ភ្នំពេញ ៖ ពិធីបុណ្យគម្រប់ខួប៧ថ្ងៃ នៃសពរបស់តារាចម្រៀងស្រី កញ្ញា ខេមរៈ ស្រីពៅ ដែលត្រូវជាប្អូនប្រុសបង្កើតកំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត បានរៀបចំធ្វើឡើង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីនាងបានទទួលមរណភាព កាលពីរសៀលថ្ងៃទី២៥ ខែមករា ស្ថិតនៅប្រទេសឥណ្ឌា ដោយសារបញ្ហាជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ។
ជាការកត់សម្គាល់ សម្រាប់ទិដ្ឋភាពរួម នៃពិធីបុណ្យគម្រប់ខួប៧ថ្ងៃរបស់ កញ្ញា ខេមរៈ ស្រីពៅ ដែលបានប្រព្រឹត្តិធ្វើឡើងនៅគេហដ្ឋានរបស់ លោក ខេមរៈ សិរិមន្ត ចាប់តាំងពីរសៀល រហូតមកទល់ពេលយប់ គេសង្កេតឃើញមានមហាជនអ្នកគាំទ្រ រួមទាំងតារាសិល្បៈល្បីៗជាច្រើន បានបង្ហាញវត្តមានចូលរួមដោយទឹកមុខក្រៀមក្រំ និងសោកស្ដាយ ជាទីបំផុត នូវការបាត់បង់អ្នកសិល្បៈវ័យក្មេង(ខេមរៈ ស្រីពៅ) ដ៏គំរូល្អរូបនេះ។
ចំពោះវត្តមានតារាសិល្បៈល្បីៗដែលចូលរួមពិធីបុណ្យសព កញ្ញា ខេមរៈ ស្រីពៅ រួមមាន ៖ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ,កញ្ញា ឱក សុគន្ធកញ្ញា ,អ្នកនាង សុគន្ធ នីសា ,កញ្ញា ទេព បូព្រឹក្ស ,លោក G-devith ,លោក ខេម ,លោក ជុំ លីណូ , មាស សាលី រួមជាមួយតារាប្រុស-ស្រីល្បីៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះ ក៏មានមហាជន និងអ្នកគាំទ្រ កញ្ញា ខេមរៈ ស្រីពៅ យ៉ាងច្រើនកុះករទៀតផងដែរ។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ដំណឹង នៃការស្លាប់របស់តារាចម្រៀង កញ្ញា ខេមរៈ ស្រីពៅ គឺនៅតែបន្តស្ថិតក្នុងភាពសោកសៅ និងក្រៀមក្រំបំផុត សម្រាប់ក្រុមគ្រួសារ និងមហាជនគ្រប់ស្រទាប់វ័យ ខណៈដែលសពរបស់នាង ក៏ត្រូវបានបូជារួចរាល់មកហើយ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅវត្តសំរោងអណ្តែត។ កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាពក្នុងអាយុ២៨ឆ្នាំ បន្ទាប់តារាស្រីរូបនេះ បានធ្លាក់ខ្លួនឈឺ និងអវត្តមានពីសិល្បៈមានរយៈពេល៤ឆ្នាំ៕
Source: Kampuchea Thmey Daily
0 Comments