិនអាច​កាត់ថ្លៃ​បាន​និង​មាន​ភាពល្បីល្បាញ​។​

លើសពីនេះ លោក​បណ្ឌិត Kim Jae Youl បាន​ជួយ​ជ្រោមជ្រែង​ឱ្យមាន​ការបង្កើត​មជ្ឈមណ្ឌល​សិក្សា​កម្ពុជា​នៅក្នុង​សាកលវិទ្យាល័យ​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​សម្រួល​ឱ្យ​និស្សិត​ចិន និង​និស្សិត​បរទេស អាច​សិក្សា​ភាសា​ខ្មែរ និង​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​នៅ​ទីនោះ​ថែមទៀត​។​

នៅក្នុង​ពិធី​នោះដែរ លោក​បណ្ឌិតសភា​ចា​រ្យ​សុខ​ទូច ក៏បាន​គូសបញ្ជាក់​ឲ្យ​ដឹង​បន្ថែមថា ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ខែមីនា ឆ្នាំ​២០១៩ ខាងមុខនេះ​ដើម្បី​រឹតចំណង​មិត្តភាព​ជាមួយ​កម្ពុជា ក្រោម​អធិបតីភាព​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​នោះ​ក៏​នឹងមាន​កិច្ចសហប្រតិបត្តិការ​ផ្នែក​ស្រាវជ្រាវ ជាមួយ​សាធារណរដ្ឋ កូរ៉េ​ផងដែរ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu