ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានចាត់ទុកសេវាចារកម្មរបស់គាត់ថា “ល្ងង់ខ្លៅ” លើបញ្ហាប្រទេសអ៊ីរ៉ង់ហើយត្រូវទៅរៀនសូត្រឡើងវិញស្របពេលមានជម្លោះកាន់តែជ្រៅនិងមិនធម្មតាកាលពីថ្ងៃពុធ។
ការរិះគន់នៅលើTwitterនេះគឺជាការឆ្លើយតបទៅនឹងការច្រានចោលរបស់សហគមន៍ស៊ើបការណ៍សម្ងាត់ចំពោះការអះអាងអំពីគោលនយោបាយការបរទេសមួយចំនួនរបស់លោក Trump។
ដោយទទូចថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅតែមានគ្រោះថ្នាក់នោះ, លោក Trump បាននិយាយថា ទីប្រឹក្សាចារកម្មរបស់គាត់គួរតែមានភាពប្រាកដនិយមជាងនេះបន្ទាប់ពួកគេជឿជាក់ថា ទីក្រុងតេរ៉ង់គោរពតាមការប្តេជ្ញាចិត្តជាអន្តរជាតិដើម្បីទប់ស្កាត់មហិច្ឆិតាអាវុធនុយក្លេអ៊ែរ។
លោក Trump បានបង្ហោះ Twitter ថា “ចារកម្មហាក់ដូចជាមានភាពអសកម្មនិងភាពឆោតល្ងង់យ៉ាងខ្លាំងនៅពេលនិយាយអំពីគ្រោះថ្នាក់របស់ប្រទេសអ៊ីរ៉ង់។ ពួកគេខុសហើយ។ ប្រហែលជាចារកម្មគួរតែត្រលប់ទៅសាលារៀនវិញ!”។
លោក Trump ក៏បានអួតអាងផងដែរនូវអ្វីដែលលោកនិយាយថាជាជោគជ័យរបស់លោកនៅក្នុងប្រទេសស៊ីរីដែលជាកន្លែងលោកបានធ្វើឲ្យសម្ព័ន្ធមិត្តភ្ញាក់ផ្អើលដោយការប្រកាសដកកងទ័ពអាមេរិកយ៉ាងឆាប់រហ័សនិងអំពីបញ្ហាកូរ៉េខាងជើងដែលលោកជឿជាក់ថា លោកអាចបញ្ចុះបញ្ចូលមេដឹកនាំផ្តាច់ការគីមជុងអ៊ុនឲ្យបោះបង់អាវុធនុយក្លេអ៊ែរបាន។
នៅក្នុងការផ្តល់សក្ខីកម្មសភាកាលពីថ្ងៃអង្គារ ប្រធានចារកម្មកំពូលរបស់ប្រទេសបានជំទាស់នឹងគោលជំហរទាំងនោះ។
នេះមិនមែនជាលើកទីមួយទេដែលលោក Trump បានដាក់ការសង្ស័យជាសាធារណៈលើអ្នកជំនាញសន្តិសុខជាតិរបស់លោក។ ប៉ុន្តែការឆ្លើយតបរបស់លោកកាលពីថ្ងៃពុធបានបង្ហាញពីការបែកបាក់គ្នាយ៉ាងជ្រាលជ្រៅ។
ស្របពេលជាមួយគ្នានោះដែរ មានប្រតិកម្មយ៉ាងឆាប់រហ័សពីគូប្រជែងបក្សប្រជាធិបតេយ្យ។
លោក Adam Schiff ដែលជាប្រធានគណៈកម្មាធិការចារកម្មនៅសភាតំណាងរាស្ដ្របាននិយាយថា ការច្រានចោលរបស់លោក Trump សម្រាប់ដំបូន្មានពីមន្ត្រីរបស់លោកគឺមានគ្រោះថ្នាក់ខ្លាំងណាស់។
ចំណែកសមាជិកព្រឹទ្ធសភាលោក Mark Warner ដែលជាអនុប្រធានគណៈកម្មាធិការចារកម្មរបស់សភាជាន់ខ្ពស់បានបង្ហោះ Twitter ថា “ប្រធានាធិបតីមានទម្លាប់គ្រោះថ្នាក់ក្នុងការធ្វើឲ្យប៉ះពាល់ដល់សហគមន៍ស៊ើបការណ៍ដើម្បីសម្របទៅនឹងការពិតរបស់គាត់”៕ AFP
Source: Kampuchea Thmey Daily
0 Comments