ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសកាលពីថ្ងៃពុធអំពីការបញ្ចប់ការស៊ើបអង្កេតប្រឆាំងអំពើពុករលួយទម្រង់ខ្ពស់មួយដែលបានបង្កើនប្រាក់កម្រៃរដ្ឋជាង១០០ពាន់លានដុល្លារនិងបានឃុំខ្លួនមនុស្សរាប់សិបនាក់។
ការបង្ក្រាបលើអំពើពុករលួយដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៧បាននាំឲ្យព្រះអង្គម្ចាស់ រដ្ឋមន្ត្រីនិងអ្នកជំនួញរាប់រយនាក់ត្រូវជាប់ឃុំនៅក្នុងសណ្ឋាគារប្រណីត Ritz-Carlton ក្នុងរាជធានីរីយ៉ាដរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
មនុស្សមួយចំនួនត្រូវបានឃុំខ្លួនអស់រយៈពេលជាច្រើនសប្តាហ៍នៅក្នុងសណ្ឋាគារមួយនេះប៉ុន្តែភាគច្រើនត្រូវបានដោះលែងវិញបន្ទាប់ពីបានយល់ព្រមលើការទូទាត់ហិរញ្ញវត្ថុដ៏សំខាន់។
យោងតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារព័ត៌មាន Saudi Press Agency (SPA) បានឲ្យដឹងថា ការស៊ើបអង្កេតអំពើពុករលួយបានបញ្ចប់កាលពីថ្ងៃពុធដោយមានការយល់ព្រមពីព្រះមហាក្សត្រ Salman។
សេចក្ដីថ្លែងការណ៍បាននិយាយថា “ព្រះរាជអាជ្ញាសាធារណៈបានបដិសេធដោះស្រាយសំណុំរឿងរបស់បុគ្គលចំនួន៥៦នាក់ដោយសារតែមានការចោទប្រកាន់ពីបទព្រហ្មទណ្ឌប្រឆាំងនឹងពួកគេរួចទៅហើយ”។
ករណីរបស់មនុស្សចំនួនប្រាំបីនាក់បន្ថែមទៀតត្រូវបានបញ្ជូនទៅព្រះរាជអាជ្ញាសាធារណៈបន្ទាប់ពីពួកគេបានបដិសេធឈានដល់ការដោះស្រាយ។
SPA បានរាយការណ៍ថា “ដំណោះស្រាយត្រូវបានធ្វើឡើងជាមួយមនុស្សចំនួន៨៧នាក់បន្ទាប់ពីការឆ្លើយសារភាពរបស់ពួកគេចំពោះការចោទប្រកាន់ប្រឆាំងនឹងពួកគេ”។
ក្នុងអំឡុងពេលនៃការស៊ើបអង្កេត ទឹកប្រាក់ជាង៤០០ពាន់លានរីយ៉ាល់អារ៉ាប៊ីសាអ៊ូឌីត (១០៧ពាន់លានដុល្លារ) ត្រូវបានរកឃើញដោយរដ្ឋនៅក្នុងទម្រង់អចលនទ្រព្យ ក្រុមហ៊ុន សាច់ប្រាក់និងទ្រព្យសម្បត្តិផ្សេងទៀត។
តួលេខនេះគឺដូចគ្នាទៅនឹងការប្រកាសកាលពីឆ្នាំមុនដោយអគ្គរាជអាជ្ញាដែលនៅពេលនោះបាននិយាយថា ជនសង្ស័យចំនួន៥៦នាក់នៅតែកំពុងស្ថិតក្នុងការឃុំឃាំង៕ AFP
Source: Kampuchea Thmey Daily
0 Comments